Thursday, September 14, 2017

លោក ហោ ណាំហុង អះអាងថា បញ្ហារាល់ថ្ងៃនេះជាបញ្ហាផ្ទៃក្នុងកម្ពុជា មិនមែនបញ្ហាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ

ថ្មីៗនេះបន្ទាប់ពីអ្នកនយោបាយមួយចំនួន បានលើកឡើងថា កម្ពុជាមិនបានគោរពតាមកិច្ចព្រមព្រៀងទីក្រុង ប៉ារីស និងបរទេសមួយចំនួន បានស្នើឲ្យកម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងនោះ, ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានចេញមកអះអាងថា កម្ពុជាមិនដែលបំពានកិច្ចព្រមព្រៀងនេះទេ និងតែងតែគោរពជានិច្ច ហើយបញ្ហារាល់ថ្ងៃនេះជាបញ្ហាផ្ទៃក្នុងកម្ពុជា មិនមែនបញ្ហានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១នោះទេ។
ក្រៅពីការប្រកាសថា កម្ពុជាបានគោរពយ៉ាងគ្រប់គ្រាន់នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសនេះ លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបញ្ជាក់ថា សូមបរទេសទាំងអស់ដាច់ខាត មិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាឲ្យសោះ ព្រោះកិច្ចព្រមព្រៀងនេះក៏បានចែងរួចហើយដែរថា ប្រទេសហត្ថលេខី មិនអាចលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាបានឡើង។ មន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលរូបនេះ ក៏បានលើកឡើងថា ប្រសិនបើបរទេសនៅតែលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នោះមានន័យស្មើនឹងបរទេស កំពុងតែបំពានកិច្ចព្រមព្រៀងទីក្រុងប៉ារីសយ៉ាងច្បាស់ដោយខ្លួនឯងតែម្ដង។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លោកឧប​នាយករដ្ឋមន្ដ្រី ហោ ណាំហុង ដែលកាលនោះបានអមដំណើរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានថ្លែងយ៉ាងដូច្នេះថា «មាត្រា១៨ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានបញ្ជាក់ថា ប្រទេសហត្ថលេខី ត្រូវតែគោរអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា មាត្រានេះនិយាយច្បាស់…មាត្រា២ និងមាត្រា៤ នៃកិច្ចព្រមព្រៀងអំពីអធិបតេយ្យភាពកម្ពុជា ក៏បាននិយាយដូចគ្នានេះដែរ ប្រទេសដ៏ទៃត្រូវតែគោរពឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា លើសពីនេះមាត្រា២ កថាខណ្ឌទី២ បានបញ្ជាក់ថា ប្រទេសហត្ថលេខី មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា នេះគេនិយាយច្បាស់ប៉ុណ្ណឹងហើយ ដូច្នេះទាំងអស់នេះវាគ្រប់គ្រាន់ណាស់»។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានចោទជាសំនួរថា តើបញ្ហារាល់ថ្ងៃនេះ ជាបញ្ហារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬជាបញ្ហានយោបាយផ្ទៃក្នុងរបស់កម្ពុជា? លោក ថាច្បាស់ណាស់ បញ្ហារាល់ថ្ងៃនេះជាបញ្ហានយោបាយផ្ទៃក្នុងរបស់ប្រទេសកម្ពុជាតែមួយគត់ ដូច្នេះមានតែប្រទេសកម្ពុជាទេ ដែលអាចដោះស្រាយបញ្ហានេះបាន។
លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានរំលឹកពីដំណើរការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ គឺធ្វើយ៉ាងណាដើម្បីលុបបំបាត់ខ្មែរក្រហម មិនឲ្យវិលត្រឡប់មកវិញ ដែលក្នុងបុព្វកថាបានបញ្ជាក់ថា ដោយទទួលស្គាល់សោនាដ​កម្មថ្មីៗ នៅប្រទេសកម្ពុជាធ្វើយ៉ាងណាកុំឲ្យនយោបាយ និងការប្រព្រឹត្តទៅដូចអតីតកាលត្រឡប់មកវិញ ដែលចំណុចនេះហើយដែលលោក ហ៊ុន សែន បានខិតខំសម្របសម្រូលមុននឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះដើម្បីបញ្ចប់សង្គ្រាមខ្មែរនឹងខ្មែរ។ ប៉ុន្ដែបើទោះបីជាចុះហត្ថលេខាព្រមព្រៀងគ្នាទៅហើយក្ដី កងទ័ពខ្មែរក្រហម មិនបានអនុវត្តលើកិច្ចព្រមព្រៀងនេះទេ នៅតែបន្ដវាយប្រហារមកលើកងទ័ពរបស់រាជរដ្ឋាភិបាល រហូតដល់ឆ្នាំ ១៩៩៣ ទើបកម្ពុជាបានបញ្ចប់សង្គ្រាមបានយ៉ាងពិតប្រាកដ ដោយអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ជារួមមក លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានប្រកាសយ៉ាងដាច់ខាតថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដូច្នេះបើសូមអ្នកនយោបាយទាំងឡាយណាដែលមិនបានយល់ច្បាស់ពីកិច្ចព្រមព្រៀងនេះ សូម ឈប់បកស្រាយដោយខុសពីការពិតតទៅទៀត៕
ប្រភព៖ Fresh News

No comments:

Post a Comment