Tuesday, November 14, 2017

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរវាង​អាស៊ាន-ហុងកុង ​និងកិច្ចព្រមព្រៀង​ស្តីពី វិនិយោគ ​រវាងអាស៊ាន​ និងហុងកុង​

ម៉ានីឡា, ហ្វីលីពីន៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ពីរ ក្នុងអំឡុងពេលអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។
ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធនេះ លោក ប៉ាន សូរស័ក្តិ រួមជាមួយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋលេខាធិការពាណិជ្ជកម្ម និងឧស្សាហកម្ម ចិនហុងកុង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ចំនួនពីរ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-ហុងកុង និងកិច្ចព្រមព្រៀងស្តីពីវិនិយោគ រវាងអាស៊ាន និងហុងកុង។
នេះគឺជាជោគជ័យថ្មីមួយទៀតដែលក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម និងអនុម័តយល់ព្រមលើពិធីសារនៃការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន សាធារណរដ្ឋប្រជាមានិតចិនកាលពីខែតុលា ឆ្នាំ២០១៧ កន្លងទៅ។
គោលបំណងសំខាន់ៗ នៃកិច្ចព្រមព្រៀងទាំងពីរគឺ៖ (១) កាត់បន្ថយរបាំងចំពោះលំហូរពាណិជ្ជកម្មទំនិញ សេវា និងវិនិយោគ ធើ្វឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយនូវការផ្សារភ្ជាប់សេដ្ឋកិច្ច កាត់បន្ថយចំណាយសម្រាប់ធុរជន បង្កើនពាណិជ្ជកម្ម ពង្រឹងប្រសិទ្ធភាពសេដ្ឋកិច្ច និងបង្កើតទីផ្សារកាន់តែធំទូលាយជាមួយកាលានុវត្តភាពច្រើនជាងមុន និងសេដ្ឋកិច្ចមាត្រដ្ឋានកាន់តែធំសម្រាប់ធុរកិច្ច (២) ធ្វើពិពិធកម្ម និងជំរុញពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគី (៣) ផ្តល់ការអនុគ្រោះពិសេស និងដោយឡែក ចំពោះរដ្ឋជាសមាជិកអាស៊ានថ្មី ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីបង្កើនការចូលរួមក្នុងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងជាងមុន និងពង្រីកការនាំចេញ តាមរយៈការបង្កើនសមត្ថភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងស្រុក (៤) ជួយទ្រទ្រង់ដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក និងទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន នឹងធ្វើឲ្យមានភាពល្អប្រសើរឡើងនូវលំហូរវិនិយោគ និងពាណិជ្ជកម្មរវាងភាគីទាំងពីរ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនអាស៊ាន រួមមានកម្ពុជា ក៏ដូចជា ហុងកុង។ លើសពីនេះទៀត នឹងបង្កើនការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ានហុងកុង តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគ។ កម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងនេះ ដោយសារហុងកុង ជាទីផ្សារមូលធនដ៏ធំ។
គួររំលឹកថា កិច្ចព្រមព្រៀងសំខាន់ទាំងពីរ ត្រូវបានចាប់ផ្តើមចរចាដំបូងនៅឆ្នាំ២០១៤ និងបានបញ្ចប់នាកិច្ចប្រជុំគណៈកម្មាធិការចរចាពាណិជ្ជកម្មអាស៊ាន-ហុងកុង លើកទី១០ នៅទីក្រុងបាងកក ថៃឡង់ដ៏ កាលពីខែកក្កដា ឆ្នាំ២០១៧។ បន្ថែមពីនោះ មានការងារបច្ចេកទេសលម្អិតជាច្រើន ត្រូវបានបន្តធ្វើ ដូចជាការងាររៀបចំឲ្យមានការឯកភាពគ្នាក្នុងការប្រើប្រាស់ពាក្យពេចន៍គន្លឹះមួយចំនួន តារាងបញ្ចុះពន្ធគយចុងក្រោយ ទម្រង់រួមនៃតារាងពន្ធគយ។ល។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ប្រធានក្រុមចរចាបានឈានដល់ការឯកភាពគ្នាទាំងស្រុងលើអត្ថបទចុងក្រោយនៃកិច្ចព្រមព្រៀង ដែលរួចរាល់សម្រាប់ការចុះហត្ថលេខាដោយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាមួយរដ្ឋលេខាធិការ នៃចិនហុងកុង៕



No comments:

Post a Comment