Tuesday, February 28, 2017

លោក សុខ ឥសាន៖ រួមគ្នាថែរក្សា និងការពារសន្តិភាពឱ្យបានគង់វង្ស

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រ​ជា​ជនកម្ពុជា បញ្ជាក់ពីតម្លៃមហាសាលរបស់សុខសន្តិភាពដែលកំពុងកើតមាននៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ ដែលយើងត្រូវមានតួនាទីរួមគ្នាថែរក្សាការពារឱ្យបានគង់វង្ស។ លោក សុខ ឥសាន បានថ្លែងបញ្ជាក់ដូចខាងក្រោម៖
ប្រជាជនកម្ពុជា បានឆ្លងកាត់សោកនាដកម្ម និងទុក្ខវេទនារាប់មិនអស់ និងធ្ងន់ធ្ងរបំផុត រកអ្វីប្រៀបគ្មាន ហើយក៏គ្មានប្រទេសណាលើពិភពលោកបានឆ្លងកាត់ដូចកម្ពុជាទេ ដែលរងគ្រោះដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍។ ដូច្នេះ  សន្តិភាព មានអត្ថន័យ  និងសំណូមពរជ្រាលជ្រៅណាស់សម្រាប់ប្រជាជនកម្ពុជា ក៏ ដូច​ជាប្រជាជនបណ្តាប្រទេសលើពិភពលោក​។ ផ្អែកលើសំណូមពរនេះ ទើបអ្នកស្នេហាជាតិផុសចេញពីគណបក្សប្រជាជនកម្ពុជា បានងើប​ឡើង ដឹកនាំការតស៊ូដើម្បីបុព្វហេតុស្វែងរកសន្តិភាពមកជូនប្រជាជាតិឡើងវិញដោយហ៊ានបូ​ជា​សាច់ស្រស់ ឈាមស្រស់ អាយុជីវិតដោយគ្មានស្តាយស្រណោះ។
ដូច្នេះ សន្តិភាពដែលដណ្តើមបានមកវិញ ចាប់ពីឆ្នាំ ១៩៩៨ មក មានតម្លៃធំធេងលើសលប់ មានអត្ថន័យដ៏មហាសាលដែលចាំបាច់ ត្រូវរួមគ្នា ថែរក្សាការពារ ឱ្យបានដាច់ខាត មិនអាចឱ្យជនណា ឬក្រុមជនណា មកបំផ្លាញបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ រាល់សកម្ម​ភាពល្មើសច្បាប់ និងវិទ្ធង្សនាទាំងទ្បាយដែលប៉ុនប៉ងឱ្យមានអំពើអនាធិបតេយ្យ សុទ្ធតែក្នុងចេតនាបំផ្លាញសន្តិភាពរបស់ប្រទេសជាតិប៉ុណ្ណោះ។
ដូចនេះ ជារួម មានតែប្រជាជនកម្ពុជា ត្រូវរួបរួមគ្នាសាមគ្គីជាធ្លុងមួយ ដើម្បីថែរក្សា និងការពារឱ្យបានសន្តិភាពយូរអង្វែងសម្រាប់ប្រទេសជាតិយើងដែលជាកត្តាកំណត់មិនអាចខ្វះបាន៕

No comments:

Post a Comment