Thursday, July 27, 2017

ចិនជំរុញ​ឱ្យអាស៊ាន​ច្រានចោល​ការជ្រៀត​ជ្រែក​ពីខាងក្រៅ​

រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បាននិយាយថា ទំនាក់ទំនងល្អរវាងចិន និងហ្វីលីពីនបានជួយធ្វើឱ្យប្រាកដថា មានស្ថិរភាពនៅសមុទ្រចិនខាងត្បូង ជាទីកន្លែងដែលមានគូប្រជែងទាមទារថា ជាចំណុចរសើបផ្នែកវិស័យយោធានៅក្នុងតំបន់អាស៊ី។​

កាលពីថ្ងៃអង្គារក្រុងប៉េកាំង បានជំរុញឱ្យបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ឱ្យរួបរួមគ្នា ហើយបដិសេធចំពោះកម្លាំងពីខាងក្រៅ ដែលស្វះស្វែងក្នុងការជ្រៀតជ្រែកនៅក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង នៅក្នុងស្ថានភាពជាការវាយបកទៅលើអាមេរិកមុនពេលកិច្ចប្រជុំកំពូលក្នុងតំបន់កើតមានឡើង។

រដ្ឋមន្ត្រីការបរទេសរូបនេះបានធ្វើសេចក្តីថ្លែងការណ៍នៅទីក្រុងម៉ានីល ដែលលោកបានសាទរនូវ «ជំហានដ៏រឹងមាំ» ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយហ្វីលីពីន ដែលជា  សម្ព័ន្ធមិត្តយូរអង្វែងរបស់អាមេរិក ហើយថ្មីៗនេះបានងាកកាន់តែជិតទៅរកចិនក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Rodrigo Duterte ។

ដំណើរទស្សនកិច្ចរបស់លោក Wang បានកើតឡើងមួយសប្តាហ៍ មុនពេលគាត់នឹង       ត្រឡប់ទៅទីក្រុងម៉ានីល ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមកពីអាស៊ាន និងភាគីរបស់ខ្លួនដែលរួមមានប្រទេសចិន និងអាមេរិក។

លោក Wang បានប្រាប់អ្នកយកព័ត៌មានថា «ប្រសិនជានៅតែមានកងកម្លាំងមិននៅក្នុងតំបន់ ឬកម្លាំងនៅក្នុងតំបន់ក្តីដែលមិនចង់ឃើញស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ហើយពួកគេនៅតែចង់កកូរកកាយបង្ករឿងនៅក្នុងសមុទ្រចិនខាងត្បូងនោះ យើងត្រូវតែរួបរួមគ្នា ហើយបដិសេធទៅកាន់ពួកគេ» ។

លោក Duterte បាននិយាយបន្ធូរស្ថានការអំពីជម្លោះរបស់ហ្វីលីពីនជាមួយចិន ហើយបដិសេធការប្រើប្រាស់នៃការវិនិច្ឆ័យរបស់តុលាការអង្គការសហប្រជាជាតិកាលពីឆ្នាំទៅ ដើម្បីធ្វើជាបញ្ហាដាក់សម្ពាធលើក្រុងប៉េកាំង។

លោក Duterte បាននិយាយថា ការធ្វើឱ្យទំនាក់ទំនងកាន់តែល្អជាមួយប្រទេសចិន បន្ទាប់ពីភាពតានតឹងអស់រយៈពេលប្រាំមួយឆ្នាំមកនោះ ក្រោមការដឹកនាំរបស់ប្រធានាធិបតីមុន នឹងទទួលបានផលចំណេញរាប់លានដុល្លារជាការសន្យាជាមួយនឹងការវិនិយោគ និងជំនួយរបស់ចិន។

លោក Duterte បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហ្វីលីពីន និងចិនកំពុងតែពិភាក្សាគ្នាស្តីពីការរុករករ៉ែរួមគ្នានៅក្នុងសមុទ្រនេះ ដែលត្រូវបានគេជឿថា មានធនធានប្រេង និងឧស្ម័នដ៏ច្រើនក្រាស់ក្រែល។

លោក Wang បាននិយាយកាលពីថ្ងៃអង្គារថា ចិនសន្យាផ្តល់ប្រាក់ចំនួន ៣ លានដុល្លារអាមេរិក ដើម្បីជួយស្តារឡើងវិញនូវប៉ែកខាងត្បូងទីក្រុងម៉ារ៉ាវីរបស់ប្រទេសហ្វីលីពីន ដែលហែកហួរដោយសង្រ្គាម ជាទីក្រុងដែលមានទាហានអាមេរិកជួយគាំទ្រ ដើម្បីកម្ចាត់ចេញពួកឧទ្ទាមដែលគាំទ្រឱ្យមានការបំបែករដ្ឋអ៊ីស្លាម៕

ប្រភព: AFP ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧


No comments:

Post a Comment