Wednesday, April 19, 2017

លោក អ៊ី ឈាន ផ្តល់បទពិសោធន៍ដល់សិស្សនាយនគរបាល នាយនគរបាលរង ក្នុងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល លើកទី១ នាសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង លោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានធ្វើបាឋកថា ផ្តល់បទពិសោធន៍ ដល់សិស្សនាយនគរបាល នាយនគរបាលរង ក្នុងវគ្គបណ្តុះបណ្តាលកម្រិត បឋមវិជ្ជាជីវៈនគរបាល លើកទី១ ចំនួន ២៧០នាក់។
ថ្លែងក្នុងឱកាសនោះ លោក អ៊ី ឈាន បានកោតសរសើរដល់គណៈគ្រប់គ្រងសាលាវឹកវើននគរបាល លោកគ្រូ អ្នកគ្រូ ដែលបានបណ្តុះបណ្តាលដល់សិក្ខាកាមកម្មសិក្សាកំរិតបឋមនគរបាលនាពេលនេះ គឺបានឆ្លើយតប គោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះដែរ លោកបានបន្តបាឋកថា ផ្តល់ជាបទពិសោធន៍ដល់សិស្សនាយនគរបាល នាយនគរបាលរង ទាំងអស់ដោយលោក បានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្មួយៗសិក្ខាកាមទាំងអស់ពីមុន ជាជនស៊ីវិលបាន ក្លាយមកជាមន្រ្តីនគរបាល ដែលមានលក្ខណៈសម្បត្តិសាកសម ជាមន្រ្តីនគរបាលជាតិប្រកបដោយ ចំណេះដឹងវិជ្ជាជីវៈ ដូច្នេះសូមក្មួយៗទាំងអស់ ត្រូវយកចំណេះជំនាញនៅពេលនេះ ទៅប្រើប្រាស់ឱ្យ
មានប្រយោជន៍ ដល់អង្គភាពការងារ និងមនុស្សទូទៅក្នុងសង្គម ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពតួនាទី ភារកិច្ច កាតព្វកិច្ចរបស់កងនគរបាល និងមានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាប់ គោរពវិន័យ និងសិទ្ធិមនុស្ស មានអាកប្បកិរិយាល្អក្នុងការងារ ធ្វើជាអ្នកផ្តល់សេវា សាធារណៈដ៏ស្មោះត្រង់ជូនប្រជាពលរដ្ឋ និងចូលរួមថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ធានាបាន នូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ប្រកបដោយចិរភាពជូនប្រជាជន និងសង្គមជាតិរបស់យើង។

ទន្ទឹមនឹងនោះក្នុងការអនុវត្តតួនាទី ភារកិច្ច សូមក្មួយៗត្រូវមានអំណត់អត់ធ្មត់ខ្ពស់ តស៊ូ ព្យាយាម មានសាមគ្គីភាពផ្ទៃក្នុងល្អក្នុងអង្គភាព មានភាពស្មោះត្រង់ គោរពបទបញ្ជាដោយការទទួលខុសត្រូវ ដើម្បីប្រែក្លាយខ្លួនទៅជាអ្នកបន្តវេនប្រកបដោយក្រមសីលធម៌ បទពិសោធន៍ និងចំណេះដឹងវិជ្ជាជីវៈ ផងដែរ៕



No comments:

Post a Comment