Tuesday, February 28, 2017

ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ រាជរដ្ឋាភិបាល នឹងចំណាយថវិកាជាង៧លានដុល្លារសម្រាប់ឧបត្ថម្ភដល់មន្រ្តីរាជការ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល នឹងត្រូវចំណាយថវិកាជាង៧លានដុល្លារ សម្រាប់ឧបត្ថម្ភដល់មន្រ្តីរាជការនៅទូទាំងប្រទេស នាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅថ្ងៃទី ១៤-១៦ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ។ លោក ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការអគារសិក្សា០១ខ្នង ១៨​បន្ទប់ និងអគារទីចាត់ការ០១ខ្នង ស្មើ០៣បន្ទប់ នៅវិទ្យាល័យ​តេជោ ហ៊ុន សែន បឹង ស្ថិតនៅភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ការគិតមួយថ្ងៃៗ គឺមិនងាយស្រួលទេ ត្រូវដំណើរការទៅមុខជាជំហានៗទៅតាមស្ថានភាពជាក់ស្តែង ហើយ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ គឺរាជរដ្ឋាភិបាល នឹងចំណាយថវិកាជាង ៧លានដុល្លារ ដើម្បីឧបត្ថម្ភដល់មន្រ្តីរាជការ ដែលនឹងទទួលបានម្នាក់ៗចំនួន៥ម៉ឺនរៀលផងដែរ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ អំពីការផ្លាស់ប្តូររៀបចំប្រាក់ខែគ្រូបង្រៀន និងមន្រ្តីរាជការឱ្យបានសមរម្យដោយបានតម្លើងទៅមុខជាដំណាក់កាលៗ។ ប្រាក់ខែគ្រូបង្រៀន និងគ្រូពេទ្យទាបបំផុតគឺជាង ៩៥ម៉ឺនរៀល ហើយបើអ្នកដែលមានប្រាក់តំបន់ រួមបញ្ចូលបន្ថែមទៀត គឺនឹងទទួលបានជាង១លានរៀល។
ទន្ទឹមនឹង ការឧបត្ថម្ភ និងតម្លើងប្រាក់ខែមន្រ្តីរាជការនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើង ថា តម្លៃនៃការផ្គត់ផ្គង់អគ្គិសនី ក៏នឹងធ្លាក់ចុះផងដែរ ដូចជា៖ ការប្រើប្រាស់​ភ្លើង​ចំនួន ១០គីឡូវ៉ាត់ចុះ មានតម្លៃ ៤៨០រៀល ៥០គីឡូវ៉ាត់ចុះ តម្លៃ៦១០រៀល និង៥០​គីឡូ​វ៉ាត់​​ឡើង តម្លៃ៧៧០រៀល ក្នុងមួយគីឡូវ៉ាត់៕







No comments:

Post a Comment