Thursday, September 14, 2017

លិខិតមិត្តអ្នកអាន៖ ស្ថានទូតអាមេរិកហាក់ដូចជា ទុទិ្ធដ្ឋិនិយមហួសហេតុ ឬមួយជាចេតនា ?

កាលពីអំឡុង ខែមេសា ឆ្នាំ១៩៧៥ អាមេរិកបានបំផ្លិចបំផ្លាញគ្រួសារខ្មែរដោយហុចប្រជាជាតិខ្មែរ ឱ្យធ្វើជាចំណី ពួកខ្មែរក្រហមសម្លាប់និងដឹកមួយចំនួនទៀតយកទៅឱ្យរស់នៅសហរដ្ឋអាមេរិក។ នោះគឺជាការបំបែកបំបាក់ នូវប្រជាជាតិមួយទាំងមូល។
ពេលនេះអាមេរិកប៉ងបំបែកបំបាក់គ្រួសារខ្មែរម្តងទៀតដោយបញ្ជូនកូនខ្មែរនៃគ្រួសារដែលខ្លួនបានដឹកយកទៅកាលពីឆ្នាំ១៩៧៥ ពីកម្ពុជា និងពីឆ្នាំក្រោយៗ មកទៀតពីជំរុំនៅប្រទេសថៃ ឱ្យវិលត្រឡប់មកកម្ពុជាវិញ។ ពេលនេះអាមេរិកប្រើល្បិចដ៏ចាស់គំរិលម្តងទៀតហើយ គឺដៃម្ខាងហុចចំណី ឯដៃម្ខាងទៀត កាន់ព្រនង់ ចាំសំពង។
យើងគ្រាន់តែសុំឱ្យអាមេរិកផ្អាកចាប់បញ្ជូនពលរដ្ឋខ្មែរមកសិន ដើម្បីកែសម្រួលកិច្ចព្រមព្រៀងឆ្នាំ២០០២ ព្រោះការចាប់បញ្ជូន មកនេះវារំលោភសិទ្ធិមនុស្សពេក បែរជាគេដាក់ទណ្ឌកម្មមកលើយើងទៅវិញ ហួសហេតុ ពេកហើយ។ ខ្ញុំសូមថ្កោលទោសល្បិចកល់ដ៏ពិសពុលនេះ ហើយសូមជំរាបលោកអាមេរិកថា ពាក្យ «ចក្រពទ្ធ័» ដែលគេហៅលោក គឺមិនខុសមែន។
អាមេរិកបានប្រព្រឹត្តកំហុសច្រើនណាស់ មកលើប្រទេស និងប្រជាជនកម្ពុជារាប់ទាំងការទម្លាក់គ្រាប់បែកជាង ២,៧លានតោន សម្លាប់ជីវិតមនុស្សរាប់ម៉ឺននាក់ បំផ្លាញផ្ទះសម្បែង សត្វពាហនៈ និងព្រៃព្រឹក្សាខ្មែរ និងតាម រយៈការទម្លាក់គ្រាប់បែកលើដីខ្មែរជំរុញឱ្យខ្មែរក្រហមឡើងកាន់អំណាចនាំនាវាកម្ពុជា ចូលក្នុងសោកនាដកម្ម មិនអស់ចិត្តអាមេរិកគាំទ្រខ្មែរក្រហម បន្តវាយប្រយុទ្ធប្រឆាំងនឹងការរស់រានរបស់ប្រជាជនកម្ពុជា រហូតដល់មាន កិច្ចព្រមព្រៀងសន្តិភាព។
អាមេរិកមិនដែលសុំទោសខ្មែរមួយមាត់លើសោកនាដកម្មនេះឡើយ ហើយឥឡូវនេះអាមេរិក នៅតែបន្ត មហិច្ឆតាបំផ្លាញខ្មែរដដែល! តែទោះកម្ពុជាជាប្រទេសតូច កម្ពុជានឹងតស៊ូប្រឆាំងការប៉ុនប៉ងបំផ្លាញកម្ពុជា របស់ក្រុមជនក្បត់ជាតិមួយក្រុមតូច និងបរទេសអាងអំណាច !។
បើតាមការមើលឃើញសភាពការណ៍ដ៏សែនអាក្រក់នៅកម្ពុជា ដូចដែលស្ថានទូតអាមេរិកបាន ចេញសេចក្តី ថ្លែងការណ៍ឱ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្ន នៅក្នុងការធ្វើដំណើរ ឬស្នាក់នៅកម្ពុជានោះ អាមេរិកគួរតែយក ឧទ្ធម្ភាកចក្រមកដឹកពលរដ្ឋរបស់ខ្លួនចេញពីកម្ពុជា ដូចដែលខ្លួនធ្លាប់បានធ្វើកាលពីខែមេសា ឆ្នាំ១៩៧៥។ តែនេះសាលារៀនអាមេរិកាំង ស្ថាប័នអាមេរិកាំង ជាពិសេសស្ថានទូតអាមេរិក នៅបន្តបើកទ្វាររនៅកម្ពុជាទេតើ ! ស្ថានទូតអាមេរិកហាក់ដូចជា ទុទិដ្ឋិនិយមហួសហេតុ ឬមួយជាចេតនា ?៕

(សារពីអ្នកដែលរងគ្រោះដោយសារចក្រព័ទ្ធតាំងពីឆ្នាំ១៩៧០ម្នាក់)





No comments:

Post a Comment