Tuesday, November 14, 2017

កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២០ បានពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងនយោបាយ

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចប្រជុំកំពូលអាស៊ាន-បូកបី ដែលធ្វើឡើងនៅ Reception Hall, PICC ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នៅក្នុងកិច្ចប្រជុំកំពូលនេះមានការយាង និងអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំនៃប្រទេសអាស៊ាន និងមេដឹកនាំប្រទេសបូកបី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េផងដែរ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់បំផុតទៅលើការខិតខំប្រឹងប្រែងក្នុងការកសាងតំបន់អាស៊ាន និងប្រទេសជាដៃគូសន្ទនារបស់អាស៊ានទាំងអស់ ប្រកបដោយសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងឱកាសនេះដែរ មេដឹកនាំអាស៊ាន និងមេដឹកនាំនៃប្រទេសបូកបី បានឯកភាពគ្នាក្នុងការចេញនូវសេចក្តីថ្លែងការណ៍ទីក្រុងម៉ានីលស្តីពីខួប ២០ឆ្នាំ នៃទំនាក់ទំនងអាស៊ានបូកបី ស្តីពីសន្តិសុខស្បៀង។ ថ្នាក់ដឹកនាំឯកភាពពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងនយោបាយ ទាំងសន្តិសុខ ប្រពៃណី ដូចដែលមានចែងក្នុងផែនការការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២)។
ថ្នាក់ដឹកនាំអាស៊ានបូក៣ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពបង្កហេតុ និងការគម្រាមកំហែងនាពេលថ្មីៗនេះ ជំរុញឱ្យកូរ៉េខាងជើងគោរពតាមកាតព្វកិច្ចរបស់ខ្លួនជាបន្ទាន់ នូវរាល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ថ្នាក់ដឹកនាំបានគាំទ្រគំនិតផ្តួចផ្តើម ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកូរ៉េទាំងពីរឆ្ពោះទៅការបង្កើតឡើងនូវសន្តិភាពក្នុងឧបទ្វីបកូរ៉េ និងបានកត់សម្គាល់នូវគំនិតផ្តួចផ្តើមចុងក្រោយ ដែលបានស្នើឡើងដោយសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងប៊ែរឡាំង។ ថ្នាក់ដឹកនាំអាស៊ាន បានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួនដើម្បីដើរតួនាទីស្ថាបនា ក្នុងការរួមចំណែកកសាងសន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ៕



No comments:

Post a Comment