Thursday, July 27, 2017

រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ានជំនាន់ទី១៥ នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំ​ណាងខ្ពង់ខ្ពស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រ​គល់វិញ្ញាបនបត្រវិជ្ជាជីវៈក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ាន ជំនាន់ទី១៥ ឆ្នាំសិក្សា២០១៦-២០១៧ ដោយ​មានការចូលរួមជាអធិបតីផងដែរពីលោក ពេជ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ ព្រមទាំងតំណាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីឯកជន និងសិស្ស និសិ្សតប្រមាណ ៤០​០ នាក់ នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល។

សូមជម្រាបផងដែរថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ត្រូវបានទទួលស្គា​ល់​ដោយក្រសួងទេសចរណ៍ និងគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន ជាសាលាដែលបណ្តុះបណ្តាលជំនាញទេសចរណ៍ក្រប ខ័ណ្ឌគុណវុឌ្ឍិអាស៊ាន ស្របតាមស្មា​រតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ( MRA)។

បច្ចុប្បន្ន សាលាកំពុងធ្វើការបណ្តុះបណ្តាលជំនាញទេសចរណ៍អាស៊ានកម្រិតវិញ្ញាបនបត្រ ២ (ASEAN Certificate  II) ស្របតាមផែនការយុទ្ធសាស្រ្តអាស៊ាន និងផែនការយុទ្ធសាស្រ្តអ​ភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ របស់ក្រសួងទេសចរណ៍។ រហូត​ មកដល់បច្ចុប្បន្នសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយ ប្រ៊ូល បានធ្វើការបណ្តុះបណ្តាលយុវជន យុវនារីកម្ពុជាប្រមាណ ៣០០០នាក់ ដែលសិស្ស និស្សិតប្រមាណ ៩០% កំពុងបម្រីការងារក្នុងវិស័យទេសចរណ៍ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់ ព្រមទាំងទ​ទួ​លបានមេដាយឆ្នើម (Medallion of Excellence) លើជំនាញចុងភៅក្នុងកម្មវិធីប្រកួតជំនាញអាស៊ានឆ្នាំ ២០១៤។ ជាមួយគ្នានេះដែរ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយ ប្រ៊ូល ត្រូវបានក្រសួងទេស​ចរណ៍ទួលស្គាល់ជាមជ្ឈមណ្ឌលវាយតម្លៃ (Assessment Center) ដែលនឹងត្រូវរៀបចំការវាយតម្លៃជំនាញអាស៊ានចាប់ពីខែកញ្ញា ឆ្នាំ២០១៧នេះតទៅ។

លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រដល់សិ​ស្សា​នុសិស្សជ័យលាភីចំនួន ៣១៤រូប ផ្នែកការីទេសចរណ៍ ការិយាល័យជួរមុខ គេហកិច្ច ចុងភៅ និ​ង​ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ ក្រសួងទេសចរណ៍ នឹងបញ្ជូនឈ្មោះសិស្ស និ​ស្សិ​តជ័យលាភីទាំងនេះ ទៅលេខាធិការដ្ឋានអាស៊ាន ដើម្បីចុះបញ្ជីក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំ​នាញទេ​សចរណ៍អាស៊ាន (www.atprs.org ) និងបានការទទួលស្គាល់វិញ្ញាបនបត្រដោយសមាជិកអាស៊ានដទៃទៀត ព្រមទាំងអាចមានលទ្ធភាពបម្លាស់ទីការងារស្របតាមយន្តការនៃកិច្ចព្រមព្រៀង MRA។

សូមរម្លឹកថា ត្រឹមឆ្នាំ២០១៦ កម្ពុជាមានអ្នកជំនាញទេសចរណ៍ ជាយុវជនក្មេងៗ ជាង ៨០០រូបរួចហើយ ដែលបានចុះបញ្ជី។ សម្រាប់សិស្សជំនាន់មុនៗ ដែលមិនបានឆ្លងកាត់កម្មវិធីអាស៊ាន ក្រសួងទេសចរណ៍ នឹងរៀបចំធ្វើសមមូលភាព នៅខែកញ្ញាខាងមុខ៕






No comments:

Post a Comment