Thursday, September 14, 2017

អ្នកនាំពាក្យ គ.ជ.ប៖ បើគ្មានជំនួយពីបរទេស ក៏មិនប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជា

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់អ្នកសារព័ត៌ មានថា បើគ្មានជំនួយពីបរទេស តួយ៉ាងដូចជំនួយអាមេរិក ក៏មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោត នៅកម្ពុជា ឡើយ ពីព្រោះថវិការដ្ឋបានត្រៀមគ្រប់គ្រាន់រួចស្រេចហើយ ក្នុងការប្រើប្រាស់សម្រាប់ដំណើរការបោះឆ្នោត។
លោកថ្លែងបែបនេះ ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ដំណើរការប្រព្រឹត្តទៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជី បោះឆ្នោត និងការចុះឈ្មោះឆ្នោតនៅតាមឃុំ-សង្កាត់ លទ្ធផលបណ្ដុះអាសន្ននៃការចុះឈ្មោះបោះឆ្នោត និងការ ផ្សព្វផ្សាយស្ដីពី ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្នាក់ការ គ.ជ.ប។
លោក ហង្ស ពុទ្ធា បានថ្លែងយ៉ាងដូច្នេះថា « ខ្ញុំសូមជម្រាបថា ប្រទេសកម្ពុជា ជាប្រទេសមាន អធិបតេយ្យភាព របស់ខ្លួន ជារៀងរាល់ឆ្នាំ ពិសេសឆ្នាំបោះឆ្នោតតែម្ដង សភាបានសម្រេចផ្ដល់ថវិកាសម្រាប់ការបោះឆ្នោត ទោះបីជាអត់មានជំនួយពីណាមក ក៏លុយរបស់រដ្ឋាភិបាលគ្រោងទុកស្រេចហើយ ប៉ុន្តែបើមានជំនួយវិញ បានន័យថាថវិកាជំនួយនោះ នឹងត្រូវកាត់ចេញពីថវិការបស់រដ្ឋ ប៉ុន្តែបើថាអត់លុយបោះឆ្នោត គឺអត់មានទេ គ.ជ.ប នៅតែដំណើរការបោះឆ្នោតតាមការគ្រោងទុក»។
លោកបានបន្តថា កន្លងមក អង្គការ USAID បានឧបត្ថម្ភរថយន្តចំនួន៦គ្រឿង ដល់ គ.ជ.ប ចំណែកអង្គការ របស់សហរដ្ឋអាមេរិកឈ្មោះ អាយហ្វេស ក៏បានដាក់ការិយាល័យនៅ គ.ជ.ប ជួយធ្វើការ គ.ជ.ប ផងដែរ ប៉ុន្តែបើគ្មានជំនួយពីបរទេសទាំងនោះ ក៏មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជា និងមិនប៉ះពាល់ ដល់ការងាររបស់ គ.ជ.ប ដែរ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា គ.ជ.ប អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងដោយខ្លួនឯងបាន ទាំងផ្នែក ធនធានមនុស្ស និងប្រតិបត្តិការដំណើរការបោះឆ្នោតហើយ គ.ជ.ប ជាអង្គភាពស្នូលដ៏សំខាន់ក្នុងការទទួល ខុស ត្រូវ លើប្រជាពលរដ្ឋរាប់លាននាក់នៅប្រទេសកម្ពុជា ដូច្នេះបើអវត្តមានដៃគូណាមួយ មិនមែនជាបញ្ហា សម្រាប់ គ.ជ.ប នោះទេ។

សូមជម្រាបថា ក្នុងពេលថ្មីៗនេះ ភាពល្អក់កករនៃទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បង្ហាញពីភាពក្ដៅគគុកនៅលើ បណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គម Facebook ដែលជាហេតុធ្វើឱ្យមានការព្រួយបារម្ភពីសំណាក់មហាជនទូទៅ ពីការកាត់ផ្ដាច់ជំនួយដល់កម្ពុជា រួមទាំងជំនួយនៅ គ.ជ.ប ផងដែរ ៕




No comments:

Post a Comment