Tuesday, November 14, 2017

លិខិតមិត្តអ្នកអាន៖ មិនរៀន មិនរាប់ មិនរស់

បន្ទាប់ពីមិនឆ្លើយ មិនឆ្លង មិនឈ្លោះ បងៗនៅក្នុងបក្សយើង គួរតែរកអ្វីល្អជាង មិនចុះចាញ់ មិនចាកចេញ មិនចុះចូល ព្រោះថា៖ នៅពេលដែលបក្សរលាយ មេៗរត់ចោលស្រុកអស់ ឬជាប់គុក ហើយកូនចៅនៅមូលដ្ឋាន ត្រូវរងារត់ចូលជ្រកជាមួយបក្សកុម្មុយនីស្តដើម្បីរក្សាកៅអី និងសេចក្តីសុខ តើមាននៅសល់អ្វីក្រៅពីពាក្យស្លោក ពងមាន់ទៅជល់នឹងថ្ម?

តាមពិតបក្សយើង គួររៀនពីបទពិសោធន៍យោបាយជាតិជិត ២៥ឆ្នាំនេះ។ បទពិសោធន៍បានបង្ហាញថា គ្មាននរណាអាចបំផ្លាញបក្ស ដែលយើងហៅថាកុម្មុនីស្តមួយនេះ ឱ្យរលំរលាយបានទេ ដរាបណានៅមាន ហ៊ុន សែន។ នរោត្តម រណរិទ្ធ ធ្លាប់សាកហើយ ទោះឈ្នះ លើសង្វៀនសន្លឹកឆ្នោត ដោយមានបច្ចឹមប្រទេសគាំទ្រ (១៩៩៣) ទោះមានទាំងកម្លាំងខ្មែរក្រហមមកជួយវាយ (១៩៩៧) តែទីបំផុតកាន់តែចង់ឈ្នះឆាប់ កាន់តែឆាប់រលាយ។ មានអ្នកថា មកពីក្រុមព្រះជាមនុស្សចោលម្សៀត តែក្រុមយើង ក៏សំបូរពួកចោលម្សៀតនេះច្រើនណាស់ដែរ។ យើងមានកម្លាំង និងសន្ទុះខ្លាំងណាស់ នៅ២០១៣ តែបក្សយើងមិនបានថែរក្សាកម្លាំងនេះ ឱ្យកើនឡើងនៅឆ្នាំ២០១៧ទេ។

ឯកឧត្តមប្រធានមុន សម រង្ស៊ី បានដឹងច្បាស់ណាស់ ថាគេនឹងរករឿងរំលាយបក្សយើង ចឹងហើយទើបលោកលាលែងចេញឱ្យដាច់តែម្តង។ តែលោកប្រធានថ្មីឡើងមកភ្លាម រុះរើបញ្ជីបក្សគ្មានប្រណី។ ដាក់អ្នកអែបអប និងបក្ខពួកខ្លួន ឱ្យឈរក្បាលបញ្ជី ហើយធាក់អ្នកមានសមត្ថភាព និងប្រជាប្រិយភាព មកពីខាងឯកឧត្តម សម រង្ស៊ី ទៅចុងប៉ូច តាមការផ្លុំត្រចៀករបស់ សួន រីដា ។ តើនេះមិនមែនចោលម្សៀត ដូចក្រុមព្រះទេឬអី?

