Monday, February 29, 2016

កម្ពុជា-គុយបា បង្ហាញនូវជំហរគាំទ្រគ្នាទៅវិញទៅមក

នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះប្រទេសកម្ពុជា និង ប្រទេស គុយបា បាន បង្ហាញនូវជំហរគាំទ្រគ្នាទៅវិញទៅមក ហើយការគាំទ្រគ្នានេះបានលើកឡើងនៅ ក្នុងការជួប សម្តែងការគួរសម និងសវនាការទ្វេភាគី រវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដឺ ចេហ្សឺស(Juan be Jesus.Hidalgo –Gato Peres) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជានៅវិមានរដ្ឋសភា។
តាមប្រសាសន៍ឯកឧត្តម កែវ ពិសិដ្ឋ មន្ត្រីនាំពាក្យសម្តេចប្រធានរដ្ឋសភាបានឱ្យដឹង ក្រោយជំនួប នោះថា ជាមួយនឹងការពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីឯកឧត្តមប្រធាន រដ្ឋសភាគុយបា ជូនសម្តេចប្រធាន ឯកឧត្តម ដឺ ចេហ្សឺស ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋ គុយបាតែងតាំង ថ្មីជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា។
ឯកឧត្តមបន្ថែមថា វាជាកិត្តិយសសម្រាប់រូបឯកឧត្តម ដែលបានមកបំពេញការងារ ជា ឯកអគ្គរដ្ឋទូតនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ប្រទេសទាំងពីរកម្ពុជា-គុយបា ធ្លាប់មានទំនាក់ទំនងស្អិតរមួតជាមួយគ្នាក្នុងរយៈកន្លងមក ហើយកន្លងមក សភាប្រទេស ទាំងពីរក៏មានក្រុមមិត្តភាពសភាកម្ពុជា-គុយបា និងក្រុមមិត្តភាពសភាគូបា-កម្ពុជាផងដែរ។ តាមរយៈក្រុមមិត្តភាពសភាប្រទេសទាំងពីរនេះ បានបន្តកិច្ចសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួត ដែលបង្ហាញឱ្យឃើញថា ទំនាក់ទំនងកម្ពុជា-គុយបា ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិកម្ពុជា-គុយបាកាន់តែប្រសើរឡើង។ ក្នុងនាម ជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ឯក ឧត្តមថានឹងខិតខំធ្វើយ៉ាងណា ដើម្បីឱ្យទំនាក់ទំនងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែមានភាពស្អិតរមួតថែមទៀត។ ឯកឧត្តមក៏បាន អរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋសភាកម្ពុជា ដែលបានគាំទ្រដល់ប្រទេសគុយបា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍ និងអបអរសាទរ ចំពោះឯកឧត្តម ដឺ ចេហ្សឺស ដែលត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋគុយបាតែងតាំង ថ្មីជា ឯកអគ្គរដ្ឋទូតគូបាប្រចាំកម្ពុជា។
សម្តេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតគុយបាមុនៗ ដែលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការបន្តថែរក្សាពូនជ្រុំទំនាក់ទំនងកិច្ច សហប្រតិបត្តិការ កម្ពុជា-គុយបា កាន់តែមានភាពល្អប្រសើរ។
សម្តេចប្រធានសង្ឃឹមថា ក្នុងអាណត្តិការទូតថ្មីរបស់ឯកឧត្តមនៅកម្ពុជា នឹងបន្តទំនាក់ទំនង ប្រទេសទាំងពីរកម្ពុជា-គុយបា ត្រូវបានលើកកម្ពស់ និងទទួលបានផ្លែផ្កាថ្មីៗថែមទៀត។ សម្តេចក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនគូបា ដែលបានឧបត្ថម្ភគាំទ្រដល់ កម្ពុជាតាំងពីដំណាក់កាលប្រទេសកម្ពុជា ត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុលពត ឆ្នាំ១៩៧៩ រហូតកម្ពុជាមានការអភិវឌ្ឍដូចបច្ចុប្បន្ន។
សម្តេចក៏បានអរគុណដល់រដ្ឋាភិបាលគុយបាផងដែរ ដែលនៅតែបន្តផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាបានទៅសិក្សានៅគុយបា សម្រាប់ជាធនធានយ៉ាងសំខាន់ ក្នុងការជួយ អភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចសូមគាំទ្រពេញទំហឹង ដើម្បីឱ្យបេសកកម្មការទូតក្នុងអាណត្តិថ្មីរបស់លោកទទួលបានជោគជ័យ៕



No comments:

Post a Comment