Wednesday, April 19, 2017

ហ្វេសប៊ុកចៅចាក់ស្មុក៖ ទឹកភ្នែកក្រពើ (Tears of Crocodile)

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា «ទឹកភ្នែកក្រពើ (Tears of Crocodile)» ដែលមានខ្លឹមសារដូចខាង​ក្រោម៖

ខណៈរាស្ត្រខ្មែរឈឺចាប់នឹងថ្ងៃទី១៧ មេសា ឆ្នាំ ១៩៧៥ ជាថ្ងៃឡើងកាន់អំណាចរបស់ក្រុមខ្មែរ ក្រហម និងជាថ្ងៃនាំមកនូវការបាត់បង់សាច់ញាតិ និងជាថ្ងៃនៃការចាប់ផ្តើមវាលពិឃាតនៅកម្ពុជា ម្សៀរ សម រង្ស៊ី បានចេញមកសម្តែងតួជាជនរងគ្រោះ យំយែកនឹកអាណិតដល់ជនរងគ្រោះ​ខ្មែររាប់លាននាក់ ធ្វើដូចឯងនេះគិតគូរដល់ពួកគាត់ខ្លាំងណាស់។ តាមពិត ម្សៀរ សម រង្ស៊ី គ្រាន់តែសម្តែងជាស្រណោះស្រណោកប៉ុណ្ណោះនៅពេលនេះ។ ចុះពេលដែលរាស្ត្រខ្មែរទាំងនគរ កំពុងរងគ្រោះដោយការជម្លៀសចេញពីផ្ទះសម្បែង ខ្មែរក្រហមចាប់បង្ខំ ឱ្យធ្វើការងារយ៉ាងលំបាកវេទនា គ្មានថ្នាំព្យាបាល គ្មានម្ហូបអាហារបរិភោគគ្រប់គ្រាន់ តើសម រង្ស៊ី និងក្រុមអ្នកសង្គ្រោះជាតិដែលតាំងបច្ចុប្បន្ននេះស្រែកក្តែងៗថាខ្លួនជាអ្នក ស្នេហាជាតិ ស្នេហាប្រជាជននៅឯណា?

បើ សម រង្ស៊ី វិញ សម្ងំលាក់ខ្លួនសន្សំសុខនៅឯស្រុកបារាំង រស់នៅយ៉ាងហ៊ឺហារក្នុងជីវិតជាអភិ ជន ខណៈខ្មែរនៅក្នុងស្រុករងទុក្ខវេទនា គ្មានអ្វីហូប តែម្សៀរ សម រង្ស៊ី បរិភោគសុទ្ធតែហ្សាំប៊ុង ប៊័រ បន្លែ សាច់ហូរហៀរ គ្មានហ៊ានក្អកអ្វីបន្តិចឡើយ។ ទើបឥឡូវចេញមកធ្វើសម្តែងជាអ្នកអាណិតអាសូរ យំសោកបោកខ្លួនចំពោះមុខជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតរាប់លាននាក់ និងអ្នករស់រានមានជីវិតទៅវិញ និងប្រកាសខ្លួនជាអ្នកសង្គ្រោះជាតិក្នុងពេលស្រុកមានសុខសន្តិភាព និងការអភិវឌ្ឍទៀត។ ពិតជាមិនខ្មាស់សាកសពជនរងគ្រោះខ្មែរមែន! នេះពិតជាដូចចម្រៀងខ្មែរយើងថា ក្របីៗ ស៊ីស្រូវ បងមិនសូវៗ ហ៊ានដេញ ក្របីដើរចេញមកដេញឱ្យស្រីមើល!

