Monday, February 29, 2016

សម្តេច​តេជោ ហ៊ុន សែន អះអាង​ថាការលើក​ឡើងថា «គ្រូពេទ្យ​១០០ ខូច ៩៩ភាគ​រយ» ជាការ​ប្រមាថធ្ងន់​ធ្ងរដល់ក្រុម​គ្រូពេទ្យ​កម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងចំពោះការលើកឡើងថា «គ្រូពេទ្យ ១០០ ខូច ៩៩ភាគរយ» ដោយសម្តេចចាត់ទុកការលើកឡើងនេះ ជាការប្រមាថដ៏ធ្ងន់ធ្ងរមួយទៅលើក្រុមគ្រូពេទ្យកម្ពុជា។
សម្តេចបានមានប្រសាសន៍ដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានទទួលស្គាល់ថា នៅកម្ពុជាមានចំណុចខ្វះខាតក្នុងវិស័យសុខាភិបាល មានគ្រូពេទ្យខ្លះខ្វះក្រមសីលធម៌ មានគ្រូពេទ្យគិតលុយជាធំ និងគ្រូពេទ្យប្រើសម្តីអាក្រក់ដាក់អ្នកជំងឺ តែក៏មានគ្រូពេទ្យជាច្រើនមានក្រមសីលធម៌ថ្លៃថ្នូរ និងបានជួយសង្រ្គោះជីវិតអ្នកជំងឺផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចបានស្តាប់ឮ ឃើញមានសំឡេងត្អូញត្អែរ ពីសំណាក់ពលរដ្ឋរបស់យើងមួយចំនួន រហូតមានអ្នកធ្វើអត្ថាធិប្បាយទៅដល់ប្រមាថ មាក់ងាយចំពោះគ្រូពេទ្យរបស់យើង។ ត្រង់ចំណុចនេះយើងត្រូវទទួលស្គាល់ថា នៅមានចំណុចខ្វះខាត ប៉ុន្តែមិនដល់ថ្នាក់ ១០០ ខូចអស់៩៩ នៅសល់តែមួយនោះទេ។ សម្តេចក៏បានបន្តទៀតថា រហូតមានអ្នកខ្លះអំពាវនាវឲ្យធ្វើបដិវត្តន៍នៅក្នុងគ្រូពេទ្យដែលទាំងអស់នេះ ធ្វើឱ្យសម្តេចមិនអាចទទួលបានជាដាច់ខាត។

គេនៅចាំបានថា អ្នកដែលបានលើកឡើងថា គ្រូពេទ្យ ១០០ ខូច ៩៩ភាគរយ នេះ គឺជាលោកវេជ្ជបណ្ឌិត គួច ម៉េងលី ហើយក៏ត្រូវបានគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា ស្នើឲ្យមានការសូមទោស រហូតមានការឆ្លើយឆ្លងលិខិតគ្នាជាច្រើនលើក ដោយលោក គួច ម៉េងលី មិនព្រមសុំទោសនូវអ្វីដែលខ្លួនបានលើកឡើងនោះឡើយ។ ចុងក្រោយការឆ្លើយឆ្លងលិខិត    រវាងលោក គួច ម៉េងលី និងគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា ត្រូវបានបញ្ចប់ បន្ទាប់លោក គួច ម៉េងលី ព្រមទទួលស្គាល់ថា នៅកម្ពុជាក៏មានគ្រូពេទ្យជាច្រើនមានក្រុមសីលធម៌វិជ្ជាជីវៈល្អ៕





No comments:

Post a Comment