Wednesday, April 19, 2017

ហេតុអ្វីបញ្ហាសមុទ្រចិនខាងត្បូងនៅតែមិនស្ងប់ស្ងាត់?

ជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូងនៅក្នុងចំណោមប្រទេសជាច្រើនកំពុងបន្តអស់រយៈ ពេលជាច្រើនទសវត្សរ៍ ប៉ុន្តែ ភាពតានតឹងបាន និងកំពុងកើនឡើងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
បញ្ហាជាច្រើនទាំងអស់នេះបានបង្កឡើងដោយអ្វីដែលគេយល់ឃើញថាជាការក្រអឺតក្រទោមកាន់តែខ្លាំងរបស់ចិននៅក្នុងការទាមទារទឹកដីរបស់ខ្លួន ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៩ ដោយការបង្ហាញផែនទីរបស់ខ្លួនដល់អង្គការសហប្រជាជាតិ។ ផែនទីនេះបានបង្ហាញអំពីការទាម​ទាររបស់ខ្លួនសឹងតែទាំងអស់នៅសមុទ្រចិនខាងត្បូង ដែលតំណាងដោយខ្សែបន្ទាត់រាងអក្សរអ៊ុយ ដែលមានប្រាំបួនចំណុច។
បញ្ហានេះធ្វើឲ្យចិនមានជម្លោះប្រទាញប្រទង់គ្នាយ៉ាងច្បាស់ជាមួយបណ្តាប្រទេសផ្សេងទៀតដែលទាមទារទឹកដីនៅសមុទ្រចិនខាងត្បូងដែរ រួមមាន តៃវ៉ាន់ និងរដ្ឋជាសមាជិកអាស៊ាន ដូចជា ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម។
គេនៅមិនទាន់ដឹងច្បាស់ថាតើចិនគ្រាន់តែទាមទារយកផ្ទាំងថ្ម ថ្មប៉ប្រះទឹក និងកូនកោះ ព្រមទាំងតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលមានចម្ងាយ ២០០ មៃយ៍ ឬតំបន់ទាំងមូលនៅក្នុងខ្សែបន្ទាត់ ដែលមានរាងអក្សរអ៊ុយ។ តំបន់សេដ្ឋកិច្ចផ្តាច់មុខគឺជាទំហំផ្ទៃទឹក និងបាតសមុទ្រនៅក្នុងចម្ងាយ ២០០ មៃយ៍នៃឆ្នេរសមុទ្ររបស់ប្រទេសមួយ ដែលប្រទេសនោះអាចទាមទារសិទ្ធិផ្តាច់មុខសំរាប់ ការនេសាទ និងសំរាប់សកម្មភាពសេដ្ឋកិច្ចផ្សេងទៀត។
ការទាមទាររបស់តៃវ៉ាន់គឺស្រដៀងគ្នាជាមួយការទាមទាររបស់ចិន ព្រោះការទាមទារនោះ គឺផ្អែកលើផែនទីផ្លូវការឆ្នាំ ១៩៤៧ ដូចគ្នា។ ក៏ប៉ុន្តែ ការទាមទាររបស់ខ្លួនគឺសំដៅលើសណ្ឋានដី នៅក្នុងខ្សែបន្ទាត់ដែលមានរាងអក្សអ៊ុយ រួមមានប្រជុំកោះ Spratly ប្រជុំកោះ Paracel ប្រជុំកោះ Pratas ច្រាំងសមុទ្រ Macclesfield និងតំបន់ទឹករាក់ Scarborough Shoal ។
ប្រ៊ុយណេ និងម៉ាឡេស៊ីទាមទារផ្នែកមួយចំនួននៃប្រជុំកោះ Spratly ដែលត្រួតស៊ីគ្នាជាមួយ ការទាមទាររបស់ចិន តៃវ៉ាន់ និងហ្វីលីពីន។
វៀតណាមទាមទារយកកូនកោះទាំងអស់នៅប្រជុំកោះ Spratly និង នៅប្រជុំកោះ Paracel ចំណែកឯហ្វីលីពីនទាមទារយកប្រជុំកោះ Spratly និងតំបន់ទឹករាក់ Scarborough Shoal សឹងតែទាំងអស់ ។
ប្រទេសភាគច្រើនដែលទាមទារទឹកដីកំពុងកាន់កាប់ថ្មប៉ប្រះទឹក និងកោះមួយចំនួន ដែល ខ្លួនទាមទារ ដោយប្រទេសខ្លះមានបន្ទាយយោធានៅលើសណ្ឋានដីទាំងនោះ។