របបខ្មែរក្រហមក៏ត្រូវបានគេដឹងថាអាចឡើងកាន់អំណាចបានមួយផ្នែកដោយបានប្រើមនោគមន៍វិជ្ជាប្រឆាំងនឹងវៀតណាម ប្រឆាំងនឹងចក្រពត្តិអាមេរិក ដុតបញ្ឆេះកំហឹងវណ្ណៈសង្គម បង្កការស្អប់ខ្ពើមរវាងអ្នកក្រ និងអ្នកមានវណ្ណៈអភិជន វណ្ណៈសក្តិភូមិដើម្បីឡើងគ្រប់គ្រងអំណាច។ ក្រុមខ្មែរក្រហមបានបញ្ឆេះកំហឹងរាស្ត្រដោយចោទរបបសាធារណរដ្ឋ លន់ នល់ ថាមហាពុករលួយ និងបានកំណត់ជនក្បត់ជាតិ ៧ នាក់ត្រូវសម្លាប់ចោលទៀត។ ចាប់តាំងពីបង្កើតបក្សនយោបាយនៅឆ្នាំ ១៩៩៥ បន្តរហូតមកទល់នឹង ពេលនេះ សម រង្ស៊ី និងក្រុមជ្រុលនិយមរបស់ខ្លួនបានប្រើប្រាស់មនោគមន៍វិជ្ជាខ្មែរក្រហមដើម្បីបំពេញនូវ មហិច្ឆតាអំណាចរបស់ខ្លួន។

ស្រែកថាប្តូរ ប្តូរ ប្តូរ! ដូចទសវត្សរ៍ឆ្នាំ ១៩៧០ ដែរ ប៉ុន្តែលទ្ធផលនៃការផ្លាស់ប្តូរដែលពលរដ្ឋខ្មែរភាគច្រើនបានគាំទ្រនេះបានទាញទម្លាក់កម្ពុជាទៅក្នុងសោកនាដកម្មដ៏សោកសៅ និងអ្នកគាំទ្រការផ្លាស់ប្តូរខ្លួនឯងក៏ត្រូវរងគ្រោះដល់អាយុជីវិតប្រទេសជាតិបានធ្លាក់ក្នុងវិនាសកម្មដ៏គួរឱ្យភ័យខ្លាច។ ឥឡូវនេះ ពាក្យប្តូរ!ប្តូរ!ប្តូរ! នេះកំពុងតែត្រូវបានបក្សព្រះអាទិត្យយកមកប្រើជាថ្មីម្តងទៀតក្នុងបរិបទដដែល គឺការផ្លាស់ប្តូររបបដឹកនាំមួយក្រោមខ្សែញាក់របស់បរទេស។ ដើម្បីចំណេញនយោបាយ ម្សៀរ សម រង្ស៊ី មិនខ្មាស់អៀននឹងបរិហារកេរ្តិ៍ប្រទេសរបស់ខ្លួនឡើយ ភាសាដែលម្សៀរនេះនិយាយទៅកាន់បរទេសគឺខ្មៅងងឹត អំពាវនាវឱ្យបរទេសកាត់ជំនួយបញ្ឈប់ការបញ្ជាទិញផលិតផលវាយណភ័ណ្ឌដាក់សម្ពាធនយោបាយជាដើម។ ចំណែកនៅក្នុងស្រុកវិញ ម្សៀរ រង្ស៊ី ដើរតួ ជាអ្នកជួយសង្គ្រោះ គិតគូរផលប្រយោជន៍រាស្ត្រ ប៉ុន្តែធាតុពិតគឺក្នុងកលល្បិចនយោបាយមួយដោយប្រើប្រាស់អ្នកគាំទ្រខ្លួនជាខែលដើម្បីក្តោបក្តាប់អំណាច។

មិនខុសពីខ្មែរក្រហម ម្សៀរ សម រង្ស៊ី មេបក្សព្រះ អាទិត្យស្រមោល បានថ្លែងដោយកំហឹងថា បក្សព្រះអាទិត្យនឹងមិនអត់ឱនឱ្យមន្ត្រីគណបក្សប្រជាជន ឬឱកញ៉ា មហាសេដ្ឋីឡើយ ពេលខ្លួនឡើងគ្រប់គ្រងអំណាចដឹកនាំប្រទេសនឹងចាប់អ្នកទាំងនោះយកទៅកាត់ទោស មិនឱ្យរួចខ្លួនម្នាក់ណាឡើយ។ នេះផ្ទុយពីទ្រឹស្តី «មិនយកខ្មែរណាម្នាក់ជាសត្រូវ» នោះទេតែ ជាទ្រឹស្តី «ទឹកឡើងត្រីស៊ី ស្រមោច ទឹកហោចស្រមោចស៊ីត្រី»។ សូម្បីតែសមាជិកបក្សព្រះអាទិត្យមួយចំនួនក៏បានត្រៀមខ្លួនរួចជាស្រេចធ្វើជា «ស្រមោច និងត្រី» គ្រប់កាលៈទេសៈរួចទៅហើយ។

