Tuesday, February 28, 2017

វិនិយោ​គិនស្វីស ជំរុញឱ្យ​ផលិតករ​កម្ពុជា​ដាំដំ​ណាំ​បៃតង ដើម្បីកែ​ច្នៃនាំចេ​ញទៅ​សហ​គមន៍អឺរ៉ុប

ភ្នំពេញ ៖ លោកឧកញ៉ា សុង សារ៉ន អគ្គនាយក Amru Rice Cambodia Co.Ltd បានមានប្រសាសន៍បានឱ្យដឹងថា វិនិយោគិនស្វីសនឹងជំរុញឱ្យផលិតករកម្ពុជា ដាំដំណាំបៃតង និងជួយខាងបច្ចេកទេសដើម្បីកែច្នៃនាំចេញទៅសហគមន៍អឺរ៉ុប ហើយក្រុមហ៊ុនប្រមាណ ៥ នឹងមកទស្សនកិច្ចនៅកម្ពុជាផងដែរ។
លោកឧកញ៉ា សុង សារ៉ន បានមានប្រសាសន៍ថា កម្ពុជាមានសក្តានុពលច្រើនដែលមិនទទួលរងការបំផ្លាញនៅឡើយ ហើយដើម្បីឈានដល់ការប្រកួតប្រជែងនោះ ខាងវិនិយោគិនស្វីសគ្រោងវិនិយោគកែច្នៃផលិតផលបៃតង នៅកម្ពុជាមានដូចជា ម្រេច ដំឡូងមី សណ្តែក ល្ង ជាដើម។
លោកឧកញ៉ា បញ្ជាក់ថា អ្នកវិនិយោគទាំងនោះសុទ្ធតែជាក្រុមហ៊ុនជាប់លំដាប់ថ្នាក់លេខ២ និងលេខ៣ នៅប្រទេសស្វីស ហើយជាឱកាសមួយដ៏ល្អប្រសើរ និងជួយដល់កសិករខ្មែរឱ្យមានទីផ្សារ។
ថ្មីៗនេះ ក្រុមហ៊ុនចំនួនពីរមានក្រុមហ៊ុន Amru Rice Cambodia Co.Ltd និងក្រុមហ៊ុនមួយទៀត ឈ្មោះ Sinature of Asia (SOA) បានចូលរួមតាំងពិព័រណ៌ម្ហូបអាហារសរីរាង្គ ពិភពលោកនៅប្រទេសអាឡឺម៉ង់ ក្នុងនោះ រួមមាន គុយទាវ ម្រេច អង្ករ និងម្សៅមី។ សម្រាប់លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានលើកឡើងថា អ្វីដែលរដ្ឋាភិបាលចង់បាន គឺការរកដៃគូរពាណិជ្ជកម្ម ហើយបើបានដៃគូប្រទេសមហាអំណាចដូចប្រទេសចិនវិញរឹតតែសំខាន់ ដែលរដ្ឋាភិបាល និងវិស័យឯកជនចង់បានបំផុត។
លោកឧកញ៉ាបន្ថែមថា សព្វថ្ងៃកម្ពុជាកំពុងតែខ្វះទីផ្សារនាំចេញកសិផល ទើបមានបញ្ហាកើតមាននាពេលកន្លងមកដូចជាទីផ្សារអង្ករជាដើម។ ប៉ុន្តែអ្វីដែលសំខាន់ទីផ្សារនាំចេញ បើសិនលើកលែងពន្ធ ៩៧% ផ្នែកវិស័យកសិកម្ម នឹងជំរុញឱ្យមានអ្នកវិនិយោគកាន់តែច្រើនមកកម្ពុជា៕

No comments:

Post a Comment