Thursday, July 27, 2017

កូរ៉េខាងជើង និងភូមាភ្ជាប់នៅក្នុងផែនការលេចធ្លោក្រោមរដ្ឋបាល Trump

កាលពីសបា្ដហ៍មុនបេសកជនពិសេសរបស់អាមេរិកសម្រាប់កូរ៉េខាងជើងលោក Joseph Yun បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសភូមា ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទ្រង់ទ្រាយធំទៅកាន់តំបន់នេះចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៨ ខែកក្កដា។ ដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់រដ្ឋនៃអាស៊ីអាគ្នេយ៍នេះ បានលើកឡើងជាថ្មីម្តងទៀតនូវបញ្ហាទំនាក់ទំនងភូមា និងកូរ៉េខាងជើងលេចធ្លោជាថ្មី។

ទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយភូមា និងបណ្តារដ្ឋអាស៊ីអាគ្នេយ៍កាន់តែមានទំហំធំធេងឡើងដែលមិនមែនជារឿងថ្មី។ ដូចដែលខ្ញុំបានកត់សម្គាល់ពីមុនមកថា នៅក្នុងបរិការនេះ អ្នកឃ្លាំមើលនៅក្នុងតំបន់បានដឹងជាយូរមកហើយថា សមាជិកអាស៊ាននៅតែរក្សារបៀបនៃទំនាក់ទំនងបែបសេដ្ឋកិច្ច និងពីប្រជាជនទៅប្រជាជនជាមួយភូមា បើទោះបីជាពួកគេមានបំណងដើម្បីទទួលបានការផ្សព្វផ្សាយនៅពេលដែលវិបត្តិកើតឡើងយូរៗម្តង។​

ទោះបីជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរបស់ភូមាជាមួយកូរ៉េខាងជើងទទួលនូវការរិះគន់ក្នុង​រយៈ​ពេលប៉ុន្មាននេះ។ ខណៈដែលទំនាក់ទំនងពេញទំហឹងរវាងភូមា និងកូរ៉េខាងជើងមិនត្រូវបានគេ​ផ្សព្វផ្សាយជាសាធារណៈ យូរៗម្តងព័ត៌មានបានលេចឮស្តីអំពីទំនាក់ទំនងវិស័យការពារជាតិ​របស់​ពួកគេ រួមបញ្ចូលទាំងការនាំអាវុធរបស់កូរ៉េខាងជើងទៅយោធា​មីយ៉ាន់ម៉ា​ផងដែរ ដែលបានគ្រប់គ្រងប្រទេសនេះអស់រយៈពេលជាច្រើនទសវត្សរ៍ ក៏ដូចជាជំនួយ បច្ចេកទេស និងការផ្លាស់ប្តូរផ្នែកបច្ចេកទេសទៅវិញទៅមកនៅចន្លោះឆ្នាំ ២០០០ និងឆ្នាំ ២០១០។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះអាមេរិក បានដាក់សម្ពាធភូមាយ៉ាងធ្ងន់ធ្ងរទៅលើទំនាក់ទំនងរបស់ខ្លួនជា​មួយ​កូរ៉េខាងជើង។ បើទោះបីជារដ្ឋបាល Obama បានដកទណ្ឌកម្មប្រឆាំងភូមាក៏ដោយ ជាផ្នែកមួយ​នៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងប្រវត្តិសាស្រ្តនៅក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ ទោះ​ជាយ៉ាងណាក៏ដោយមន្រ្តីទាំងនោះនៅតែបន្តការអនុវត្តដាក់សម្ពាធទៅលើចំណុចនេះ ហើយ​​​​​បាននិយាយ​លក្ខណៈជាឯកជន នៅពេលដែលមានព័ត៌មានលេចឡើងជាសាធារណៈថា មន្រ្តី​​យោធាមួយ​ចំនួនបានបន្តទំនាក់ទំនងជាមួយកូរ៉េខាងជើង។

បញ្ហាកូរ៉េខាងជើងកំពុងតែស្ថិត នៅក្នុងបញ្ជីអាទិភាពសម្រាប់អាមេរិកក្រោមរដ្ឋបាល Trump ហើយ​កាន់តែសំខាន់ជាងនេះទៅទៀតនោះគឺការបាញ់មីស៊ីលឆ្លងទ្វីប (ICBM) នៅដើមខែនេះ។ មានការចោទសួរដេញដោលទៅលើភូមា ក៏ដូចជាបណ្តារដ្ឋនៅអាស៊ីអាគ្នេយ៍ដទៃទៀតដើម្បីកាត់ផ្តាច់រាល់ទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងជើង។ ដើម្បីគ្រាន់តែយកធ្វើជាឧទាហរណ៏មួយ បើទោះបីជាបញ្ហាកូរ៉េខាងជើងហួសពីបញ្ហាដែលបានពិភាក្សាគ្នាអំឡុងពេលកិច្ចប្រជុំពិសេសថ្នាក់រដ្ឋ​មន្រ្តីការបរទេសអាស៊ាន និងអាមេរិក ដែលបានធ្វើឡើងកាលពីខែឧសភានៅវ៉ាស៊ីនតោន។

