Thursday, September 14, 2017

ហេតុអ្វីបានជាជំនាញបច្ចេកទេសជាជំនាញដែលមានទីផ្សារខ្ពស់នៅកម្ពុជា?

ការជ្រើសរើស​ជំនាញ​សិក្សា​ត្រូវ​គិតគូរ​ឱ្យបាន​ច្រើន​ចំណុច ដោយ​ក្នុងនោះ​ទីផ្សារការងារ​ក៏​ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ដែល​គួរ​គិតគូរ​ផងដែរ។ កន្លងមក​មាន​មនុស្ស​ជាច្រើន​បានលើកឡើង​ថា ជំនាញ​បច្ចេកទេស​ជា​ជំនាញ​ដែលមាន​ទីផ្សារ​នៅ​កម្ពុជា តែ​មនុស្ស​មួយចំនួន​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ​ពី​មូល​ហេតុដែល​ធ្វើឱ្យ​ជំនាញ​នេះ​មាន​ទីផ្សារ​ខ្ពស់​នៅ​កម្ពុជា។
លោក អ៊ឹម កុ​ច  រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា កម្ពុជា​ជា​ប្រ​ទេស​ ដែល​កំពុងមាន​ការរីក​លូតលាស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហេតុនេះ​គម្រោង​សាងសង់ និង​ចង្វាក់​ផលិតកម្ម​ផ្នែក​ឧស្សាហ​កម្មបាន​រីកលូតលាស់​យ៉ាង​លឿន ដែល​វា​ទាមទារ​ឱ្យមាន​កម្លាំង​ពលកម្ម​ដើម្បី​ទៅ​បំពេញតម្រូវការ​ទាំងអស់​នោះ។
លោក អ៊ឹម កុ​ច ក៏បានបញ្ជាក់ថា ថ្នាក់​វិទ្យាសាស្ត្រ​ពិត ឬ​ជំនាញ​បច្ចេកទេស ជា​ជំនាញ​ដែល​ជួយ​សង្គម​បច្ចុប្បន្ន​ឱ្យមាន​ការអភិវឌ្ឍ​បាន​ច្រើន ព្រោះថា​នៅពេលដែល​យើង​សម្បូរ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​ក្នុង​ផ្នែក​នេះ យើង​នឹង​អាចមាន​កម្លាំង​ច្រើន​ដើម្បី​បង្កើនសមិទ្ធផលសំខាន់ៗ រួមទាំង​ធ្វើការ​ងារ​លឿន​ជាមួយនឹង​បច្ចេកទេសថ្មី។ កម្ពុជា​នាពេល​បច្ចុប្បន្ន​កំពុង​ជំរុញឱ្យមាន​ការលើកទឹកចិត្ត​អ្នកជំនាញ​ឱ្យបាន​ច្រើន ព្រោះថា​នៅពេលដែល​ប្រទេស​យើង​មានការ​អភិវឌ្ឍ​កាន់តែខ្លាំង នៅពេលនោះ​អ្នកបច្ចេកទេស​នឹង​ក្លាយជា​ចំណុច​ដែល​វិនិយោគិន​ចាប់អារម្មណ៍ ព្រោះថា​ការបណ្តាក់ទុន​រកស៊ី​នៅ​ប្រទេស​ណាមួយ​គេ​ត្រូវ​ការមើល​លើ​ចំណុច​ជាច្រើន ដែល​ក្នុងនោះ​ធនធានមនុស្ស​ក៏​ជា​កត្តា​សំខាន់​មួយ​ផងដែរ​ដែល​គេ​ត្រូវ​ផ្តោតជាសំខាន់។
ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា លោក Bill Longhurst ធ្លាប់បាន​លើកឡើងថា កម្ពុជា​កំពុង​ត្រូវ​ការជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ហើយ​ជំនាញ​ទាំងអស់នេះ​ជា​ជំនាញ​ដែល​អាចបង្កើត​ផលិក​ម្ម និង​ការអភិវឌ្ឍ​នៅលើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា។ វា​ក៏​ជា​ជំនាញ​ដែល​រុញច្រាន​ឱ្យមាន​ដំណើរ​សេដ្ឋកិច្ច​ល្អ​តាមរយៈ​ការប្រើប្រាស់​បច្ចេក​ទេ​សរ​បស់​អ្នកជំនាញ​ក្នុងស្រុក ដែល​ទទួលបាន​ការអប់រំ​ច្បាស់លាស់​ពី​ជំនាញ STEM (science, technology, engineering and mathematics) ។
លោក Bill Longhurst ក៏បានបញ្ជាក់ថា យុវជន​នៅ​កម្ពុជា​ជាច្រើន​មិនបាន​ជ្រើស​រើសយក​ជំនាញ STEM ព្រោះ​ពួកគេ​គិតថា ជំនាញ​ទាំងអស់នោះ​ពិបាក មិនសូវ​មានមុខ​មាន​មាត់ និង​មិនអាច​ទទួលបាន​ប្រាក់ខែ​ខ្ពស់ ប៉ុន្តែ​តាមពិតទៅ​ជំនាញ​ទាំងអស់នោះ​ជា​ជំនាញ​ដែល​កម្ពុជា​កំពុង​ត្រូវការ​ដើម្បី​ចូលរួម​ឱ្យបាន​សកម្ម​នៅក្នុង​ការអភិវឌ្ឍ​ប្រទេស។ យើង​សង្ឃឹមថា​សិស្ស​និស្សិត​កម្ពុជា​នឹង​ជ្រើសរើស​ជំនាញ STEM ដើម្បី​សិក្សា​នៅ​មហាវិទ្យាល័យ​ដើម្បី​ទាញយក​ឱកាស​ការងារ​ដែលមាន​តម្រូវការ​ខ្ពស់ ។
លោក​ឯកអគ្គរាជទូត ​បាន​បន្ថែមទៀតថា STEM បាន​ក្លាយជា​មុខងារ​ដែល​គេ​ត្រូវការ​បំផុត​នៅ​ទូទាំង​ពិភពលោក​រួមទាំង​កម្ពុ​ជា​ផងដែរ។ ស្រប​ពេលដែល​សេដ្ឋកិច្ច​កំពុង​លូតលាស់​យ៉ាង​ឆាប់រហ័ស និង​បើកទូលាយ​ចំពោះ​វិនិយោគិន​អន្តរជាតិ​នោះ ពលរដ្ឋ​កម្ពុជា​វ័យក្មេង​ចាំបាច់​ត្រូវ​ដឹងថា តើ​ការងារ​អ្វីខ្លះ​ដែល​ពួកគេ​អាចធ្វើ​បាន ហើយ​តើ​ជំនាញ​អ្វីខ្លះ​ដែល​គេ​ត្រូវការ? កម្ពុជា​កំពុង​ត្រូវការ​វេជ្ជបណ្ឌិត វិស្វករ អ្នកបង្កើត​បណ្តាញ និង​ស្ថិតិ ជាច្រើន​នាក់​បន្ថែមទៀត​ដើម្បី​ការអភិ​វឌ្ឍ​ប្រទេស។ ការជ្រើសរើស​យក​ជំនាញ STEM មក​សិក្សា​ជាការ​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ភាព​សកម្ម​នៅក្នុង​សកម្មភាព​នៃ​ការអភិវឌ្ឍ៕

ប្រភព៖ ឡារ៉ែន



No comments:

Post a Comment