Thursday, July 27, 2017

លោក ហោ ណាំហុង ស្នើអោយរដ្ឋាភិបាលបារាំងជំរុញអ្នកវិនិយោគ និងទេសចរណ៍ មកកាន់កម្ពុជាអោយកាន់តែច្រើនថែមទៀត

លោកឧបនាយករដ្ឋមន្រ្ដី ហោ ណាំហុង បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី អេវ៉ា ង្វៀនប៉ិញ ( Eva NGUYEN BINH) ឯកអគ្គរដ្ឋទូតបារាំងតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ខែកក្កដា នៅទីស្តីការគណៈរដ្ឋមន្រ្តី។

បន្ទាប់ពីចប់ជំនួបពិភាក្សាលោក អ៊ុ សុខកាន ទីប្រឹក្សា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាននាំពាក្យឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៍បញ្ជាក់ថា ដោយមាន ទំនាក់ទំនងការទូតល្អរវាងប្រទេសទាំង២ ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋបារាំង គិតមកដល់បច្ចុប្បន្នអាចនិយាយបានថាមានលក្ខណៈល្អជាប្រវត្តិសាស្ត្រ លើវិស័យនយោបាយ វប្បធម៌និង សេដ្ឋកិច្ច ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំងដែលបានផ្តល់អាហារូបករណ៏ដល់និស្សិតកម្ពុជាឲ្យទៅបន្តការសិក្សានៅប្រទេសបារាំង ព្រមជាមួយនឹងការស្នើរសុំដល់រដ្ឋាភិបាលបារាំង តាមរយៈឯកអគ្គរដ្ឋទូតថ្មីផងដែរ ជួយបង្កើនចំនួននិស្សិតអាហារូបករណ៍កម្ពុជាឲ្យមានចំនួនច្រើន ព្រោះកម្ពុជា គឺជាប្រទេសសមាជិកនិយាយភាសាបារាំងហ្វ្រង់កូហ្វូនីដូចបណ្ដាប្រទេសនានានៅលើពិភពលោកដែរ ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថារដ្ឋាភិបាលបារាំងបានផ្តល់ជំនួយមកកម្ពុជា លើផ្នែកសំខាន់ៗរួមមានវិស័យយុត្តិធម៌សុខាភិបាលនិងវិស័យការពារជាតិកម្ពុជា ជាមួយគ្នានោះដែរមានក្រុម ហ៊ុនបារាំងបានមកវិនិយោគទុនព្រលានយន្តហោះនៅខេត្តសៀមរាប និងខេត្តព្រះ សីហនុ និងមានក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់ ព្រមទាំងវិនិយោគផ្នែកធនាគារនៅកម្ពុជាជាដើម។
នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះដែរ លោកស្រី អេវ៉ា ង្វៀន ប៉ិញ ( Eva NGUYEN BINH) ឯកអគ្គរដ្ឋទូតបារាំងបានពិភាក្សាគ្នាថាកម្ពុជា បារាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដូចជាការសហការល្អរវាងកងទ័ពមួកខៀវកម្ពុជា ជាមួយនិងកងទ័ពមួកខៀវបារាំង ខណៈដែលបំពេញបេសកកម្មពហុសាសន៍ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេស ម៉ាលីអាហ្វ្រិក ជាដើមហើយគិតមកដល់ឆ្នាំ២០១៧ នេះកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវទៅ បំពេញបេកកម្មនៅក្រោមឆ័ត្រអង្គការ សហប្រជាជាតិមានចំនួន៤៣៦៧នាក់ដែលបានបំពេញ បេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូងសេរីលីបង់ម៉ាលី ។ល។
នៅក្នុងជំនួបនោះដែរលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសំណូមពរដល់រដ្ឋាភិបាលបារាំងបន្តផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា មានឱកាសបន្តការ សិក្សានៅប្រទេសបារាំងឲ្យបានច្រើននាក់បន្ថែមទៀតនិងស្នើឲ្យមានការជួយជំរុញអ្នកវិនិយោគទុននិងទេសចរណ៍បារាំងមក ទស្សនាកម្ពុជា ឲ្យមានចំនួនកាន់តែច្រើនឡើងទៀត៕




No comments:

Post a Comment