ក្រុងវ៉ាស៊ីនតោនក៏បានប្រកាន់យកនូវជំហានមួយចំនួន ដែលទាក់ទងនឹងកិច្ចការ ភូមា។ កាល​ពី​ខែ​មីនា ឧស្សាហកម្មការពារជាតិរបស់ភូមាទទួលរងការដាក់ទណ្ឌកម្មក្រោមច្បាប់មិនសាយភាយសព្វា​វុធនុយក្លេអ៊ែរប្រឆាំងស៊ីរី  អ៊ីរ៉ង់ កូរ៉េខាងជើង នេះជាជំហានមួយដែលរដ្ឋបាល Obama បាន​​ប្រកាន់យកផងដែរ ក៏ដូចជាការបង្ហាញឱ្យឃើញកង្វល់កាលពីមុនអំពីតួនាទីរបស់ខ្លួនដែលនៅ​តែបន្តដូច្នេះ។

ដំណើរទស្សនកិច្ចរបស់លោក Yun មកកាន់តំបន់នេះកាលពីសប្តាហ៍មុនមិនមានអ្វីភ្ញាក់ផ្អើលទេ ក៏ប៉ុន្តែបានឃើញបញ្ហាកូរ៉េខាងជើងនៅតែលេចឡើងដដែល។ បណ្តាញសារព័ត៌មានបានផ្តោតទៅ​លើទំនាក់ទំនងរវាងកូរ៉េខាងជើង និងភូមា ក៏ត្រូវបានគេរំពឹងទុកផងដែរ ដោយសារតែមុខងាររបស់លោក Yun ក៏ដូចជាតថៈភាពដែលថា ភូមាគឺជាកន្លែងដែលគាត់ចុះសំចតតែមួយគត់នៅក្នុង​តំបន់ ក្រៅពីការចូលរួមប្រជុំនៅក្នុងកិច្ចពិភាក្សាកិច្ចសហប្រតិបត្តិការអាស៊ីឦសាននៅសិង្ហបុរី។

សេចក្តីថ្លែងការណ៍ជាផ្លូវការបានចេញផ្សាយពីភាគីភូមា បន្ទាប់ពីកិច្ចប្រជុំរបស់លោក Yun ជាមួយមន្រ្តីទាំងនោះ រួមបញ្ចូលទាំងមេដឹកនាំកាន់ការងារជាក់ស្តែងគឺលោកស្រី Aung San Suu Kyi និងមេទ័ពលោក Min Aung Hlaing ជាការគួរឱ្យភ្ញាក់ផ្អើល ដោយសារតែបញ្ហាចំៗនៃទំនាក់ទំនងកូរ៉េខាងជើង និងភូមានមិនត្រូវបានគេពិភាក្សា។ ទោះបីជាយ៉ាងណាក៏ដោយ មេទ័ពនៃប្រទេស​នេះបានចេញសេចក្តីថ្លែងការណ៍ដោយចង្អុលបង្ហាញថា រដ្ឋាភិបាលភូមា មានតែមិត្ត ហើយ​​ក៏គ្មានសត្រូវដែរ បើទោះបីជាខ្លួនមិននិយាយទៅដល់បំណងរបស់គាត់ចំពោះការលុបបំ​បាត់​​សព្វាវុធនៅកូរ៉េខាងជើងក៏ដោយ។

ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសម្នាក់សុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់សារព័ត៌មាន Reuters ជាថ្មីកាលពីថ្ងៃសុក្រថា ដំណើរទស្សនកិច្ចនេះបង្ហាញឱ្យឃើញនូវការ ព្រួយបារម្ភរបស់អាមេរិកនៅតែបន្តចំពោះទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយភូមា។

មន្ត្រីរូបនេះបាននិយាយថា «វាគឺជាឱកាសមួយដើម្បីបញ្ជូនសារថា ការចូលរួមដោះស្រាយណា​មួយជាមួយកូរ៉េខាងជើង ជាពិសេសការចូលរួមដោះស្រាយបញ្ហាយោធា គឺជាចរន្តផ្ទុយគ្នាទៅនឹងការខិតខំព្យាយាមបញ្ចប់ការគំរាមកំហែងនេះ ដែលកូរ៉េខាងជើងបង្ករឱ្យសម្រាប់តំបន់ និងពិភព​លោក»។

ទោះបីជាមន្ត្រីរូបនេះបាននិយាយថា ក្រុងវ៉ាស៊ីនតោននៅតែពឹងផ្អែកភាគច្រើនលើផ្នែកការទូតដើម្បីបង្ហាញនូវការព្រួយបារម្ភរបស់ខ្លួន ចំពោះភូមាលើទំនាក់ទំនងទាំងនេះក៏ដោយ ក៏មន្រ្តីរូបនោះមិនបានបដិសេធអំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មបន្ថែមស្តីពីវិធានការដែលទាក់ទងទៅនឹងប្រទេសកូរ៉េខាងជើងស្តីពីបញ្ហាភូមាប្រសិនបើចាំបាច់។

មន្ត្រីរូបនេះបាននិយាយថា «ប្រសិនបើស្ថានការណ៍មួយមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះផលប្រយោជន៍សន្តិសុខជាតិរបស់យើង មានវិធានការច្រើនផ្សេងទៀតដែលត្រូវធ្វើរាប់បញ្ចូលទាំងការដាក់ទណ្ឌកម្មផងដែរ៕

ប្រភព៖ The Diplomat ចុះថ្ងៃទី២៦ ខែកក្កដា​​ ឆ្នាំ២០១៧


No comments:

Post a Comment