Thursday, May 30, 2024

«មហាវិថី ស៊ី ជីនពីង» ជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន


«មហាវិថី ស៊ី ជីនពីង» (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ នឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។


សូមជម្រាបជូនថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង»។


បើតាម ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការប្រសិទ្ធនាម កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង» នឹងក្លាយជាសក្ខីភាពថ្មីមួយថែមទៀតបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចារិកទុកជាអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្ត និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមនូវកិត្តិនាម និងកិត្តិស័ព្ទរបស់ ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង រួមទាំងរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិនទាំងអស់ ដែលតែងតែបានគាំទ្រយ៉ាងសកម្មដល់បុព្វហេតុសន្តិភាព ស្ថិរភាព ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។ 


នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ការប្រសិទ្ធនាមនេះ ក៏បានបង្ហាញផងដែរនូវជំនឿជឿជាក់លើចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់រវាង កម្ពុជា-ចិន ដែលជាមិត្តដែកថែប និងត្បូងពេជ្រ ហើយត្រូវបានចារិកជាប់ក្នុងបេះដូងរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នៅគ្រប់ជំនាន់មិនអាចបំភ្លេចបាន៕









No comments:

Post a Comment