តាមពិតបក្សយើងមានឱកាសល្អណាស់ នៅ២០១៧។ ប្រសិនបើយើង រក្សាសំឡេងដើម ២០១៣ បាន ឬឈ្នះដាច់ ដូចដែលយើងធ្លាប់ប្រាប់ចលនាប្រជាជនថា យើងនឹងឈ្នះនោះមែន ម្ល៉េះសមថ្ងៃនេះ យើងមានមុខផ្សេង។ មុខដែលមិនចាំបាច់រត់ចោលស្រុក ឬជាប់គុក ព្រោះ ពួកកុម្មុនិីស្តនឹងញញើតយើងបន្តិច តែយើងខាតឱកាសនេះបាត់ទៅហើយ។ ជិត ២៥ឆ្នាំនេះ យើងខំសន្សំកម្លាំងគាំទ្រ និងកម្លាំងបណ្ដុះកំហឹងលើបក្សកាន់អំណាច ដើម្បីប្រមូលសំឡេង តែ កឹម សុខា ធ្វើឱ្យយើងខាតបង់អស់ ដល់អស់ទាំងបក្សទៀត។ តាមពិតបើ កឹម សុខា យកគំរូតែមួយចំណិតរបស់ឯកឧត្តម សម រង្ស៊ី ដោយកាត់ផ្តាច់ខ្លួនពីបក្ស បើកផ្លូវឱ្យបក្សរើសប្រធានថ្មី ប្រធានវ័យក្មេង ដែលមិនមែនជាខ្សែស្រឡាយ សាច់ឈាមមេចាស់ ប្រហែលពួកកុម្មុនីស្ត គ្មានលេសនឹងរំលាយបក្សយើងទេ។ នេះហើយបញ្ហាមិនរៀនពីបទពិសោធន៍។ នេះហើយកំហុសមិនឆ្លើយ មិនឆ្លង មិនឈ្លោះ។ មិនរៀនគឺមិនរស់!

ទីពីរយើងគួរចេះរាប់! ចេះរាប់ជារឿងសំខាន់ណាស់ ព្រោះជិត ២៥ឆ្នាំមកនេះ យើងតែងតែថា យើងនឹងឈ្នះ រាល់មុនពេលបោះឆ្នោត។ តែដល់បោះហើយ យើងនៅតែថា យើងឈ្នះ តែគេបន្លំ! យើងធ្វើបាតុកម្ម! គេវ៉ៃយើងទក់សាច់! យើងចូលសភាវិញដដែល។ ទាំងនេះម្តងហើយម្តងទៀត ៤អណត្តិមកហើយ ។ ជាង ២០ឆ្នាំនេះប្រជាជនយើង កាន់តែចេះដឹងខ្លាំង តើឱ្យគេជឿយើងម្តេចបានទៀត? រាល់ការរាប់សន្លឹកឆ្នោត សកម្មជនយើង ទៅឈរមើល ស្ទើរដាច់ជើង គេប្រកាសរួច យើងថាគេលួច! តើអ្នកដែលបានឈរមើល គេជឿយើងប៉ុន្មានដងទៀត? ទាំងនេះតម្រូវឱ្យយើង ចេះរាប់ពិតៗ ។ បើយើងចង់រាប់មែន មានខ្វះអីអង្គការខ្នាតអន្តរជាតិ ដូចជា IRI ឬ Konrad ដែលគេធ្លាប់ជួយយើង។ គេចេះធ្វើការស្ទង់មតិមួយ ដែលមានលក្ខណៈវិទ្យាសាស្រ្ត ឱ្យយើង និងសាធារណមតិ អាចរំពឹងបាន។

អ្វីដែលយើងគួរធ្វើនោះ គឺនយោបាយវែងឆ្ងាយ ដែលតម្កល់ផលប្រយោជន៍ជាតិជាធំ។ សង្គ្រោះជាតិ មិនមែនកឹមសុខា សួនរីដា ប៉ុល ហំ ឬអាក្តណាទេ សូម្បីតែឯកឧត្តមប្រធាន សម រង្ស៊ី ក៏គាត់បានយល់ច្បាស់ណាស់ បានលោកសុខចិត្តលាចេញ។ សង្គ្រោះជាតិ គឺត្រូវតែជាស្មារតីរួមមួយនៃខ្មែរយើងដើម្បីខ្មែរ។ ក្នុងន័យនេះ យើងត្រូវចេះរាប់ និងចេះគិតវែងឆ្ងាយ។ គិតថាពេលណាយើងត្រូវដឹកនាំពេលណា យើងត្រូវប្រឆាំង ក្នុងន័យស្ថាបនាជាតិ។ តាមពិតទោះយើងមិនដឹកនាំ ប្រទេសផ្ទាល់ក៏យើងអាចជួយជាតិបានពិតៗ តាមរយៈការប្រឆាំងស្ថាបនា ហើយបន្តរាប់យកអ្នកគាំទ្រយើង រហូតដល់យើងមានកម្លាំង លើសលប់ពិតប្រាកដ ដូចលោកស្រី អង់សាងន ស៊ូជី នៅភូមា។ ប៉ុន្តែម៉ោងនេះទៅមុខនយោបាយ កឹម សុខា និងបក្ខពួកមិនអាចឱ្យយើងមានលទ្ធភាពពេលលេញជួយជាតិឡើយ។ ទាំងនេះព្រោះតែយើង មិនចេះរៀន មិនចេះរាប់ និងមិនចេះរស់។ ចេះរស់គឺចេះប្រឆាំង។

