Tuesday, January 09, 2018

សាខាកាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ ប្រគល់ផ្ទះ​មនុស្សធម៌ទី៤០​ និងទី៤១​ ដល់គ្រួសារ​ទីទ័លក្រ​ ចំនួន២​គ្រួសារ​

សៀមរាប៖ លំនៅដ្ឋានចំនួន២ខ្នង មានទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ក្រាលក្ដារ ជញ្ជាំងក្ដារ តម្កល់លើជើងតាង កម្ពស់១,៨០ម៉ែត្រ ដែលជាអំណោយសប្បុរសធម៌របស់លោកស្រី អាណា សមាជិកកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់តាមរយៈគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ហើយត្រូវបាន ប្រគល់ជូនគ្រួសារទីទ័លក្រចំនួន២គ្រួសារ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨។

ក្នុងនោះផ្ទះមនុស្សធម៌ទី៤០ ត្រូវបានប្រគល់ជូនគ្រួសារប្អូនប្រុស លៀម ពិសិដ្ឋ អាយុ៤៧ឆ្នាំ និងភរិយាឈ្មោះ មិន ពៅ អាយុ៤៣ឆ្នាំ ជាគ្រួសារទីទ័លក្រ រស់នៅជាមួយមេរោគអេដស៍ បច្ចុប្បន្នធ្វើជាកម្មករទ្រទ្រង់ជីវភាពគ្រួសារ រស់នៅភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ ផ្ទះមនុស្សធម៌ទី ៤១ ត្រូវបានប្រគល់ជូនគ្រួសារប្អូនស្រី តង នួន អាយុ៣៣ឆ្នាំ ជាស្ត្រីមេម៉ាយទីទ័លក្រ មានកូនតូច៥នាក់ បច្ចុប្បន្នដើរស៊ីឈ្នួលគេដើម្បីទ្រទ្រង់ជីវគ្រួសារ រស់នៅភូមិទឹកវិល សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប។

ពិធីនេះបានប្រព្រឹត្តទៅ ក្រោមវត្តមានអញ្ជើញចូលរួមពីលោកស្រី គួយ ណាលីន ឃឹមប៊ុន សុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី រួមទាំងអនុសាខាក្រុង ស្រុក អាជ្ញាធរមូលដ្ឋានផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ឃឹម ប៊ុន សុង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

នាឱកាសនោះ លោកស្រីក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍សូមកុំឲ្យអស់ក្តីសង្ឃឹម ព្រោះជម្ងឺអេដស៍នាពេលបច្ចុប្បន្ន យើងមានថ្នាំប្រឆាំង ឱ្យតែបងប្អូនគោរពឲ្យបានទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងថែរក្សាសុខភាពខ្លួនឱ្យបានល្អ នោះយើងនឹងអាចរស់រានដូចពលរដ្ឋទូរទៅដែរ។

លោកស្រីក៏បានបញ្ជាក់ថា ដោយមើលឃើញពីទុក្ខលំបាក របស់ក្រុមគ្រួសាររបស់ប្អូនប្រុស លៀម ពិសិដ្ឋ ជាគ្រួសារទីទ័លក្ររស់នៅជាមួយមេរោគអេដស៍ បច្ចុប្បន្នធ្វើជាកម្មករទ្រទ្រង់ជីវភាពគ្រួសារ និងគ្រួសារប្អូនស្រី តង នួន ជាស្ត្រីមេម៉ាយទីទ័លក្រ មានកូនតូច៥នាក់ បច្ចុប្បន្នដើរស៊ីឈ្នួលគេ ដើម្បីទ្រទ្រង់ជីវគ្រួសារនេះហើយ ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សម្រេចសាងសង់ផ្ទះជូនគ្រួសារទាំងពីរនាពេលនេះ។

លោកស្រី គួយ ណាលីន បានបញ្ជាក់ទៀតថា នេះជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបរបស់ប្រមុខរាជរដ្ឋាភិបាល ពីសំណាក់ថ្នាក់ដឹកនាំ សំខាន់កាកបាទក្រហមកម្ពុជា ដូចដែលប្រធានបទបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លើសពីនោះ លោកស្រីក៏បានធ្វើការសំណូមពូរដល់គ្រួសារទាំងពីរឲ្យចេះថែរក្សាលំនៅដ្ឋានថ្មី និងសុខភាពរបស់ខ្លួន ហើយកុំអស់សង្ឃឹមក្នុងជីវិត ត្រូវមានការតស៊ូឡើង ព្រមទាំងធ្វើការដាំដុះដំណាំរួមផំ្ស ក្នុងការទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារផងដែរ។ បន្ថែមពីនោះ ក្នុងរដូវរំហើយនេះ លោកស្រី គួយណាលីន ឃឹម ប៊ុនសុង ក៏បានធ្វើការក្រើនរំលឹកបងប្អូនឲ្យថែរក្សានូវសុខភាព ជាពិសេសបញ្ហាភ្លើងផ្សែង ដោយរដូវប្រាំងបានចូលមកដល់ ដែលធ្វើឲ្យ ងាយរងនូវគ្រោះមហន្តរាយផ្សេងៗ។

លោកស្រីក៏បានសង្កត់ធ្ងន់ចំពោះ បញ្ហាសុខភាពមាតា ទារក និងស្ត្រីមានផ្ទៃពោះ ក៏ដូចប្រជាពលរដ្ឋទូទៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខភាព ដោយងាយទទួលរងជម្ងឺផ្សេងៗ តែបើមានជម្ងឺត្រូវប្រញាប់នាំកូនចៅ ទៅកាន់មណ្ឌលសុខភាពដែលនៅជិតបងប្អូនក្នុងការសង្រ្គោះអាយុជីវិត និងត្រូវហូបស្អាត ផឹកស្អាត មានអនាម័យល្អ ក្នុងការកាត់បន្ថយការចំណាយថវិកាក្នុងក្រុមគ្រួសារទៀតផង។

ការប្រគល់លំនៅដ្ឋាននាពេលនេះផងដែរ គឺជាការជួយសម្រួលដល់ការរស់នៅរបស់ក្រុមគ្រួសារក្រីក្ររបស់ប្អូនទាំងពីរគ្រួសារ ឲ្យមានជម្រករស់នៅប្រកបដោយភាពកក់ក្តៅ ហើយក៏ជាការលើកកម្ពស់សុវត្ថិភាព សុខមាលភាព របស់ប្រជាពលរដ្ឋ សំខាន់កុមារដែលជាទំពាំងស្នងឫសី្សនៃសង្គមជាតិ និងសូមឲ្យកូនៗរបស់ប្អូនបានចូលសិក្សារៀនសូត្រផងដែរ ។
សម្ភារៈសង្កត់ផ្ទះនាពេលនោះក្នុងមួយផ្ទះទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី និងប្រតិភូ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ដែលបានសាងសង់សម្រេចរួចរាល់ជាស្ថាពរ ហើយនៅតែខ្លោងទ្វារទេ ដែលគ្រោងបើកសម្ពាធដាក់ឲ្យដំណើរការនាពេលខាងមុខឆាប់ៗនេះផងដែរ៕




No comments:

Post a Comment