Wednesday, April 19, 2017

ក្រសួងទេសចរណ៍៖ ឱកាសចូលឆ្នាំខ្មែរនេះ ភ្ញៀវទេសចរណ៍ដើរកម្សាន្តទូទាំងប្រទេស ជាង៤លាននាក់ ចាយលុយអស់២០០លានដុល្លារអាមេរិក

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលចេញដើរកម្សាន្តនៅទូទាំងប្រទេស មានចំនួនជាង៤លាននាក់ ដោយបានចំណាយលុយអស់​ប្រមាណ២០០លានដុល្លារអាមេរិក។  នេះ បើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះ។

លោករដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះថា «ឱកាសចូលឆ្នាំខ្មែរនេះ ភ្ញៀវទេសចរដែលបានដើរកម្សាន្តទូទាំងប្រទេសមានចំនួន ៤,១៨៩,៧៥១នាក់ កើន៣៣.៦% និងទេសចរអន្តរជាតិ ៦៥,៦៩៤នាក់ កើន៦.៦% ចំណាយលុយអស់ប្រមាណ ២០០លានដុល្លារអាមេរិក»។

បើតាមក្រសួងទេសចរណ៍ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចំនួន ២៦,៣១៤នាក់។ ខេត្តសៀមរាប និងខេត្តជុំវិញ ទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចំនួន ១,១៨២,៦០៦នាក់។ ខេត្តជាប់សមុទ្រ ទទួលបាន​ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចំនួន ២២៧,០៥៦នាក់។ ខេត្តភាគខាងជើង ទទួលបានភ្ញៀវ ទេសចរណ៍ជាតិ-អន្តរជាតិចំនួន ១៨១,៧៧៩នាក់។ ខេត្តបាត់ដំបង និងខេត្តជុំវិញ ទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចំនួន ៤៩១,០៣០នាក់។ ចំណែកខេត្តផ្សេងទៀត ក៏ទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចំនួន ៨០៣,១៤៩នាក់ដែរ៕


No comments:

Post a Comment