Thursday, July 27, 2017

ក្រសួងបរិស្ថាន បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការវាយតម្លៃសក្តានុពលអភិវឌ្ឍន៍បៃតង

លោក សូ ខណឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការវាយតម្លៃសក្តានុពលអភិវឌ្ឍន៍បៃតង ក្នុងកម្មវិធីតម្រង់ទិសគោលនយោបាយសម្រាប់ការអភិវឌ្ឍបៃតង ដែលបានសហការរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពតាមរយៈនាយកដ្ឋានសេដ្ឋកិច្ចបៃតង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋារគារឡឺរ៉ុយ៉ាល់ រាជធានីភ្នំពេញ ។
សិក្ខាសាលានេះមានគោលបំណង បង្ហាញនូវលទ្ធផលនៃការវិភាគទិន្នន័យ និងរៀបចំការប្រឹក្សាយោបល់ថ្នាក់ជាតិដើម្បីកំណត់អាទិភាពសម្រាប់ការអភិវឌ្ឍបៃតងដែលមានសក្ដានុពលខ្ពស់ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងប្រមូលយកមតិកែលំអពីអ្នកចូលរួម និងកសាងការឯកភាពជាឯកច្ឆន្ទលើចំណុចអាទិភាព និងវិស័យសេដ្ឋកិច្ចដែលសំខាន់សម្រាប់ការអភិវឌ្ឍន៍បៃតង។
សូមជម្រាបផងដែរថា សិក្ខាសាលានេះ បានប្រមូលផ្ដុំអ្នកពាក់ព័ន្ធសំខាន់ៗមកពីក្រសួង ស្ថាប័ន ដៃគូឯកជន និងដៃគូអភិវឌ្ឍន៍ សរុបចំនួន៩០រូប ដែលធានានូវការតំណាងដ៏ ទូលំទូលាយ តាម វិស័យ ពាក់ព័ន្ធ។កម្មវិធីតម្រង់ទិសគោលនយោបាយសម្រាប់ការអភិវឌ្ឍបៃតងនៅកម្ពុជាផ្ដោតសំខាន់លើការពង្រឹងដំណើរការធ្វើគោលនយោបាយជាតិ និងផែនការវិនិយោគ និងតម្រង់ទិសអាទិភាព គោលនយោបាយដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDG) ការចូលរួមចំណែករបស់កម្ពុជានៅក្នុងអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (NDCs) ព្រមទាំងគោលនយោបាយជាតិពាក់ព័ន្ធនឹងអាកាសធាតុ និងការអភិវឌ្ឍបៃតងរបស់កម្ពុជា៕





No comments:

Post a Comment