Tuesday, February 28, 2017

លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន អញ្ជើញជួបនាយកធនាគារជប៉ុន MIZUHO ប្រចាំតំបន់អាស៊ី និង​អូសេអានី នៅវិមានសន្តិភាព

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុញ្ញាតអោយលោក Imai Seiji នាយកប្រតិបត្តិនៃធនាគារ MIZUHO ប្រចាំតំបន់អាស៊ី និងអូសេអានីចូលជួបសំដែងការគួរសម និងពិភាក្សាការងារនារសៀលថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០១៧ នៅវិមានសន្តិភាព ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌នៅក្រោយជំនួបថា លោក Imai Seiji អរគុណ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដែលបានផ្តល់ពេលវេលា និងកិត្តិយស​អោយ​ក្រុមការងារ​លោកបានចូលជួបពិភាក្សាការងារវិនិយោគ។ ទន្ទឹមនឹងនេះ លោកនាយក​បានកោត​សរសើរ លោកនាយករដ្ឋមន្ត្រី ដែលបាន​ខិតខំដឹកនាំប្រទេសកម្ពុជារ​ហូតមានការរីកចម្រើន​មកទល់​សព្វ​ថ្ងៃ។ ធនាគារ MIZUHO គឺជាធនាគារខ្នាតធំជប៉ុនលើកទី១ មកកាន់កម្ពុជាដែលមានសាខា​នៅក្នុង​ប្រទេស​​ចំនួន៣០។ តាមរយៈធនាគារនេះ គឺនឹងសម្រួលដល់ការ​ផ្តល់សេវា​ហិរញ្ញវត្ថុ​ទៅដល់អ្នក​វិនិយោគ​ទាំង​ជនជាតិជប៉ុន កម្ពុជា និងអ្នកវិនិយោគដទៃ​ទៀតដែលមក​បណ្តាក់ទុននៅ​ក្នុងប្រទេស​យើង​ឱ្យកាន់តែងាយស្រួលឡើងថែមទៀត។
ទន្ទឹមនឹងនេះ វត្តមានធនាគារ MIZUHO នឹងនាំមក​នូវអ្នក​វិនិយោគ​ជប៉ុនជាច្រើនមកកម្ពុជានៅពេល​អនាគតខាងមុខនេះ។ លោកនាយកក៏បានថ្លែងអំណរគុណ លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន  ធនាគារ​ជាតិ​កម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានគាំទ្រ និងជំរុញដល់ការ​វិនិយោគ​របស់ធនាគារ​លោក​នៅកម្ពុជា។
លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន​ជប៉ុន​ដែលជួយកម្ពុជាកន្លងមក រួមទាំងការនាំមកនូវសុខសន្តិភាព ការកៀរគរជំនួយ និងការ​ផ្តល់​នូវថវិកា​ជំនួយឥតសំណងចូលរួមស្តារ កសាង និងអភិវឌ្ឍន៍ប្រទេស ហើយក្នុងពេលនេះទៀតសោត គឺកំពុង​តែជួយ​ទាក់ទាញ និងជំរុញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀតផង។
លោកនាយករដ្ឋមន្រី្ត បានបញ្ជាក់ផងដែរថា ឆ្នាំ២០១៦ កន្លងទៅនេះ គឺមានក្រុមហ៊ុន​អាកាស​ចរណ៍ជប៉ុនខ្នាតធំ Anna Air ដែលបានមកវិនិយោគនៅកម្ពុជា ហើយនៅឆ្នាំ ២០១៧ នេះ គឺមានធនាគារ​​ខ្នាតធំជប៉ុន MIZOHO មកកម្ពុជាទៀត។
ទាំងនេះ បញ្ជាក់ប្រាប់ដល់អ្នកវិនិយោគជប៉ុនអោយមានភាពកក់ក្តៅ និងជំនឿទុកចិត្តក្នុង​ការវិនិយោគ​នៅកម្ពុជា។
លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន បានជូនពរឱ្យធនាគារ MIZUHO ទទួលបានជោគជ័យ​ក្នុងការ​បណ្តាក់ទុននៅកម្ពុជា នឹងសង្ឃឹមយ៉ាងមុតមាំថា ធនាគារនឹងបន្តជួយផ្សព្វផ្សាយ ទាក់ទាញអ្នកវិនិយោគ​ទុនជប៉ុន​កាន់​តែច្រើនថែមទៀតមកបណ្តាក់ទុនធ្វើអាជីវកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា៕


No comments:

Post a Comment