Tuesday, February 28, 2017

កម្ពុជា​ទទួល​ចំណូល​ពីវិស័យ​ទេសចរណ៍ ៣៤០០លាន​ដុល្លា នៅឆ្នាំ​២០១៦​

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា នៅឆ្នាំ២០១៦ កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ៥ភាគរយ ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង៥លាននាក់និងបានស្រូបយកចំណូលចំនួន៣៤០០លានដុល្លាសហរដ្ឋអាមេរិកចាក់ចូលក្នុងសេដ្ឋកិច្ចជាតិ ។
ក្នុងពិធីបើកវេទិកាជាតិធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី១ សណ្ឋាគារភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានមានប្រសាសន៍ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍នេះ ដោយសារតែកម្ពុជាមានគោលនយោបាយច្បាស់លាស់សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្ពុជាម្តងហើយម្តងទៀត។
ជាមួយគ្នានេះ កក្តាសន្តិភាពគឺជាផ្នែកមួយសំខាន់ក្នុងការផ្តល់ភាពកក់ក្តៅ ដល់អ្នកវិនិយោគនិងភ្ញៀវទេសចរណ៍មិនអាចខ្វះបានឡើយ។
លោកបន្តថា តាមការព្យាករណ៍នៅឆ្នាំ២០១៧នេះ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិនឹងមានប្រមាណ ៥លាន ៤សែននាក់ ហើយរំពឹងថា នៅឆ្នាំ២០២០ ការមកដល់នៃទេសចរអន្តរជាតិអាចកើនឡើងដល់ ៧លាននាក់ ដោយនាំមកនូវចំណូលសរុបប្រមាណ ៥០០០លានដុល្លារ និងបង្កើតនូវឱកាសការងារបានប្រមាណ ១លាននាក់ ដោយផ្ទាល់៕

No comments:

Post a Comment