Tuesday, November 14, 2017

ថ្នាក់ដឹកនាំខេត្តប៉ៃលិន ជួបសំណេះសំណាល និងផ្តល់រង្វន់ដល់បេក្ខជន ប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទេ្ទស A-B ឆ្នាំ២០១៧

ខេត្តប៉ៃលិន៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទេ្ទស A-B សម័យប្រឡង ២១ សីហា ២០១៧។
លោក កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍កោតសរសើរដល់ ថ្នាក់ដឹកនាំ មន្រ្តីមន្ទីរអប់រំ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងអប់រំ បណ្តុះបណ្តាលដល់ក្មួយៗ ធ្វើឱ្យលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ សីហា ឆ្នាំ២០១៧នេះ ទទួលបានលទ្ធផលល្អ។
លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញគោលនយោបាយកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ គឺលោកបានយកចិត្តទុកដាក់វិនិយោគ និងកែទម្រង់លើការសិក្សាគ្រប់កម្រិត សំដៅជំរុញបណ្តុះបណ្តាលធនធានមនុស្សដល់កូនចៅជំនាន់ក្រោយ ប្រកបដោយគុណភាពសម្រាប់បន្តវេនដឹកនាំកសាងអភិវឌ្ឍប្រទេសជាតិយើង ឱ្យមានការរីកចម្រើនឡើងផងដែរ។ ទន្ទឹមនេះភាពរីកចម្រើនលើវិស័យអប់រំនៅខេត្តប៉ៃលិន គឺដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពបានពេញលេញបរិបូណ៍ យើងមានសាលារៀនគ្រប់គ្រាន់ បានផ្តល់ឱកាសឱ្យក្មួយៗបានចូលរៀនសូត្រគ្រប់កម្រិត តែផ្ទុយទៅវិញបើប្រទេសជាតិបានសង្រ្គាមដូចពីអតីតកាលនោះ យើងទាំងអស់គ្នាមិនអាចជួបជុំគ្នាបានឡើយ មិនបាច់និយាយដល់ការរៀនសូត្រទេ ដូច្នេះយើងទាំងអស់គ្នាប្រឆាំងដាច់ខាតនូវអំពើក្បត់ជាតិរបស់ក្រុមបក្ខពួក និងជនអគតិមានបំណងបំផ្លាញសន្តិភាព ឯករាជ្យជាតិ និងការអភិវឌ្ឍ ជាពិសេសឧបាយកលបដិវត្តន៍ពណ៌ដើម្បីដណ្តើមអំណាចដែលផ្ទុយពីរដ្ឋធម្មនុញ្ញ។ លោកបានផ្តាំផ្ញើដល់ក្មួយៗដែលប្រឡងជាប់ត្រូវបន្តខិតខំសិក្សារៀនសូត្រ ចាប់យកជំនាញទៅបន្តការសិក្សានៅថ្នាក់បរិញ្ញបត្រឱ្យទទួលបាន ជ័យលាភីបន្តទៀត។
បើតាមរបាយការណ៍របស់ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹងថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧ ខេត្តប៉ៃលិនមានបេក្ខជន ៣១៦នាក់ ស្រី១៦៩នាក់ បេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន១នាក់ ស្រី ១នាក់ និទេ្ទសB ចំនួន ៨នាក់ ស្រី៥នាក់ ទិទ្ទេសC ចំនួន ១២នាក់ ស្រី៥នាក់ និទេ្ទស D ចំនួន១៨នាក់ ស្រី១១នាក់ និទ្ទេស E ចំនួន១៥៩នាក់ ស្រី៨៥នាក់ និងសិស្សដែលប្រលងធ្លាក់មានចំនួន ១១៨នាក់ ហើយនៅក្នុងឱកាសនោះ លោក កើត សុធា អភិបាលខេត្តប៉ៃលិន ក៏បានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួនម្នាក់ ម៉ូតូ copy ១គ្រឿង កុំព្យូទ័រយួដៃ១គ្រឿង សិស្សនិទ្ទេស B ចំនួន៨នាក់ ដោយម្នាក់ៗថវិកា ៥០ម៉ឺនរៀល និងសិស្សនុសិស្សចូលរួមចំនួន ១១០នាក់ម្នាក់ៗថវិកា ១ម៉ឺនរៀន និងសំភារៈសិក្សាមួយចំនួនផងដែរ៕




No comments:

Post a Comment