Thursday, September 14, 2017

លោក ម៉ម ប៊ុនហេង ស្វាគមន៍សាធារណរដ្ឋឆែក ក្នុងការបន្ដកិច្ចសហប្រតិបត្ដិការ លើវិស័យសុខាភិបាល

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងស្វាគមន៍ ចំពោះសាធារណរដ្ឋឆែក (Czech) ក្នុង ការបន្ដកិច្ចសហប្រតិបត្ដិការ លើវិស័យសុខាភិបាល ចំនួន៥ឆ្នាំតទៅមុខទៀត ដែលគិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។
លោកថ្លែងបែបនេះ ក្នុងឱកាស ដែលលោកទទួលជួបសម្ដែងការគួរសម ជាមួយឯកអគ្គរដ្ឋទូត សាធារណរដ្ឋ ឆែក លោក Marek Libricky នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងសុខាភិបាល។
លោក ម៉ម ប៊ុនហេង បានថ្លែងទៀតថា លោកស្វាមគន៍ ជានិច្ចចំពោះកិច្ចសហប្រតិបត្ដិការ របស់សាធារណរដ្ឋ ឆែក ព្រោះតែកន្លងមក ឆែកបានជួយលើកកម្ពស់ សុខុមាលភាព ដល់ប្រជាពលរដ្ឋកម្ពុជាបានច្រើន ពិសេស កាលពីកន្លងទៅ សាធារណរដ្ឋឆែក បានប្រើប្រាស់ថវិកា ដែលកម្ពុជាជំពាក់ បង្វែរទៅជាជំនួយអភិវឌ្ឍន៍ លើការ បណ្ដុះបណ្ដាល ការសាងសង់មណ្ឌលសុខភាព ជួសជុលមណ្ឌលសុខភាព និងការផ្គត់ផ្គង់បរិក្ខារពេទ្យ ក្នុងខេត្ដ តាកែវ ប្រហែលខ្ទង់៨៣ម៉ឺនដុល្លារ និងសល់ប៉ុន្មានទៀត ត្រូវបានលុបចោលតែម្ដង កាលពីខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុនហេង ក៏បានស្នើសុំ ឱ្យក្រុមជំនាញទាំងពីរ ពិភាក្សាគ្នាលម្អិត ទៅលើផ្នែក ដែល ត្រូវសហការ ក្នុងពេលដែលគណៈប្រតិភូសាធារណរដ្ឋឆែក ចុះមកសិក្សា និងពិភាក្សាការងារ ក្នុងពេលដ៏ឆាប់ ខាងមុខនេះ ៕


No comments:

Post a Comment