Thursday, September 14, 2017

សិក្ខាសាលាស្តីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ពិតជាផ្តល់នូវបទពិសោធន៍មានតម្លៃជាច្រើន

លោកឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ បានថ្លែងថាសិក្ខាសាលាស្តីពី RIA ក្រោមប្រធានបទ «ឆ្ពោះទៅការប្រតិបត្តិល្អក្នុងនីតិវិធី តាក់តែងលិខិតបទដ្ឋានគតិយុត្តសម្រាប់អាស៊ាន» ផ្តល់នូវបទពិសោធន៍មានតម្លៃជាច្រើន។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចូលរួមបិទសិក្ខាសាលាស្តីពី RIA ដែលមានវាគ្មិនអន្តរជាតិមានបទពិសោធន៍ក្នុងការងារ RIA (ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត) មកពីប្រទេសម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ វៀតណាម អូស្ត្រាលី ធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការ OECD ចូលរួមផងដែរ។
សិក្ខាសាលាខាងលើនេះ ក៏មានការចូលរួមពីលោក យឹម ណុលឡា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌, លោក យឹម ណុលសន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត, លោកស្រី Jacqueline Lam អ្នកឯកទេសពាណិជ្ជកម្ម ផ្នែកគ្រប់គ្រងសាធារណៈ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម (SEPF) នាយកដ្ឋានអាស៊ីអាគ្នេយ៍ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ។ សិក្ខាសាលានេះរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា នាសណ្ឋាគារសុខាភ្នំពេញ។
លោកឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន បានថ្លែងថា «ខ្ញុំសូមកោតសរសើរដល់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលរួមគ្នារៀបចំសិក្ខាសាលានេះ ដំណើរការបានល្អ ដោយមានទាំងវាគ្មិនអន្តរជាតិ មកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ ហ្វីលីពីន វៀតណាម អូស្ត្រាលី ធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (OECD) ចូលរួមចែករំលែកបទពិសោធន៍ ក្នុងអនុវត្តការវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្តនៅប្រទេសរៀងៗខ្លួន»។
លោកឧបនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា វេទិកាដ៏មានសារៈសំខាន់នេះ បានធ្វើឲ្យយើងបានយល់កាន់តែយល់ច្បាស់អំពីតម្លៃនិងផលប្រយោជន៍ នៃការអនុវត្តការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ក្នុងការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលឡើង។ ប្រទេសសមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (OECD) និងប្រទេសសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ានមួយចំនួន បាននិងកំពុងអនុវត្តការវាយតម្លៃលើ ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត តែទៅតាមទម្រុងខុសៗគ្នា។
លោកឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «យើងក៏ត្រូវចាប់អារម្មណ៍ផងដែរ ចំពោះបទបង្ហាញរបស់ប្រទេស ម៉ាឡេស៊ី ឡាវ វៀតណាម។ បទពិសោធន៍ពីការអភិវឌ្ឍធនធានមនុស្ស លើកឡើងដោយអ្នកជំនាញពីប្រទេស ឥណ្ឌូនេស៊ី និងហ្វីលីពីន ក៏ត្រូវយកមកពិចារណាផងដែរ សម្រាប់ការបណ្តុះបណ្តាល ធនធានមនុស្សក្នុងកម្មវិធីរបស់យើង។ បទពិសោធន៍ពីប្រទសជឿនលឿន ក៏ត្រូវយកមកពិនិត្យ ដើម្បីកែលម្អកម្មវិធីរបស់យើង។ បទពិសោធន៍ល្អៗ ពីសិក្ខាសាលានេះ នឹងជួយកែលម្អ និងលើកកម្ពស់កម្មវិធី នៃការអនុវត្តការវាយតម្លៃ លើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៅប្រទេសកម្ពុជា»។

លោកឧបនាយករដ្ឋមន្ដ្រី ក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់អំពីប្រសិទ្ធភាព និងប្រសិទ្ធផលនៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែងនៃធុរកិច្ច រួមចំណែកដល់ការលើកស្ទួយជីវភាពរបស់ប្រជាជនឲ្យកាន់តែប្រសើរឡើង និងជួយកាត់បន្ថយភាពក្រីក្រផង៕




No comments:

Post a Comment