ដល់ពេលមិនអាចប្រកែកបាន មិនអាចបំភ្លៃប្រវត្តិសាស្ត្របាន ម្សៀរ សម រង្ស៊ី ចាប់ផ្តើមអើតមកទទួលស្គាល់នូវរឿងរ៉ាវទុក្ខសោករបស់ខ្មែរដែលរងគ្រោះដោយរបបខ្មែរក្រហម ហើយបានហៅសហរដ្ឋអា មេរិកថា «ចក្រពត្តិអាមេរិក» តែនៅតែមិនហ៊ានថ្កោលទោសសហរដ្ឋអាមេរិកដែលទម្លាក់គ្រាប់បែកជិតបីលានតោនមកលើទឹកដីកម្ពុជា សម្លាប់មនុស្សរាប់រយពាន់នាក់ និងបន្សល់ទុកនូវកាកសំណល់សង្គ្រាម រហូតមកទល់សព្វថ្ងៃ ហើយបានសម្លាប់ជីវិត និងបង្ករបួស​ស្នាមដល់មនុស្សសត្វស្ទើររាល់ថ្ងៃ និងក៏មិន ចេញវាចាអ្វីបន្តិចលើការស្នើឱ្យលុបបំណុលដែលរបបសាធារណរដ្ឋខ្មែរ លន់ នល់ ជំពាក់អាមេរិកក្នុងការ ចំណាយលើសង្គ្រាមដែរ។ ថ្កោល​ទោសម្តេចនឹងកើត ស្នើឱ្យលុបបំណុលម្តេចទៅរួច បើសម រង្ស៊ី និងគូរកន របស់ខ្លួនគឺជាកូនជឹងរបស់អាមេរិកហើយហ្នឹង! ចុះបើអាមេរិកជាឪរបស់បក្សប្រឆាំងទៅហើយ ម៉េចនឹង ហ៊ានក្អក គ្រាន់តែហៅអាមេរិកថា «ចក្រពត្តិ» ប៉ុណ្ណេះ មិនដឹងជាផ្ញើសារសុំទោសមេរបស់ខ្លួនប៉ុន្មានដង នោះទេ។

គេនៅចាំបានថានៅអំឡុង ខែកក្កដា ឆ្នាំ ១៩៩៧ នៅពេលដែលរដ្ឋសភាពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ដាក់ក្រុមខ្មែរក្រហមឱ្យនៅក្រៅច្បាប់ សម រង្ស៊ី ដែលជាចេញមកពីក្រុមសម្ព័ន្ធមិត្រខ្មែរក្រហម បានចេញមកជំទាស់នឹងច្បាប់នេះ ខណៈពេលនោះខ្មែរក្រហមបានប្រើ​សង្គ្រាមឈ្លបដើម្បីបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា សហគមន៍អន្តរជាតិដើម្បីនាំនាវាកម្ពុជាទៅរកកោះសន្តិភាពមួយពិតប្រាកដ។

តើហេតុអ្វីបានជា សម រង្ស៊ី ប្រឆាំងនឹងច្បាប់ដាក់ខ្មែរក្រហមឱ្យនៅក្រៅច្បាប់នៅពេលនោះ? មានតែរង្ស៊ី ខ្លួនឯងទេដែលដឹងពីចម្លើយដ៏ពិតប្រាកដនេះ!! ដូច្នេះការមកយំស្រែកបោកខ្លួនបង្ហូរទឹកភ្នែកអាណិតជនរងគ្រោះខ្មែរពេលនេះ ទឹកភ្នែកនេះគឺគ្រាន់តែជាទឹកភ្នែកក្រពើតែប៉ុណ្ណោះ!!

ដោយ៖ ចៅ ចាក់ស្មុក


No comments:

Post a Comment