Tuesday, November 14, 2017

ពង្រាង៖ ប្រជាជាតិនៅអាស៊ីអាគ្នេយ៍មិនត្រូវមើលស្រាលស្ថានភាពស្ងប់ស្ងាត់នៅ សមុទ្រចិនខាងត្បូងនោះទេ

ប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងមិនចាត់ទុកស្ថានភាពស្ងប់ស្ងៀមថា ជាការមើលស្រាលទៅក្នុងជ​ម្លោះ​​​​សមុទ្រចិនខាងត្បូងនោះទេ នេះបើយោងតាមពង្រាងសេចក្តីថ្លែងការណ៍ដែលនឹងបញ្ចេញអំ​ឡុងពេលកិច្ចប្រជុំកំពូលនៅក្រុងម៉ានីលថ្ងៃចន្ទនេះ។ នៅក្នុងពង្រាងសេចក្តីដែលទីភ្នាក់ងារ Re​u​t​ers បានឃើញបាននិយាយថា «ខណៈដែលសភាពការណ៍កាន់តែស្ងប់នៅពេលនេះយើងមិនអា​ច​​មើលស្រាលដំណើរវិវត្តន៍នាពេលថ្មីៗនេះបានឡើយ។

សេចក្តីថ្លែងការណ៍នោះនិយាយថា «សារៈសំខាន់នោះគឺយើងសហការគ្នាដើម្បីរក្សាបាននូវសន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍នៅក្នុងតំបន់ និងការហោះហើរពីលើសមុទ្រចិនខាងត្បូងនេះ ស្រ​​ប​ទៅតាមច្បាប់អន្តរជាតិ»។ ពង្រាងសេចក្តីនេះនិយាយថា «វាគឺជាផលប្រយោជន៍រួមរបស់យើ​ង​ដើម្បីចៀសវាងការគិតគូខុសណាមួយដែលអាចនាំទៅរកភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង»។ មេដឹកនាំមកពីចិន អាមេរិក និងប្រជាជាតិ ៧ ទៀតកំពុងតែចូលរួមកិច្ចប្រជុំកំពូលអាស៊ានប្រ​ចាំ​​ឆ្នាំ។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានលើកឡើងថា បើទោះបីជាមានការ​ខ្វែងយោបល់របស់ពួកគេក៏ដោយ មេដឹកនាំទាំងនោះមិនគួរពិភាក្សាអំពីបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ។ លោក Duterte បាននិយាយនៅក្នុងសន្និសីទធុរកិច្ចមួយថា «យើងត្រូវតែធ្វើជាមិត្ត​នឹងគ្នា មនុស្សឆាប់ខឹងឆេវឆាវដទៃទៀត ចង់ឱ្យយើងប្រឈមមុខជាមួយចិន ក៏ដូចជាប្រទេសជាច្រើនទៅលើបញ្ហាជាច្រើន។ យកល្អ បញ្ហាសមុទ្រចិនខាងត្បូងទុកវាចោលទៅកុំប៉ះពាល់វា គ្មា​ននរណាម្នាក់អាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើសង្គ្រាមឡើយ។ វាអាចជាការប្រឈមដ៏ហិ​ង្សាមួយដែលត្រូវតែរាំងខ្ទប់មិនឱ្យមានមហន្តរាយ»។

នៅក្នុងការបើកប្រជុំផ្លូវការនៅថ្ងៃចន្ទ លោក Duterte មិនបាននិយាយទៅដល់បញ្ហាសមុទ្រចិនខា​ងត្បូងឡើយ ហើយបែរទៅជាចង្អុលបញ្ហាផ្សេងៗទៀត ជាការគំរាមកំហែងដ៏ហិង្សាទៅលើតំ​បន់នេះទៅវិញ។ គាត់បាននិយាយថា «ភេរវកម្ម និងក្រុមជ្រុលនិយមបែបហិង្សាធ្វើឱ្យគ្រោះថ្នាក់ដល់ស​ន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់របស់យើង ពីព្រោះការគំរាមទាំងនេះគ្មានព្រំដែននោះទេ គាត់បាននិយាយថា ចោរសមុទ្រ និងប្លន់ប្រដាប់អាវុធនៅក្នុងលំហសមុទ្រ ធ្វើឱ្យប៉ះពាល់ដល់ការរីកលូតលាស់ និងរំខានដល់ស្ថិរភាពទាំងពាណិជ្ជកម្មតំបន់ និងពិភពលោក ការគំរាមពីពា​ណិជ្ជកម្មគ្រឿងញៀននៅតែបន្តភាពគ្រោះថ្នាក់ដល់មូលដ្ឋានគ្រឹះសង្គមរបស់យើង។ បញ្ហាទាំ​ង​នេះ និ​ងបញ្ហាផ្សេងទៀតគឺជារបៀបវារៈកំពូលនៃកិច្ចប្រជុំរបស់យើង។

លោក Duterte កាន់តែងាកជិតទៅចិន ចាប់តាំងពីគាត់ឡើងកាន់អំណាចកាលពីឆ្នាំទៅ ហើយវៀតណាមបានលេចមុខឡើងជាអ្នកប្រឈមដ៏ខ្លាំងនៅក្នុងតំបន់នេះ។ ទង្វើរបស់ចិនដើម្បីដាក់ស​ម្ពា​ធ​វៀតណាម ដើម្បីបញ្ឈប់ការខួងរកប្រេងនៅក្នុងតំបន់ជម្លោះនេះកាលពីខែកក្កដា បានធ្វើឱ្យទំ​នា​​ក់​ទំនងប្រទេសកុម្មុយនីស្តជិតខាងពីរនេះធ្លាក់ដល់កម្រិតទាប។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ ទូរ​ទស្ស​​​ន៍រដ្ឋវៀតណាមបាននិយាយថា ប្រធានាធិបតីចិន Xi Jinping បានប្រាប់អគ្គលេខាធិការបក្សវៀតណាម Nguyen Phu Trong ថា គាត់ចង់ធ្វើការជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ស្តីពីក្រុម​​ប្រតិបត្តិនៅក្នុងសមុទ្រនេះ។ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua និយាយថា ចិន និងវៀតណាមបានយល់ព្រមព្រៀងគ្នាដើម្បីរ៉ាប់រងបញ្ហាដែនទឹកឱ្យបានសមរម្យ និងខិតខំដើម្បីរក្សាបាននូវស្ថិ​រភាពនិងសន្តិភាព៕

(ប្រភព : Reuters ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧)


No comments:

Post a Comment