Tuesday, February 28, 2017

ក្រុមចារកម្មកូរ៉េខាងត្បូងអះអាងថា លោក គីម ជុងអ៊ុន ជាអ្នកបញ្ជាឱ្យសម្លាប់បងប្រុសម្ដាយទីទៃរបស់ខ្លួន

កូរ៉េខាងត្បូង៖ ក្រុមចារកម្មកូរ៉េខាងត្បូងបានឱ្យដឹងថា ក្រសួងកូរ៉េខាងជើងចំនួន២ បានរៀបចំគម្រោងសម្លាប់លោក គីម ជុងណាម ដោយមានការបញ្ជាពីប្អូនប្រុសម្ដាយទីទៃ និងជាមេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន។
ក្រុមតំណាងរាស្ត្រនៅទីក្រុងសេអ៊ូលដែលនាំសម្ដីរបស់ក្រុមចារកម្មកូរ៉េខាងត្បូង បានអះអាងថា ក្រសួងការបរទេស និងក្រសួងសន្តិសុខជាតិកូរ៉េខាងជើងបានជ្រើសរើសស្ត្រីសង្ស័យ ២នាក់ ឱ្យធ្វើឃាតលោក គីម ជុងណាម។ លោក គីម ប្យ៊ុងគី តំណាងរាស្ត្រកូរ៉េខាងត្បូង បាននិយាយនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា ការសម្លាប់លោក គីម ជុងណាម គឺជាទង្វើភេរវកម្មបញ្ជាដោយលោក គីម ជុងអ៊ុន ហើយប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយក្រុម២ និងក្រុមមួយទៀតចាំជួយពីក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយកូរ៉េខាងជើងបានធ្វើការច្រានចោលទាំងស្រុង រាល់ការជាប់ពាក់ព័ន្ធណាមួយនឹងការស្លាប់របស់លោក គីម ជុងណាម ហើយថែមបានចោទប្រកាន់សារព័ត៌មានកូរ៉េខាងត្បូងថា បានរាយការណ៍ព័ត៌មានមិនពិត។
សូមបញ្ជាក់ថា លោក គីម ជុងណាម ត្រូវបានស្ត្រី ២នាក់ សម្លាប់ដោយប្រើថ្នាំពុលនៅឯអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ ខណៈពេលដែលលោកកំពុងរង់ចាំឡើងយន្តហោះឆ្ពោះទៅកាន់ទីក្រុងម៉ាកាវ។ សូមបញ្ជាក់ថា លោកបានស្លាប់តាមផ្លូវទៅកាន់មន្ទីរពេទ្យនៅរយៈពេលប្រហែល ២០នាទីក្រោយ៕

No comments:

Post a Comment