Tuesday, February 16, 2021

ពិធីស្រោចស្រពសុគន្ធវារី និងពិធីបញ្ចុះបឋមសិលាកសាងប្រាសាទដំកល់ព្រះសពព្រះមហាថេរៈបុញ្ញនន្ទោ សម បុណ្យសាន្ត

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យយាងក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន ឱ្យឡើងទីជា ព្រះមុនីសីលវង្សា ព្រះរាជាគណៈថ្នាក់កិត្តិយស និងពិធីបញ្ចុះបឋមសិលាកសាងប្រាសាទដំកល់ព្រះសពព្រះមហាថេរៈបុញ្ញនន្ទោ សម បុណ្យសាន្ត នៅវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។


ក្នុងពិធីក៏មានការអមព្រះរាជដំណើរដោយសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិរងទទួលបន្ទុកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី ជាព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះឥន្ទសិរីវង្ស តាត វិបុល ព្រះរាជាគណៈថ្នាក់កិតិ្តយស និងមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ឯក ហ៊ុន ជា, លោកស្រី ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល លោក ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក សមាគមន៍នារី ស.ស.យ.ក.ស្រុក អាចារ្យ គណៈកម្មការ ប្រជាពលរដ្ឋ។


ក្នុងឱកាសនោះ សម្តេចរួមនឹងថ្នាក់ដឹកនាំបាននិមន្ត និង ចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះ ក្នុងឱកាសនោះចំនួន ២៦គ្រួសារដោយមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១ យួរ, សារុង២ និងថវិកាក្នុងមួយគ្រួសារចំនួន ៥ ម៉ឺនរៀល ៕






No comments:

Post a Comment