Tuesday, February 28, 2017

អាជ្ញាធរជាតិអប្សរា ផ្សព្វផ្សាយពីបេតិកភណ្ឌដល់អ្នកភូមិថ្នល់បណ្តោយ

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមការងារសហគមន៍ទី៥ ប្រចាំស្រុកបន្ទាយស្រីដឹក នាំដោយដោយ ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមរួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀតបានចុះ ផ្សព្វផ្សាយពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋដែលរស់នៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺដើម្បីរួមគ្នាថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ។
ក្នុងឱកាសនោះដែរ លោក ម៉ី ម៉ារ៉ាឌី បានលើកឡើងអំពីការដាក់តំបន់អង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរាសម្រាប់គ្រប់គ្រងតំបន់អង្គរ តួនាទីភារកិច្ច និងកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រង ថែរក្សាការពារ និងអភិរក្សបេតិកភណ្ឌ និងសមិទ្ធផលដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន។ បន្ថែមពីនោះទៀត លោក ក៏បានពន្យល់អំពីសិទ្ធិ និងរបៀបដាក់ពាក្យស្នើសុំសាងសង់សំណង់ផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បេតិកភណ្ឌផងដែរ។
លោកក្រុមប្រឹក្សាស្រុក លោកមេឃុំ និងមេភូមិ អនុភូមិ បានថ្លែងចំណាប់អារម្មណ៍ថា លោកពិតជាសប្បាយចិត្តណាស់ និងអរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលរយៈកាលកន្លងមកបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ហើយលោករីករាយនឹងសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ពីបេតិកភណ្ឌកាន់ទូលំទូលាយឡើងថែមទៀត។
លោក មួន មិត្ត ប្រជាពលរដ្ឋភូមិថ្នល់បណ្តោយបានគាំទ្រចំពោះសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា ដោយលោកយល់ឃើញថា កម្មវិធីនេះល្អ ព្រោះវាបានផ្តល់នូវចំណេះដឹងច្រើនដល់ប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់បានយល់ច្បាស់ពីតម្លៃ និងអត្ថប្រយោជន៍បេតិកភណ្ឌ ព្រមទាំងដឹងពីតួនាទីភារកិច្ចរបស់ពួកគាត់ ត្រូវចូលរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរាដើម្បីថែរក្សាបេតិកភណ្ឌ ដែលជាសម្បត្តិដូនតាយើងទាំងអស់គ្នា៕


No comments:

Post a Comment