Thursday, May 30, 2024

អនុវត្តតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្រ្តីក្រសួងការងារ ជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករឱ្យស្របតាមបទដ្ឋានបច្ចេកទេសនិងផាសុកភាពសម្រាប់ជាប្រយោជន៍ទាំងសម្រាប់កម្មករ និងអ្នកប្រកបរបរដឹកជញ្ជូន



ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព គឺជាការគិតគូររបស់រាជរដ្ឋាភិបាលដើម្បីជួយទៅដល់កម្មករនិយោជិតឱ្យធ្វើដំណើរប្រកបដោយផាសុកភាព និងស្របតាមបទដ្ឋានបច្ចេកទេស ហើយអ្នកប្រកបរបរដឹកជញ្ជូន ក៏នឹងមិនប៉ះពាល់ដល់ចំណូលរបស់ខ្លួនផងដែរ។ ការបញ្ជាក់ដូចនេះគឺក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញបើកសិក្ខាសាលានាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ស្តីពី «ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព» រៀបចំឡើងនៅសណ្ឋាគារភ្នំពេញដោយមានភាគីពាក់ព័ន្ធចូលរួមប្រមាណ៥០០នាក់។


ក្រៅពីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអង្គសិក្ខាសាលាប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានទាំងកម្មករនិយោជិត និយោជក អ្នកប្រកបរបរដឹកជញ្ជូន និងអង្គការដៃគូ ដើម្បីធានាការផ្លាស់ប្តូរមួយដែលគ្រប់ភាគីទទួលយកបាន និងពេញចិត្ត ព្រោះថា មានតែធាតុចូលដែលឈរលើស្មារតីជាក់ស្តែងនិយមដែលមិនប៉ះពាល់ដល់ភាគីណាមួយប៉ុណ្ណោះទេ ទើបធ្វើឱ្យការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតដែលប្រកបដោយបទដ្ឋានបច្ចេកទេស និងផាសុកភាពនេះទទួលបានជោគជ័យ។ 


សូមរំលឹកថា ការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរសមរម្យនេះ គឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍១០ចំណុច ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ ដើម្បីសម្រេចអនុសាសន៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈបេឡាជាតិសន្តិសុខសង្គម បានរៀបចំការពិភាក្សាជាមួយភាគីពាក់ព័ន្ធចំនួន៦លើករួចមកហើយបើគិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ។ 


រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិតជាបានគិតគូររគ្រប់ជ្រុងជ្រោយចំពោះបងប្អូនកម្មករនិយោជិត មិនត្រឹមតែពេលកំពុងធ្វើការ ឬពេលមានបញ្ហាសុខភាពនោះទេ សូម្បីតែពេលបងប្អូនកម្មករនិយោជិតធ្វើដំណើរ ក៏ជាក្តីកង្វល់ដែលរាជរដ្ឋាភិបាលកំពុងផ្តោតយកចិត្តទុកដាក់ខ្លាំងផងដែរ៕




No comments:

Post a Comment