Thursday, September 14, 2017

ការចាប់យករបរចិញ្ចឹមមាន់បន្ថែម​ គឺបានជួយដល់​ជីវភាពប្រជាពលរដ្ឋ​ក្នុងឃុំមួយ​ នៅខេត្តស្វាយរៀង​អោយ​ប្រសើរឡើង​

ស្វាយរៀង៖ ដោយទទួលបានការការបណ្តុះបណ្តាលខ្លះៗពីអង្គការដៃគូ និងការបង្ហាញពីរបៀបថែទាំ និងចិញ្ចឹមសត្វមាន់ពីសំណាក់មិត្តភក្តិ គ្រួសារមួយក្នុងចំណោមគ្រួសារជាច្រើននៅក្នុងភូមិត្រោក ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទទួលបានជីវភាពល្អប្រសើរតាមរយៈការចាប់យកមុខរបរចិញ្ចឹមមាន់បន្ថែមពីលើរបរផ្សេងៗនៅក្នុងវិស័យកសិកម្ម។
មាន់ជាសត្វងាយចិញ្ចឹម ដែលប្រជាពលរដ្ឋទូទៅចូលចិត្តចិញ្ចឹមដើម្បីធ្វើម្ហូបប្រចាំគ្រួសារ សហគមន៍ និងលក់ដើម្បីបង្កើនចំណូលគ្រួសារ ហើយសត្វនេះងាយផ្តល់ចំណីឲ្យស៊ីជាងសត្វទា និងជ្រូក តែលក់បានកម្រៃល្អប្រសើរ។
កសិករឈ្មោះ ប៉ុល ស៊ាន រស់នៅភូមិត្រោក ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឲ្យដឹងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះគ្រួសាររបស់លោកមានជីវភាពល្អប្រសើរ តាមរយៈការចិញ្ចឹមសត្វមាន់ ដែលជារបរបន្ទាប់បន្សំលើវិស័យកសិកម្មផ្សេងៗទៀត។
លោក បានបន្តថា សត្វមាន់ញីធំពេញវ័យនៅអាយុ៦ខែ ហើយអាចពងក្នុងមួយឆ្នាំពីពីរទៅបីដង តាមរយៈការផ្តល់ចំណីគ្រប់គ្រាន់ ហើយពងម្តងបានចំនួនពី១០ទៅ១៥ពង ដែលអាចបង្កើតជាកូនមាន់បានចំនួនដូចគ្នាដែរ ហើយកូនមាន់នោះចិញ្ចឹមតែរយៈពេល៤ទៅ៥ខែអាចលក់បាន ដោយតម្លៃមួយគីឡូក្រាម១ម៉ឺន២ពាន់រៀល ទៅ១ម៉ឺន៥ពាន់រៀល ក្នុងរដូវមិនសូវមានមាន់ (ពិសេសនៅរដូវក្តៅ) បើប្រៀបធៀបទៅនឹងការចិញ្ចឹមជ្រូក មាន់ទទួលបានកម្រៃច្រើនបើចិញ្ចឹមច្រើនបែបសហគមន៍។
លោក ប៉ុល ស៊ាន បានស្នើដល់មន្ទីរកសិកម្ម និងអង្គការដៃគូ ចុះជួយអប់រំពីវិជ្ជាជីវៈ វិធីថែទាំ និងការធ្វើវ៉ាក់សាំង មាន់ ទា ព្រោះភូមិរបស់លោកមានប្រជាពលរដ្ឋចាប់យករបរចិញ្ចឹមមាន់ច្រើនគួរសម។
ទាក់ទងទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋជួយបណ្តុះបណ្តាលវិជ្ជាជីវៈចិញ្ចឹមមាន់ និងការធ្វើវ៉ាក់សាំងនោះ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង នឹងទទួលស្វាគមន៍ និងបញ្ជូនមន្ត្រីជំនាញទៅ ជួយធ្វើការបណ្តុះបណ្តាល ដើម្បីឲ្យពួកគាត់ទទួលបានវិជ្ជាជីវៈមួយច្បាស់លាស់នៅពេលឆាប់ៗខាងមុខនេះ។

លោកប្រធានមន្ទីរ បានឲ្យដឹងថា ខេត្តស្វាយរៀង បច្ចុប្បន្នការងារចិញ្ចឹមមាន់មានច្រើនគួរសមនៅតាមគ្រួសារ ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះដោយមានទីផ្សារល្អ ប្រជាពលរដ្ឋនៅក្នុងខេត្តបានចុះកិច្ចសន្យាលក់ទិញមាន់ពីដៃគូ ឈានទៅបង្កើតកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងដែលមានមាន់រាប់ពាន់ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារ៕



No comments:

Post a Comment