Wednesday, April 19, 2017

ក្រសួង​កសិកម្ម​គ្រោង​ធ្វើ​វិសោធន​កម្មច្បាប់​ចំនួន​​បីនៅ​ក្នុងច្បាប់ជល​ផលឆ្នាំ២០០៦​

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានមានប្រសាសន៍ថា ក្រសួងគ្រោងធ្វើវិសោធនកម្មច្បាប់ចំនួនបីមាត្រា នៅក្នុងច្បាប់ជលផលឆ្នាំ២០០៦ ដើម្បីចូលរួមការពារធនធានមច្ឆាជាតិរបស់កម្ពុជាឲ្យកាន់បានគង់វង្ស។

លោក វេង សាខុន បានបញ្ជាក់ថា មាត្រាដែលនឹងធ្វើវិសោធនកម្មនេះគឺពាក់ព័ន្ធនឹងការបង្រួមនូវការប្រើប្រាស់ឧបករណ៍នេសាទរបស់ប្រជានេសាទឲ្យមកនូវតូច ជៀសវាងការប៉ះពាល់ដល់ធនធានមច្ឆាជាតិនៅក្នុងបឹងទន្លេសាប។
សូមជម្រាបផងដែរថា ក្រោយកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ នាទីស្តីការក្រសួងមហាផ្ទៃ លោក វេង សាខុន បានឱ្យដឹងថា ក្រោយធ្វើវិសោធនកម្មនេះរួចការទប់ស្កាត់ឧបករណ៍នេសាទ ខុសច្បាប់នឹងមានប្រសិទ្ធិភាព ហើយធនធានត្រីនឹងមានការកើនឡើង។
លោក បន្តថា មាត្រាដែលនឹងធ្វើវិសោធនកម្មរួមមាន៖ មាត្រា៤១,៤២ និង៤៣ ហើយគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹង ទន្លេសាបនឹងធ្វើការជជែកពិភាក្សាគ្នានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ មុនដាក់ឆ្លងទៅ គណៈរដ្ឋមន្រ្តីធ្វើការពិនិត្យ និងពិភាក្សា ហើយបញ្ជូនទៅរដ្ឋសភាធ្វើការពិភាក្សា និងអនុម័ត។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប បានធ្វើការ បង្រ្កាបបទល្មើសនេសាទបានចំនួន៧៣០លើក និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន១៩ករណី៕


No comments:

Post a Comment