Tuesday, February 28, 2017

អគារពាណិជ្ជកម្មខ្ពស់ជាងគេនៅអាស៊ាន និងចាប់ផ្តើមសាងសង់នៅ ខែសីហាខាងមុខនេះ លើទឹកដីកម្ពុជា

ភ្នំពេញ៖ អគារពាណិជ្ជកម្មភ្លោះថៃ ប៊ុនរ៉ុង កំពស់រហូតដល់៥៦០ម៉ែត្រ និងខ្ពស់ជាងគេនៅតំបន់អាស៊ាន ដែលគ្រោង ចំណាយទឹកប្រាក់សាងសង់ ២១០០ លានដុល្លារ និងចាប់ផ្តើមសាងសង់នៅខែសីហា ខាងមុខនេះ។
លោក ទួស សាភឿន អគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា និងជាថ្នាក់ដឹកនាំជាន់ខ្ពស់ មួយរូបនៃ ក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន កាលពីសប្តាហ៍មុនថា អគារពាណិជ្ជកម្មនេះ និងសាងសង់នៅខែសីហា ខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។
លោកបន្តថា អគារនេះ គ្រោងចំណាយពេលសាងសង់រយៈពេល ៣ឆ្នាំ និងចំណាយថវិកាប្រមាណ៥០០០ លានដុល្លារអាមេរិក សម្រាប់សាងសង់ និងដាក់អគារនេះឱ្យដំណើរការដោយរស់រវើក។
អគារពាណិជ្ជកម្មភ្លោះកប់ពពកនេះ គ្រោងដំឡើងកម្ពស់អគារពី៥០០ម៉ែត្រ ដល់៥៦០ម៉ែត្រ ហើយរហូតមកទល់ពេលនេះ ការធ្វើតេស្តដីបានបញ្ចប់ហើយ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ ដើម្បីសាងសង់អគារនេះហើយ។
អគារពាណិជ្ជកម្មភ្លោះថៃ ប៊ុនរ៉ុង និងជាបណ្តុំការិយាល័យ ផ្សារទំនើប អាផាតមិន ខុនដូ ភោជនីយដ្ឋាន សណ្ឋាគារកម្រិតផ្កាយ៥ និងផ្កាយ៦ ដែលវានឹងជានិម្មិតរូបនៃរាជធានីភ្នំពេញនាពេលអនាគត។
លោក ទួស សាភឿន បានបន្តថា លោកជឿជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ និងទទួលបានជោគជ័យ ហើយវានឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលនឹងទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ មកដាក់ការិយាល័យកណ្តាល នៅទីក្រុងភ្នំពេញបន្ថែមទៀត ព្រោះរហូតមកទល់ពេលនេះ កម្ពុជាមិនទាន់មានអគារការិយាល័យលំដាប់ពិភពលោក ដែលអាចទាក់ទាញក្រុមហ៊ុនធំៗ ចូលមកដាក់ការិយាល័យកណ្តាលនៅឡើយ។
តាមគម្រោងអគារពាណិជ្ជកម្មកប់ពពកនេះ នឹងសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd និងសហការវិនិយោគរវាងក្រុមហ៊ុន Thai Boon Rong Group និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីសម្ពោធ អគារតាំងពិព័រណ៌ គម្រោងនេះ នៅទល់មុខស្ថានទូតចិន រាជធានីភ្នំពេញថា គម្រោងនេះបានទទួលការគាំទ្រពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ អគារពាណិជ្ជកម្មថៃ ប៊ុនរ៉ុង និងសាងសង់លើផ្ទៃដីទំហំ៦ ហិកតា នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕


No comments:

Post a Comment