Tuesday, February 28, 2017

អាជ្ញាធរជាតិអប្សរា បន្តសហការជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រចិនដើម្បីជួយដល់ការងារគ្រប់គ្រងតំបន់សៀមរាបអង្គរ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងចុះកិច្ចព្រមព្រៀង ជាមួយមជ្ឈមណ្ឌល HIST (International Center on Space Technologies for Natural and Cultural Heritage under the auspices of UNESCO) និងវិទ្យាស្ថានRADI (Institute of Remote Sensing and Digital Earth) និង​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន​(Chinese Academy of Sciences)  ដើម្បីបន្តគម្រោងសហប្រតិបត្តិការស្តីពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់ការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិ​កភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប នៅចុងខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។
កិច្ចពិភាក្សាស្តីពីគម្រោងបន្តចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ រវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងប្រតិភូនៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ Wang Enge អនុប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រចិន។
គោលបំណងចម្បង នៃគម្រោងសហប្រតិបត្តិការនេះគឺ បណ្តុះបណ្តាលដល់មន្រ្តីបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាអវកាស (Remote Sensing) សម្រាប់ការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់អាងផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសៀមរាប ស្ទឹងពួក ស្ទឹងរលួស និងភ្នំគូលែន។ ចាប់តាំងពីឆ្នាំ២០១៣មក គម្រោងនេះបានចូលរួមបណ្តុះបណ្តាលមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាបានចំនួន៦លើក ដោយក្នុងនោះ៥លើកនៅសាធារណរដ្ឋប្រជាមានិតចិន បណ្តុះបណ្តាលបានចំនួន១៣រូប និង១លើកទៀត រៀបចំនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាផ្ទាល់ ដោយសាស្ត្រាចារ្យ​មកពីវិទ្យាស្ថានRADI និងមជ្ឈមណ្ឌលHIST។
សូមបញ្ជាក់ថា តាមរយៈកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាវិទ្យាសាស្ត្រចិន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ កន្លងមក អាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមជ្ឈមណ្ឌល HIST នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើតឱ្យមានគម្រោងសហប្រតិបត្តិការស្តីពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់ការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប ដែលហៅថា គម្រោងបច្ចេកវិទ្យាអវកាសសម្រាប់បរិស្ថាននៃឧទ្យានអង្គរ(REAS : Remote Sensing for Environmental of Angkor Site Project)។
គម្រោងដដែលនេះ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយទៀត នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ រវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានRADI នៃបណ្ឌិតសភាវិទ្យាសាស្រ្តចិន និងមជ្ឈមណ្ឌលHIST សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ទិន្នន័យពីផ្កាយរណបរបស់ប្រទេសចិន(China’s Satellite Quicklook Data Service)។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយទៀតនេះ វិទ្យាស្ថានRADI បានផ្តល់មកឱ្យអាជ្ញាធរជាតិអប្សរា នូវការបង្កើតស្ថានីយ៍ផ្កាយរណបសិប្បនិមិ្មតមួយ (Virtual Ground Station) ក្នុងទីស្នាក់ការអាជ្ញាធរជាតិអប្សរា និងផ្តល់ឱ្យទិន្នន័យពីផ្កាយរណបចំនួនពីររបស់ប្រទេសចិន និងបានបណ្តុះបណ្តាល​ដល់មន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរា អំពីការប្រើប្រាស់ឧបករណ៍ និងកម្មវិធីទាំងនោះ ដែលស្ថានីយ៍មួយនេះកំពុងដំណើរការមកដល់សព្វថ្ងៃ៕



No comments:

Post a Comment