Tuesday, February 28, 2017

លោក ហ៊ុន សែន បានរិះគន់ជាថ្មីម្តងទៀតចំពោះអ្នកដែលបានលើកឡើងសញ្ញាបត្រស្រុកខ្មែរ គ្មានតម្លៃ

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់ជាថ្មីម្តងទៀតចំពោះអ្នកដែលបានលើកឡើងសញ្ញាបត្រស្រុកខ្មែរ គ្មាន​តម្លៃនោះ។ លោក ហ៊ុន សែន បានលើកឡើងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការអគារសិក្សា០១ខ្នង ១៨​បន្ទប់ និងអគារទីចាត់ការ០១ខ្នង ស្មើ០៣បន្ទប់ នៅវិទ្យាល័យ​តេជោ ហ៊ុន សែន បឹង ស្ថិតនៅភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ថ្លែងរំលឹកដល់លោកគ្រូ អ្នកគ្រូ សា​ស្រ្តា​ចារ្យថា មិនត្រូវភ្លេចទេ គេធ្លាប់លើកឡើងថា សញ្ញាបត្រស្រុកខ្មែរគ្មានតម្លៃ។ ប៉ុន្តែ​ទោះ​បីជាគេបង្អាប់យ៉ាងណាក៏ដោយ យើងមានកូនសិស្សរៀននៅសាលារបស់យើងត្រឹម​ត្រូវ ហើយ​​ឥឡូវនេះ យើងមានស្តង់ដារនៃសិស្សតទៅទៀត ខាងមុខប្រហែលជានៅ​ខេ​ត្តកំ​ពង់​ចាម​នេះ គរុសិស្សមិនមែន ១២ + ២ ទៀតទេ អាចឈានដល់ ១២ + ៤ ដើម្បីឱ្យ​គុណភាព​របស់​គ្រូ​កាន់តែខ្ពស់ទៅៗ នេះជាចំណុចសំខាន់។
លោក ហ៊ុន សែន ក៏បានថ្លែងកោតសរសើរផងដែរពីការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលកម្ពុជា យើង បានដើរឆ្លងនូវចំងាយមួយដ៏វែង ពីស្ថានភាពលំបាកលំបិនមកកាន់ស្ថានភាពល្អប្រសើរ ជាងមុន៕

No comments:

Post a Comment