Thursday, July 27, 2017

អភិបាលខេត្តឧត្តរមានជ័យ​ ចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​ តាមបណ្តា​ឃុំនានា​ក្នុងស្រុក​អន្លង់វែង​ និងត្រពាំង​ប្រាសាទ​

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី រួមជាមួយប្រធានក្រុមប្រឹក្សាខេត្ត និងកងកម្លាំងមានសមត្ថកិច្ច បានចុះទៅពិនិត្យស្ថានភាពទឹកជំនន់នៅតាមបណ្តាឃុំនានាក្នុងស្រុកអន្លង់វែង និងស្រុក ត្រពាំងប្រាសាទ។

ក្នុងឱកាសនោះដែរ អភិបាលខេត្តឧត្តរមានជ័យ ក៏បានចុះទៅសួរសុខទុកប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីចង់ដឹងពីស្ថានភាពលំបាករបស់ពួកគាត់ បន្ទាប់ទឹកជំនន់ដែលហូរកាត់ស្ពានអូរជីក បានបង្ករអោយខូចខាតផលដំណាំផ្សេងៗ ផ្លូវថ្នល់ និងផ្ទះរបស់ប្រជាពលរដ្ឋនោះ។

យោងតាមរបាយការណ៍ដែលទទួលបានពីអភិបាលស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា នៅក្នុងស្រុកទាំង២នេះ មានឃុំចំនួន១០ បានទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ។ ក្នុងនោះស្រុកអន្លង់វែងរង មាន៥ឃុំ ដែលរួមមាន ឃុំអន្លង់វែង ឃុំថ្លាត ឃុំលំទង ឃុំត្រពាំងប្រិយ៍ ឃុំត្រពាំងតាវ។ ដោយឡែក នៅក្នុងស្រុកត្រពាំងប្រាសាទមាន៥ឃុំដូចគ្នាគឺ ឃុំអូរស្វាយ ឃុំផ្អាវ ឃុំព្រះប្រឡាយ ឃុំបាក់អន្លូង និងឃុំទំនប់ដាច់។

សូមជំរាបថា ស្របគ្នាដែលទឹកជំនន់បានជនលិច និងបានបង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានានោះ នាថ្ងៃនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់មន្ត្រី អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្ត ដែលកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ និងតាមតំបន់ជាប់នឹងដងស្ទឹង និងសមុទ្រជាដើម៕






No comments:

Post a Comment