Thursday, July 27, 2017

រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះទឹកជំនន់

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសជូនដំណឹងឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត បង្កើនការយកចិត្ត ទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាហេតុ ដោយសារគ្រោះទឹកជំនន់ បន្ទាប់ពីភ្លៀងបាន បន្តធ្លាក់ក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះជាប់ៗគ្នា។

រដ្ឋបាលខេត្តស្ទឹងត្រែង បានស្នើឱ្យប្រជាពលរដ្ឋ និងអាណាព្យាបាលប្រយ័ត្នចំពោះ ក្មេងតូចៗ កុំលេងទឹក ត្រៀមរៀបចំសម្ភារចាំបាច់មួយចំនួន ដូចជាមធ្យោបាយធ្វើដំណើរ ដូចជាស្បៀងអាហារ នឹងសត្វពាហនៈជាដើម។

ជាមួយគ្នានេះរដ្ឋបាលខេត្ត ក៏បានប្រកាសជូនពលរដ្ឋឱ្យបានជ្រាបអំពីស្ថានភាពទឹកភ្លៀង នៅតែបន្តធ្លាក់ រយៈពេលប៉ុន្មានថ្ងៃ នៅទូទាំងភូមិ ឃុំ ស្រុក ក្រុង ក្នុងខេត្តស្ទឹងត្រែង ដែលបានបង្កឱ្យភូមិមួយចំនួនស្ថិត នៅតាមដងទន្លេដូចជាទន្លេមេគង្គ ទន្លេសេគង្គ ទន្លេសេសាន ទន្លេស្រែពក នឹងនៅតាមដៃរអូធំៗ ប្រឈមការជន់លិច ហើយប្រជាពលរដ្ឋអាចនឹងទៅរកទីទួលដែលខ្ពស់ៗ ។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅតំបន់ទំនាបកណ្ដាល មានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដែលខ្យល់កន្ដ្រាក់មានល្បឿនពី ១២-១៤ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់ខ្ពង់រាប ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ខ្យល់កន្ដ្រាក់មានល្បឿនពី ៨-១០ម៉ែត្រ ក្នុងមួយវិនាទី ។ តំបន់មាត់សមុទ្រ ពិសេសនៅខេត្តកោះកុង ខ្យល់កន្ដ្រាក់មានល្បឿនពី១៣-១៥ម៉ែត្រ ក្នុងមួយវិនាទី និងរលកសមុទ្រកំពស់១.៥០-២.៥០ម៉ែត្រ។ តំបន់ទាំងអស់នេះ នឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ។

ហេតុដូច្នេះហើយ ចាប់ពីថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០១៧ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរ តាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គលើ ទន្លេសេសាន សេកុង ស្រែពក ព្រមទាំងផ្លូវទឹកនានាក្នុងតំបន់ខ្ពង់រាប សូមបង្កើនការយកចិត្តទុកដាក់ចំពោះ ស្ថានភាពទឹកជំនន់ ដែលនឹងហក់ឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ៕









No comments:

Post a Comment