យើងធ្វើបក្សប្រឆាំងមិនចង្រៃទេ។ ចង្រៃតែមនុស្សចង្រៃមួយចំនួន ដែលមិនចេះរស់ ដើម្បីឈ្នះ តែប្រញាប់ទៅដើរ ធ្វើរបស់ប្លែកៗ ឱ្យគេមានលេសចាប់យើង រំលាយយើង។ ប្រញាប់ចង់កាន់អំណាចគឺមិនគិតវែងឆ្ងាយ សង្គ្រោះជាតិមិនដែលមានចរិតជាបក្សនយោបាយពិតប្រាកដ ប្រកបដោយកម្មវិធីនយោបាយច្បាស់លាស់ទេ ។ យើងមិនបានកសាងធនធានមនុស្សរឹងមាំ ដើម្បីគ្រប់គ្រងប្រទេសបើថ្ងៃណាមួយ យើងឈ្នះពិតមែននោះទេ តើធនធានមនុស្សបក្សយើង ត្រូវយកពីណាដើម្បីគ្រប់គ្រងប្រទេស បើថ្ងៃណាមួយ យើងឈ្នះពិតមែន? តែយើងចេះរស់និងចេះឱ្យគេរស់ឬទេ? រស់ គឺជាសិទ្ធិធំណាស់ តែរស់ក៏ជាសិល្បៈមួយដែលពិបាកសម្ដែងដែរ។ មិនចេះរស់ និងមិនចេះឱ្យគេរស់ គឺគ្មានសុខដុមរមនា។ ក្នុងន័យនេះវប្បធម៌សន្ទនា ដែល កឹម សុខា យកមកបំផ្លាញ ធ្វើឱ្យយើងពិបាករកក្រឡារស់ផ្នែកនយោបាយ។ តើទាំងនេះបក្សយើងបានយល់ឬទេ? ជាង២០ឆ្នាំមកនេះ បក្សយើងគួរតែមានភាពចាស់ទុំផ្នែកនយោបាយ ហើយពង្រឹងខ្លួនជាបក្សនយោបាយនឹងធឹងមួយដែលគេអាចទុកចិត្តបានពិតប្រាកដ ប៉ុន្តែពេលនេះប្រហែលជាហួសពេលទៅហើយ ។

ដូច្នេះទោះសង្គ្រោះជាតិ ត្រូវរលាយនៅថ្ងៃខាងមុខ តែយើងមិនត្រូវឱ្យស្មារតីស្នេហាជាតិ របស់យើងរលាយឡើយ។ សង្គមយើងនៅតែត្រូវការសំឡេងប្រឆាំង ដើម្បីស្ថាបនា ទោះសំឡេងនោះ ត្រូវមកនៅក្នុងបក្សកាន់អំណាច ឬនៅទីណាក្តី សំខាន់បំផុតយើងនៅតែតស៊ូ ដើម្បីប្រជារាស្ត្រខ្មែរ និងផលប្រយោជន៍ជាតិ។ បទពិសោធន៍ត្រូវតែយកមកធ្វើជាមេរៀន។ មិនរៀន មិនរាប់ គឺមិនរស់ ឃ្លានេះមានន័យ សម្រាប់ប្រជាជាតិខ្មែរ ទាំងមូល មិនមែនតែសម្រាប់ បងប្អូនសង្គ្រោះជាតិទេ ។

ដោយ ស៊ុត សម
១៣ វិច្ឆិកា ២០១៧


No comments:

Post a Comment