Wednesday, April 19, 2017

ចិនផ្តល់សាកលវិទ្យាល័យឲ្យប្រជាពលរដ្ឋនៅតំបន់ភាគឦសាន្ត ដើម្បីបណ្តុះបណ្តាលជំនាញកសិកម្ម

រដ្ឋាភិបាលប្រទេសចិនបានជួយសាងសង់សាកលវិទ្យាល័យដែលទទួលសិស្ស និស្សិតចំនួន៦០០នាក់ក្នុង១ឆ្នាំៗដើម្បីអភិវឌ្ឍធនធានមនុស្សលើជំនាញកសិកម្ម។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច មានប្រសាសន៍ថា សាកលវិទ្យាល័យនេះ នឹងបើកឲ្យមានការបណ្តុះបណ្តាលលើជំនាញកសិកម្ម ដូចជា៖ ការដាំដុះ បសុសត្វ ការកែច្នៃផលិតផលកសិកម្ម វារីវប្បកម្ម កសិឧស្សាហកម្ម ចាប់ពីកម្រិតជំនាញថ្នាក់ឯកទេស បរិញ្ញាបត្ររង បរិញ្ញាបត្រ និងគ្រោងពង្រីកដល់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅពេលអនាគត។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាប្រគល់ និងទទួលសាកលវិទ្យាល័យក្រចេះ កាលនៅថ្ងៃទី១៨ ខែមេសា លោក អូន ព័ន្ធមុនីរ័ត្នបានបញ្ជាក់ថា ការកកើតនៅសាកលវិទ្យាល័យនេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកំណត់ឲ្យខេត្តមួយ មានសាកលវិទ្យាល័យរដ្ឋមួយដើម្បីធានាដល់ការអភិវឌ្ឍធនធានមនុស្ស និងដើម្បីលើកកម្ពស់ជីវភាពប្រជាជនឲ្យមានចំណូលកម្រិតមធ្យមនៅឆ្នាំ២០៣០។
លោក ងីឡាយ មិថុនា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យក្រចេះ បានឲ្យដឹងថា បន្ទាប់ពី បានទទួលសិទ្ធិគ្រប់ហើយ ខាងសាកលវិទ្យាល័យនឹងសុំគោលការទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើការជ្រើសរើសគ្រូយកមកបណ្តុះបណ្តាលសិស្សជំនាញជាដំណាក់ រហូតដល់ចំនួន៥០នាក់ បន្ទាប់ពីដំណើរបានរយៈពេល៥ឆ្នាំ។
លោកបានឲ្យដឹងទៀតថា សាកលវិទ្យាល័យនេះ អាចទទួលសិស្ស និស្សិតឲ្យចូលរៀនបានចំនួន៦០០នាក់ ក្នុង១ឆ្នាំៗ ពីខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។

លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលប្រទេសចិន ផ្តល់ជំនួយឥតសំណងចំនួន១០លានដុល្លារ ដើម្បីសាងសង់សាកលវិទ្យាល័យនេះ ដែលឆ្លើយ តបទៅនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ សូមជម្រាបផងដែរថា សាកលវិទ្យាល័យនេះ មានទីតាំងនៅក្រុងក្រចេះ ដែលសាងសង់អស់ថវិកាសរុប១២លានដុល្លារអាម៉េរិក នៅលើផ្ទៃដីមានទំហំ៩៩ហិកតា ដោយមានអគារសិក្សា ការិយាល័យស្រាវជ្រាវ បន្ទប់ពិសោធន៍ សួនដាំដុះដំណាំ ជាដើម៕



No comments:

Post a Comment