Wednesday, April 19, 2017

UNICEF ៖ កុមារនៅស៊ីរីបាន និងកំពុងរងគ្រោះធ្ងន់ធ្ងរបំផុតក្នុងភ្នក់ភ្លើងសង្គ្រាម ទាំងដែលពួកគេមិនបានដឹងរឿងជម្លោះអ្វីទាល់តែសោះ!

ស៊ីរី ៖ មន្ត្រីអ្នកនាំពាក្យជាន់ខ្ពស់នៃអង្គការ UNICEF បានរៀបរាប់ពីស្ថានភាពដ៏អាក្រក់បំផុត ដែលបានកើតឡើងលើប្រជាជន ជាពិសេសកុមារនៅស៊ីរី បន្ទាប់ពីមានការវាយប្រហារដ៏ប្រល័យមួយ លើក្រុមជនភៀសខ្លួនក្បែរទីក្រុងអាឡេប៉ូ (Aleppo) បានផ្ដាច់យកអាយុជីវិតមនុស្ស ១២៦នាក់ ក្នុងនោះ រួមមានទំាងកុមារ៦៨នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
យោងតាមក្រុមអ្នកឃ្លំាមើលសិទ្ធិមនុស្សនៅក្នុងតំបន់ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែក ទៅលើក្បួនរថយន្ដដឹកជនភៀសខ្លួនរាប់រយនាក់កាលពីសប្ដាហ៍មុន បានសម្លាប់មនុស្ស១២៦នាក់ ក្នុងនោះរួមមានទាំងកុមារ៦៨នាក់ផងដែរ។ ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺមានសេចក្ដីរាយការណ៍មួយចំនួនអះអាងថា កុមារបាន ក្លាយជាគោលដៅនៃការវាយប្រហារនៅក្នុងប្រទេសស៊ីរី។
ដោយឡែកជុំវិញបញ្ហានេះដែរ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Russian Today អ្នកនាំពាក្យអង្គការ UNICEF ប្រចាំប្រទេសហ្ស៊កដានី លោក Malene Jenson បានបញ្ជាក់ថា «បើទោះជាមិនទាន់មានព័ត៌មានជាក់លាក់បង្ហាញថា កុមារស៊ីរី បានក្លាយជាគោលដៅនៃការវាយប្រហារក៏ដោយ ក៏គេតែងតែឃើញជារឿយៗថា កុមារទំាងនេះបានស្ថិតនៅក្នុងចំណោមជនរងគ្រោះ នៃការវាយប្រហារដោយបំផ្ទុះគ្រាប់បែក ឬក៏ការវាយប្រហារតាមផ្លូវអាកាសជាដើម ពោលបើនិយាយឱ្យចំ កុមារស៊ីរីបាន និងកំពុងទទួលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារតែជម្លោះ ដែលពួកគេមិនមែនជាអ្នកបង្កឡើង និងមិនដឹងថា ថ្ងៃណាត្រូវបញ្ចប់នោះឡើយ»។
គួរបញ្ជាក់ថា បើតាមលោក Malene Jenson កាលពីឆ្នាំ២០១៦ កុមារស៊ីរី ៦៥២នាក់ បានស្លាប់ ក្នុងនោះ២៥៥នាក់បានបាត់បង់ជីវិតនៅក្បែរ ឬនៅក្នុងសាលារៀនរបស់ពួកគេតែម្តង ដែលវាជារឿងដ៏គួរឱ្យខ្លោចផ្សាបំផុតចំពោះសង្គ្រាមនៅក្នុងប្រទេសស៊ីរី៕



No comments:

Post a Comment