Thursday, July 27, 2017

លិខិតចំហរបស់អ្នកកាន់ព្រះពុទ្ធសាសនាម្នាក់ជូនព្រះតេជគុណ ប៊ុត ប៊ុនតិញ

ជាបឋម ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ! ខ្ញុំព្រះករុណាខ្ញុំក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា កើតនៅលើទឹកដីមួយដែលចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ខ្ញុំព្រះករុណាខ្ញុំពិតជាមានក្តីគោរពដ៏ខ្ពង់ខ្ពស់ដល់ព្រះពុទ្ធសាសនាដែលមានព្រះសង្ឃគ្រប់ព្រះអង្គជាតំណាង។ ប៉ុន្តែ ដោយដើរតាមគន្លងព្រះពុទ្ធឧិវាទដែលថា «ត្រូវជឿដោយបញ្ញា»នោះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានក្តីសង្វេគក្នុងចិត្តជាពន់ពេកណាស់ពេលស្តាប់លឺសង្ឃដីការបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ឈ្លោះតតាំងជាមួយក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី ក្នុងរឿងអាស្រូវលុយកាក់សម្រាប់ធ្វើបុណ្យ និងសាងសង់ចេតិយឲ្យលោកបណ្ឌិត កែម ឡី នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
បើទោះបីជាពេលខ្លះខ្ញុំព្រះករុណាខ្ញុំសួរខ្លួនឯងថា តើខ្ញុំព្រះករុណាខ្ញុំគួរចាត់ទុកព្រះតេជគុណប៊ុត ប៊ុនតិញថា ជាសង្ឃដែរឬទេក៏ដោយចុះ ក៏ខ្ញុំនៅតែតាំងចិត្តហៅព្រះអង្គថាជាព្រះតេជគុណដែរពីព្រោះតែព្រះខ្ញុំគោរពស្បង់ចីវពណ៌លឿងទុំដែលជាតំណាងឲ្យព្រះពុទ្ធសាសនា ហើយដែលព្រះអង្គយកទៅគ្រងលើរាងកាយនោះ។ ប៉ុន្តែ ពាក្យសម្តី និងសកម្មភាពជាច្រើនរបស់បុគ្គលសង្ឃអង្គនេះមិនស័ក្តិសមជាអ្នកបួសក្នុងសាសនារបស់ព្រះពុទ្ធឡើយ។
ទី១៖ អ្នកបួសក្នុងព្រះពុទ្ធសាសនាគឺជាអ្នកលះបង់កិលេសដើម្បីស្វែងរកធម៌។ ចុះហេតុអ្វីបានជាព្រះតេជគុណបួសជាសង្ឃបែរជាវង្វេងធម៌ ទៅឈ្លោះតតាំងជាមួយគ្រួសារសពរបស់គេរឿងលុយកាក់បែបនេះទៅវិញ? បើគ្រាន់តែបកស្រាយពន្យល់រឿងយល់ច្រឡំខ្លះប្រហែលជាមិនខុសធម៌វិន័យទេ ប៉ុន្តែ ការដៀមដាម ប្រមាថគ្រួសារគេថាជាអ្នកសម្លាប់កិត្តិយសលោកបណ្ឌិត កែម ឡី ហើយថាក្រុមគ្រួសារគេអាក្រក់ជាងអ្នកសម្លាប់លោកបណ្ឌិតទៅទៀតនោះ តើជាសង្ឃដីការរបស់អ្នកបួសក្នុងព្រះពុទ្ធសាសនាដែរឬទេ?
ទី២៖ ជាអ្នកបួសហើយប្រមាថបុណ្យ ប្រមាថសទ្ធាអ្នកដទៃដោយកាឡៃឲ្យទៅជារឿងបាបតាមបែបបុរេវិនិច្ឆ័យដោយអសុទ្ធចិត្តទៅលើអ្នកដទៃ។ តើព្រះអង្គស័ក្តិសមជាអ្នកគ្រងស្បង់ពណ៌លឿងទុំតំណាងឲ្យភាពផូរផង់នៃព្រះពុទ្ធសាសនាដែរឬទេ?
ទី៣៖ ជាអ្នកបួសបែរជាទៅពាក់ព័ន្ធរឿងអាស្រូវលុយកាក់ ហើយចេញមុខបោះមេធ្វើការរៃអង្គាស ប្រកាសធ្វើចេតិយតម្លៃជិត ២០ ម៉ឺនដុល្លាជូនលោកបណ្ឌិតកែម ឡី តែទីបំផុតទុកឲ្យផ្នូរលោកបណ្ឌិតស្ថិតនៅក្រោមតង់អស់រយៈពេលមួយឆ្នាំជាងមកហើយ។ លុយកាក់មិនដឹងនៅទីណា។ គ្រួសារសពក៏ជំពាក់លុយគេតាំងពីថ្លៃបបរ និងរោងបុណ្យ និងថ្លៃធ្វើគ្រឹះចេតិយក៏សងគេមិនគ្រប់ផង។ តើនេះឬដែលព្រះតេជគុណថាជាអ្នកផ្តល់កិត្តិយសឲ្យលោកបណ្ឌិត កែម ឡីនោះ? សូមព្រះតេជគុណចងចាំថា ជាធម្មតា គ្រួសារអ្នកណាក៏ដោយ ជាពិសេស ម្តាយ និងប្អូនប្រុសរបស់គេបង្កើត គេពិតជាចង់ឃើញសពរបស់សាច់ញាតិគេត្រូវបានទុកដាក់សមរម្យ។ ដូច្នេះ ការប្រកាសរកជំនួយ និងការទទួលលុយកាក់ពីសប្បុរសជនគ្រប់គ្នាជារឿងធម្មតាក្នុងការធ្វើបុណ្យ។ ហេតុអ្វីក៏សូម្បីតែធ្វើបុណ្យក៏ត្រូវបែងចែកបក្សពួកដែរ? ទាល់តែក្រុមរបស់ខ្លួន បក្សពួករបស់ខ្លួនទើបធ្វើបាន ចំណែកអ្នកផ្សេងគេធ្វើមិនបាន ហើយប្រមាថគេទៀត? តើបែបនេះសមជាសង្ឃក្នុងព្រះពុទ្ធសាសនាដែរឬទេ?
ទី៤៖ ព្រះតេជគុណមានថេរៈដីកាថា ធ្វើបុណ្យគេមិនដែលគិតពីខាតចំណេញទេ។ តែព្រះតេជគុណប្រហែលជាភ្លេចថា ធ្វើបុណ្យគេឲ្យបបួលគ្នាធ្វើជាមួយឲ្យបានច្រើនដើម្បីបានមគ្គផលទាំងអស់គ្នា ហើយបច្ច័យដែលអ្នកផ្សេងចូលបុណ្យនោះត្រូវយកទៅចំណាយលើថ្លៃបុណ្យដើម្បីបានបុណ្យដល់អ្នកមានសទ្ធាដែរ។ ម្យ៉ាងទៀត បើធ្វើបុណ្យខាតលុយកាក់ច្រើនរហូតជំពាក់គេជិតមួយម៉ឺនដុល្លានោះ គ្រួសារសពបានអ្វីសងគេ? ដូច្នេះ គ្នាត្រូវតែអំពាវនាវរកអ្នកមានសទ្ធាដើម្បីជួយរម្លែកការលំបាកនេះហើយ។ ចុះហេតុអ្វីបានជាព្រះតេជគុណបែរជាចោទគេតាមអំពើចិត្តចឹង?
ទី៥៖ ខ្ញុំព្រះករុណាខ្ញុំបានស្តាប់ព្រះសង្ឃទេសនា ក៏ដូចជាធ្លាប់បានអានសៀវភៅធម៌ខ្លះៗហើយបានយល់ឃើញថា ជាបណ្ឌិត ឬជាអ្នកបួសក្នុងព្រះពុទ្ធសាសនា ត្រូវមានសន្តានចិត្តទូលំទូលាយប្រកបដោយធម៌ មិនត្រូវប្រើសម្តីប្រមាថឡើយ។ ចុះព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលតែងប្រើពាក្យសម្តី ស៊កសៀត ចាក់ដោត ញុះញង់ ប្រមាថ ពេញពេញមាត់បែបនេះ តើសមជាសង្ឃដែរឬទេ?
ក្នុងនាមអ្នកជឿជាក់លើព្រះពុទ្ធសាសនាម្នាក់ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានអារម្មណ៍គួរឲ្យសោកស្តាយខ្លាំងណាស់ដែលបានឃើញអ្នកបួសក្នុងព្រះពុទ្ធសាសនាមានកាយ វាចា ចិត្ត ពោរពេញដោយទោសៈបែបនេះ។ ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏ទង្វើរបស់តេជគុណ ប៊ុន ប៊ុនតិញ ឬព្រះសង្ឃមួយចំនួនទៀតនោះ មិនបានធ្វើឲ្យខ្ញុំព្រះករុណាខ្ញុំអាក់សទ្ធាទៅលើព្រះពុទ្ធសាសនាឡើយពីព្រោះ ខ្ញុំជឿលើព្រះពុទ្ធ ហើយព្រះពុទ្ធបរមគ្រូព្រះអង្គនៅតែជាទីគោរពសក្ការៈរបស់ប្រជាពុទ្ធបរិស័ទជារៀងដរាប ប៉ុន្តែ អ្នកណាប្រព្រឹត្តខុសឆ្គង អ្នកនោះទទួលកម្មផលដោយខ្លួនឯង ។
ជាទីបញ្ចប់ ខ្ញុំនៅតែមានជំនឿយ៉ាងមុតមាំថា កម្មផលពិតជាមានមែន ជាពិសេសអ្នកយកស្បង់ចីវពណ៌លឿងទុំតំណាងឲ្យព្រះពុទ្ធសាសនាទៅលេងសើច ទោះជាដោយមោហាគតិ ឬដោយចេតនាបម្រើមហិច្ឆតាណាមួយរបស់ខ្លួនក៏ដោយ គឺពិតជាមានបាបកម្មធ្ងន់ធ្ងរណាស់។ តាមធម៌ព្រះពុទ្ធ អ្នកបួសជាសង្ឃហើយប្រព្រឹត្តមិនត្រឹមត្រូវធ្លាក់នរកច្រើនណាស់ គឺច្រើនរហូតដល់ទៅគ្រាន់តែស្បង់ចីវររបស់ព្រះសង្ឃដែលធ្លាក់នរកនោះគរដូចភ្នំ។ ដូចឆ្នេះ បើឈប់បានក៏ឈប់ទៅ។ ជាតិក្រោយពិតជាមានមែន ហើយបាបកម្មក៏ពិតជាមានដែរ ហើយជួនកាលបាបកម្មមិនចាំដល់ជាតិក្រោយនោះឡើយ៕
ពីប្រជាពុទ្ធបរិស័ទម្នាក់!



No comments:

Post a Comment