Tuesday, February 28, 2017

លោក ហ៊ុន សែន បានរំលឹកដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ត្រូវទទួលយកអ្វីដែលកំពុងមាន កុំជ្រើសយកការសន្យា

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ត្រូវទទួលយកអ្វី ដែលកំពុងមាន កុំជ្រើសយកការសន្យា។ លោក ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់​ជាផ្លូវការអគារសិក្សា០១ខ្នង ១៨​បន្ទប់ និងអគារទីចាត់ការ០១ខ្នង ស្មើ០៣បន្ទប់ នៅវិទ្យាល័យ​តេជោ ហ៊ុន សែន បឹង ស្ថិតនៅភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាពដែលកំពុងមាននៅកម្ពុជាឱ្យខានតែបានពីព្រោះសន្តិភាព​មាន​តម្លៃមហាសាលមិនអាចកាត់ថ្លៃបានឡើយ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេស​ជាតិយើងទៅមុខ​ទៀត​។​ លោក ក៏បានរំលឹកផងដែរថា ព្រោះតែការផ្លាស់ប្តូររបបពីសម័យសង្គមរាស្រ្តនិយម​របស់សម្តេច នរោត្តម សីហនុ មករបបសាធារណរដ្ឋ របស់លោក លន់ នល់ បានធ្វើឱ្យប្រជាពលពល​រដ្ឋខ្មែរកន្លះលានអ្នកស្លាប់ និងរបបប៉ុលពត ប្រមាណ៣លាននាក់ស្លាប់។
លោក ហ៊ុន សែន ក៏បានថ្លែងគូសបញ្ជាក់ដែរថា ព្រោះតែការចង់ផ្តួលរំលំរបប សាដាម ហូសេន និង លោក អាសាដ បានធ្វើឱ្យមនុស្សជាច្រើននាក់ស្លាប់ ប្រជាជនរងទុក្ខ​វេទនាខ្លោច​ផ្សារ ប្រទេសខ្ទេចខ្ទីស្ទើរទាំងស្រុង ដែលមិនទទួលបានអ្វីតាមការសន្យានោះឡើយ ដូច្នេះការប៉ុនប៉ងផ្តួលរំលំរូបលោក មិនដឹងថា នឹងត្រូវធ្វើឱ្យមនុស្សនិងប្រទេសខ្ទេចខ្ទីប៉ុន្មាននោះទេ៕








No comments:

Post a Comment