ថ្វីត្បិតថាឥណ្ឌូណេស៊ីមិនមានការទាមទារអ្វីនៅក្នុងតំបន់ដែលមានជម្លោះទាំងនេះក្តី តែការ​ទាមទាររបស់ចិនដែលផ្អែកលើខ្សែបន្ទាត់ដែលមានប្រាំបួនចំណុចរបស់ខ្លួនត្រួតស៊ីគ្នា ជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រជុំកោះ Natunas Islands របស់ឥណ្ឌូណេស៊ី។
ចិនបានចាប់ផ្តើមការងារសាងសង់នៅលើសណ្ឋានដីមួយចំនួននៅប្រជុំកោះ  Spratly ដូច ដែលគេមើលឃើញនៅក្នុងរូបភាពផ្កាយរណបនៅលើថ្មប៉ប្រះទឹក Fiery Cross Reef និងថ្មប៉ប្រះទឹក Mischief Reef ។
ហេតុអ្វីប្រទេសទាំងនេះឈ្លោះគ្នាដណ្តើមយកផ្ទាំងថ្ម ថ្មប៉ប្រះទឹក និងកូនកោះដ៏សោះក្រោះទាំងនេះ ដែលគ្មានមនុស្សរស់នៅ?
ដែនទឹកនៅជុំវិញប្រជុំកោះទាំងនេះគឺសំបូរទៅដោយត្រី និងសត្វសមុទ្រជាច្រើន និង ផ្តល់ មុខរបបចិញ្ចឹមជីវិតដល់ប្រជានេសាទរបស់ប្រទេសទាំងនេះ។ ការទាមទារយកកោះទាំងនេះគឺ ជាការទាមទារយកតំបន់នេសាទនៅជុំវិញកោះទាំងនេះ។
ជាមួយគ្នានេះ ក៏មានកំណប់ប្រេង និងឧស្ម័ននៅក្រោមបាតសមុទ្រនៃតំបន់មានជម្លោះ ទាំងនេះផងដែរ ទោះបីជាធនធានទាំងនេះមិនមានច្រើននៅប្រជុំកោះ Spratly និងប្រជុំកោះ Paracel ក៏ដោយ នេះយោងតាមរដ្ឋបាលព័ត៌មានឋាមពលរបស់សហរដ្ឋអាមេរិក (US Energy Information Administration -EIA)។ ការវិភាគរបស់រដ្ឋបាល EIA បានបង្ហាញថា ទីតាំងភាគច្រើន ដែលមានប្រេង និងឧស្ម័នធម្មជាតិស្ថិតនៅក្នុងតំបន់ប្រទាញប្រទង់គ្នានៅសមុទ្រចិនខាងត្បូង គឺនៅគៀកនឹងព្រំប្រទល់នៃប្រទេសដែលនៅជាប់សមុទ្រ។
យោងតាមរដ្ឋបាល EIA សរុបទាំងអស់ សមុទ្រចិនខាងត្បូងមានប្រេងប្រមាណ ១១ ពាន់ លានធុង និងឧស្ម័នធម្មជាតិប្រមាណ ១៩០ ទ្រីលានហ្វូតគីប (190 trillion cubic feet) ដែលបរិមាណនេះសឹងតែស្មើនឹងប្រេងបំរុងទាំងអស់របស់ប្រទេសម៉ិចស៊ិចកូ។
តើសមុទ្រចិនខាងត្បូងមានសារៈសំខាន់អ្វីទៀត?
សមុទ្រចិនខាងត្បូងគឺជាផ្លូវទឹកដ៏មមាញឹកជាងគេមួយនៅលើពិភពលោក ដែលពាណិជ្ជកម្មពិភពលោកឆ្លងកាត់ជារៀងរាល់ឆ្នាំ ដោយមានទឹកប្រាក់ជាង ៥ ទ្រីលានដុល្លារសហរដ្ឋអាមេរិក ឬស្មើនឹងមួយភាគបីនៃពាណិជ្ជកម្មនៅលើពិភពលោក។ ការដឹកជញ្ជូនប្រេងជាច្រើនទៅកាន់ ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងក៏ឆ្លងកាត់ផ្លូវទឹកនេះផងដែរ។  ចំពោះប្រទេសទាំងនេះ ការរក្សាផ្លូវសមុទ្រនេះឲ្យនៅបើកចំហរ និងរួចផុតពីការរាំងខ្ទប់ណាមួយគឺមានសារៈសំខាន់បំផុត។
ចិនមានការព្រួយបារម្ភជាពិសេសអំពីការបិទច្រកផ្លូវនេះ ព្រោះមានសម្ព័ន្ធមិត្តរបស់អាមេរិកនៅភាគខាងកើតរបស់ខ្លួន ដូចជា ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន ហើយ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកមានឧត្តមភាពជាយូរមកហើយនៅលើដែនទឹកនៅក្នុងតំបន់នេះ៕


No comments:

Post a Comment