Tuesday, February 28, 2017

បាតុកម្មនៅទីក្រុង New York ការពារប្រព័ន្ធផ្សព្វផ្សាយ ចំពេលមានការវាយប្រហារពីលោក Trump

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានមនុស្សប្រមាណជា ២៥០ នាក់ បានធ្វើបាតុកម្មគាំទ្រប្រព័ន្ធផ្សព្វផ្សាយ ចំពេលដែលការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយពីសំណាក់លោក Trump កំពុងកើនឡើង។
ទោះបីជាទីក្រុង New York ដែលជាមូលដ្ឋានរបស់ក្រុមអ្នកប្រជាធិបតេយ្យត្រូវបានក្លាយជាទីកន្លែងដែលមានការធ្វើបាតុកម្មមួយចំនួនចាប់តាំងពីការជាប់ឆ្នោតរបស់លោក Trump ក៏ដោយ ក៏បាតុកម្មលើកនេះ គឺជាបាតុកម្មលើកដំបូង ដែលធ្វើឡើងបង្ហាញពីការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយ។
កាលពីថ្ងៃសុក្រកន្លងទៅ សេតវិមានបានហាមឃាត់អ្នកសារព័ត៌មានមកពីស្ថាប័នមួយចំនួនដូចជា The New York Times និង CNN មិនឱ្យចូលទៅក្នុងការិយាល័យរបស់រដ្ឋមន្រ្តីព័ត៌មាន Sean Spicer ទេនៅពេលរដ្ឋមន្រ្តីរូបនោះកំពុងធ្វើសន្និសីទសារព័ត៌មានដោយសង្ខេបមួយ។
បញ្ហានេះបានកើតឡើងបន្ទាប់ពីលោក Trump បានធ្វើការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ​នៅព្រឹកថ្ងៃដដែលនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអភិរក្សនិយម លោក Trump បានរិះគន់លើ “ព័ត៌មានក្លែងក្លាយ” ហើយគាត់ចាត់ទុកប្រព័ន្ធផ្សព្វផ្សាយគឺជា “សត្រូវរបស់ប្រជាជន”។
ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន The New York Times ទទួលបាននូវការចុះឈ្មោះចូលមើល (Subscribers) រាប់ពាន់នាក់បើទោះបីជាជម្លោះរវាងលោក Trump និងប្រព័ន្ធផ្សព្វផ្សាយមានការកើនឡើងក៏ដោយ។
បើទោះបីជាអាកាសធាតុត្រជាក់ក៏ដោយ បាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅផ្លូវចូលទីស្នាក់ការកណ្តាលរបស់សារព័ត៌មាន The New York Times ដោយអ្នកខ្លះរុំមុខមាត់របស់ពួកគេ ហើយកាន់បដា ដែលនិយាយថា រដ្ឋធម្មនុញ្ញអាមេរិកធានានូវសិទ្ធិសេរីភាពសារព័ត៌មាន។
ក្រុមបាតុកម្ម ក្រោយមកបានផ្លាស់ប្តូរទីកន្លែងពីទីស្នាក់ការ The New York Time ទៅកាន់ទីស្នាក់ការសារព័ត៌មាន Fox News និងក្រោយមកទៅកាន់ NBC News។
លោកស្រី Marie Smith គ្រូបង្រៀនចូលនិវត្តន៍ម្នាក់បាននិយាយថា “នៅពេលដែលក្រុមជនផ្តាច់ការចូលកាន់អំណាច ពួកគេនឹងគៀបសង្កត់ប្រព័ន្ធផ្សព្វផ្សាយ។ វាគឺជារឿងទីមួយដែលពួកគេត្រូវធ្វើ។ យើងកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃលទ្ធិហ្វាស៊ីសនិយម។”
លោកស្រ្តីបន្ថែមថា “យើងត្រូវបន្តដើរក្បួនតវ៉ានេះ ហើយសារព័ត៌មានត្រូវយកចិត្តទុកដាក់លើរឿងនេះ។ “ខ្ញុំគិតថា យើងនឹងឈ្នះ បើទោះបីជាខ្ញុំមិនដឹងថា វានឹងមានរយៈពេលយូរប៉ុនណានោះក៏ដោយ។”
មេធាវីការពារសិទ្ធិមនុស្សលោក​ Betsy Apple ដែលជាបាតុករម្នាក់ដែរនោះបាននិយាយថា “លទ្ធិប្រជាធិបតេយ្យមិនអាចដំណើរការទៅបានទេ បើពុំមានសេរីភាពសារព័ត៌មាននោះ”។
លោក Greg Hanlon អ្នកកាសែតម្នាក់របស់ទស្សនាវដ្តី People ដែលបានចូលរួមធ្វើបាតុកម្មជាមួយនឹងប្រពន្ធរបស់គាត់ និងកូនស្រីរបស់គាត់អាយុ ៤ ឆ្នាំ បាននិយាយថា “វាគឺជារឿងសំខាន់ក្នុងការក្រោកឈរឡើង ដើម្បីកុំឱ្យបញ្ហានេះកាន់តែអាក្រក់ឡើង៕
ប្រភព : AFP ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧

No comments:

Post a Comment