Thursday, September 14, 2017

ការផ្គត់ផ្គង់ និងការទិញខុនដូ ក្នុងទីផ្សារកម្ពុជា បានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងនៅចុងឆ្នាំនេះ

ការផ្គត់ផ្គង់ខុនដូ បានចាប់ផ្តើមកើនឡើងយ៉ាងគំហុកហើយចាប់ពីចុងឆ្នាំនេះទៅដោយការសិ ក្សាមួយបានរកឃើញថា ខុនដូចំនួន ១១៣០០យូនីតទៀតនឹងត្រូវដាក់ចូលទីផ្សារនៅដំណាច់ឆ្នាំនេះ។ យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលបានបញ្ចប់កាលពីពេលថ្មី ៗនេះបានរកឃើញថា ខុនដូចំនួន ១៩១១ យូនីត ត្រូវបានដាក់ចូលទីផ្សារក្នុងឆមាសទី1ឆ្នាំនេះ និងរំពឹងកើនឡើងដល់ ១១៣០០ យូនីតនៅដំណាច់ឆ្នាំនេះ សម្រាប់ចំនួនយូនីតខុនដូសរុប ដែលបានផ្គត់ផ្គង់តាំងពីមុនដល់ពេលបច្ចុប្បន្ន។

ការសិក្សាដដែលក៏បានរកឃើញផងដែរថា តម្លៃនៃការលក់ខុនដូប្រណីតបានធ្លាក់ចុះ១%គិតត្រឹមឆមាសទី១ឆ្នាំនេះធៀបនឹងដំណាច់ឆ្នាំមុន ប៉ុន្តែនិន្នាការអ្នកទិញខុនដូមានការប្រែប្រួល ដោយអ្នកទិញខុនដូភាគច្រើនផ្តោតលើខុនដូដែលបានបញ្ចប់ការសាងសង់ជាជាងទិញគម្រោងដែលកំពុងសាងសង់។ លើសពីនេះអ្នកទិញខុនដូ គឺទិញសម្រាប់រស់នៅជាជាងសម្រាប់វិនិយោគ ហើយចំនួនប្រជាជនខ្មែរដែលទិញខុនដូបានកើនឡើងចន្លោះពី៥ទៅ១០ភាគរយ។ ខុនដូប្រភេទ High-end មានតម្លៃមធ្យម ៣១០៨ ដុល្លារ ខុនដូប្រភេទ Mid-end មានតម្លៃ ២៦៥៩ ដុល្លារ និងខុនដូប្រភេទAffordable មានតម្លៃជាមធ្យម ១៤៩៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ស្ថានភាពទីផ្សារខុនដូមិនមានអ្វីគួរឲ្យបារម្ភនោះទេ បើទោះបីជាតម្លៃជួល និងតម្លៃលក់ចេញបានធ្លាក់ចុះក៏ដោយ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន ប៊ុណ្ណារៀលធីគ្រុប ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះក៏បានរកឃើញដែរថា ចំនួនខុនដូបានកើនពី១២១គម្រោងដល់១២៥គម្រោង និងចំនួនផ្ទះសរុបបានកើនពី ៤៣៦០៤ យូនីត ដល់ចំនួន ៤៧២០៤ យូនីតក្នុងឆមាសទី1ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ស៊ុន ហួត នាយកផ្នែកទីផ្សារនៃគម្រោង Olympia CITY បានថ្លែងស្រដៀងគ្នាថា ស្ថានភាពនៃការលក់ខុនដូនៅឆ្នាំនេះមិនមានភាពប្រែប្រួលខុសពីឆ្នាំមុននោះទេ ប៉ុន្តែក្នុងស្ថានភាពបែបនេះការលក់ខុនដូក្នុងគម្រោងនេះមិនបានបញ្ចុះតម្លៃនោះទេ។ ខុនដូក្នុងគម្រោង Olympia City មានតម្លៃចន្លោះពី២៣០០ ទៅ២៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោក បានបន្តថា ក្នុងចំណោមអ្នកទិញខុនដូក្នុងគម្រោងនេះមានប្រជាជនខ្មែរប្រមាណ៧០ភាគរយដែលអ្នកខ្លះទិញសម្រាប់ស្នាក់នៅ និងខ្លះទៀតទិញសម្រាប់ជួល៕

ប្រភព៖ ឡារ៉ែន




No comments:

Post a Comment