Tuesday, February 28, 2017

ហុងកុង ជាប់ចំណាត់ថ្នាក់ទី៣ នៃការវិនិយោគមកកម្ពុជាដែលមានទឹកប្រាក់ប្រមាណ ១.២៥ពាន់លានដុល្លារ

(ភ្នំពេញ) ៖ យោងតាមតួលេខ ដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៧ថា ការវិនិយោគរបស់ហុងកុងនៅកម្ពុជា ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៦ មានចំនួន ២៤៤ គម្រោង មានទុនវិនិយោគសរុបប្រមាណ ១.២៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ២,១៩% នៃទុនវិនិយោគសរុប។
ដោយឡែក ការវិនិយោគរបស់ហុងកុងក្នុងឆ្នាំ២០១៦ គឺមានចំនួន១៤ គម្រោងក្នុងផលិតកម្មស៊ីម៉ងត៍ កាត់ដេរសំលៀកបំពាក់ ស្បែកជើង កាបូប កសិឧស្សាហកម្ម និងឧស្សាហកម្មដទៃទៀត ក្នុងទឹកប្រាក់វិនិយោគប្រមាណ ៣២០លានដុល្លារអាមេរិក ស្មើនឹង៩.៨៥% នៃទុនវិនិយោគសរុបប្រចាំឆ្នាំ២០១៦ ហើយដែលបានធ្វើឱ្យការវិនិយោគរបស់ហុងកុងស្ថិតក្នុងលំដាប់លេខរៀងទី ៣ បន្ទាប់ពីចិន និងជប៉ុន ក្នុងចំណោមការវិនិយោគផ្ទាល់ពីបរទេសនៅឆ្នាំ២០១៦កន្លងទៅ។
លោក ម៉ា សួយឆឹង (Ma Siu-cheung) លេខាធិការទទួលបន្ទុកកិច្ចអភិវឌ្ឍនៃតំបន់រដ្ឋបាលពិ​សេ​ស​​​ហុងកុង ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ ពាណិជ្ជកម្មហុងកុង មក​កម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈនេះ បានថ្លែងថា ហុងកុង នឹងខិតខំធ្វើការផ្សព្វផ្សាយ និងជំរុញ​ឱ្យអ្នកវិនិយោគហុងកុង ឱ្យមកបណ្ដាក់ទុននៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបន្តរឹតចំណងមិត្តភាព និងទំនាក់ទំនងសេដ្ឋកិច្ចនៃប្រជាជាតិទាំងពីរ។
សម្រាប់ លោក សុខ ចិន្តាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រីថ្លែងថា ភាពអំណោយផល នៃបរិយាកាសវិនិយោគ, ស្ថិរភាពនយោបាយ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខពេញលេញ ដែល​​កត្តាទាំងនេះ បានធ្វើឱ្យកម្ពុជាស្ថិតនៅលើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងរយៈពេលជាង ២ទសវត្ស ដោយសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧.៧%ក្នុងមួយឆ្នាំ។
លោក បានបន្តថា ការវិវឌ្ឍនេះបានធ្វើឱ្យកម្ពុជាធ្វើដំណើរយ៉ាងក្លៀវក្លាប្រកបដោយភាពជឿជាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយឈរលើភាពច្បាស់លាស់នេះ អ្នកវិនិយោគបរទេស បានបណ្តាក់​ទុន លើគ្រប់វិស័យរួមទាំងវិស័យសំណង់៕

No comments:

Post a Comment