Tuesday, November 14, 2017

ប្រកាសព័ត៌មានស្តីពីជំនួុបពិភាក្សាទ្វេរភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួុយលោក លី កឺជាង នាយករដ្ឋមន្ត្រីចិន

ក្នុងឱកាសសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅទីក្រុងម៉ានីលនៃសាធារណៈរដ្ឋហ្វីលីពីន នាព្រលប់ថ្ងៃទី ១៣ ខែ វិចិ្ឆកា ឆ្នាំ ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក លី កឺជាង នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងបរិយាកាសរីករាយស្និទស្នាលរាក់ទាក់បំផុត។

ក្នុងឱកាសនោះ លោក លី កឺជាង បានសម្តែងសេចក្តីរីករាយ ដោយបានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សារជាថ្មីម្តងទៀត ក្នុងនាមជាមិត្តចាស់របស់ចិន ដែលនេះជាការបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទកាន់តែល្អប្រសើរជាលំដាប់រវាងប្រទេសកម្ពុជា និងប្រទេសចិន និងជាពិសេសរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។

លោកនាយករដ្ឋមន្រ្តីចិនបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមគ្នា នឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យដល់កម្រិតខ្ពស់មួយថែមទៀត។ ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវការរីករាយ និងសូមថ្លែងអំណរគុណ ដែលបានទទួលស្គាល់ពីមិត្តចិនថា ជាមិត្តចាស់ ដែលប្រកបដោយទំនុកចិត្តគ្នាទៅវិញទៅមក។

នៅក្នុងជំនួបនេះដែរ ដោយកម្ពុជានឹងត្រូវរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី ២ នៅ រាជធានីភ្នំពេញនាខែ មករា ឆ្នាំ ២០១៨ ខាងមុខនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញលោកនាយករដ្ឋមន្រ្តី លី កឺជាង ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ និងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកសករាជថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងខួបអនុស្សាវរីយ៍ទី ៦០ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។

ជាការឆ្លើយតប លោក លី កឺជាង បានទទួលការអញ្ជើញរបស់លោក ហ៊ុន សែន ដោយរីករាយ និងសន្យារួមចំណែកធ្វើឱ្យកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងបានទទួលជោគជ័យ ។

នៅក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីការជំរុញការអនុវត្តគម្រោងការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវសេដ្ឋកិច្ច ដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប ភាគីចិនបានសន្យាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការជួយជំរុញឱ្យការកសាងផ្លូវល្បឿនលឿននេះបានសម្រចទៅយ៉ាងឆាប់រហ័ស ដើម្បីចូលរួមវិភាគទានជំរុញកំណើនសេដ្ឋកិច្ច និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ទន្ទឹមនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីការជំរុញការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដែលជាមរតកនៃសង្រ្គាមរាំរ៉ៃនៅកម្ពុជារាប់ទស្សវត្សកន្លងទៅ។ ភាគីមិត្តចិនបានជម្រាបជូនសម្តេចតេជោថា ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាសកម្មភាពអទិភាពមួយរបស់រដ្ឋាភិបាលចិន ក្នុងការជួយប្រទេសនានា ដែលកំពុងជួបប្រទះនូវបញ្ហានេះ។

ក្នុងបរិការនេះ មិត្តចិនសន្យាថានឹងជួយឱ្យអស់លទ្ធភាព ដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឱ្យបានឆាប់រហ័ស និងស្នើឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរធ្វើការពិភាក្សាលើទិដ្ឋភាពជាក់ស្តែង និងដាក់ជូនថ្នាក់ដឹកនាំទាំងពីរពិនិត្យ និងសម្រេចឱ្យបានមុនពេលទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីចិននៅកម្ពុជានាពេលខ្លីខាងមុខ។

មុននឹងបញ្ចប់កិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តី លី កឺជាង បានបញ្ជាក់សារជាថ្មី នូវការគាំទ្រ និងជួយដល់កម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា៕


No comments:

Post a Comment