Thursday, November 05, 2015

សម្តេចតេជោ៖ ស្ថានភាពទីក្រុងភ្នំពេញកាន់តែមានការប្រែប្រួល

ក្នុងឱកាស​សម្ពោធ ​គម្រោងការពារ​ទឹកជំនន់ និ​ងកែលំអប្រព័ន្ធ​ប្រឡាយលូ ​ជំហានទី៣ ​ក្នុងរាជធានីភ្នំពេញ ​នៅថ្ងៃទី ​០៥ ខែវិច្ឆិកា ​ឆ្នាំ២០១៥នេះ ​សម្តេចតេជោ ​បានលើក​ឡើងថា ​ក្នុងរាជ​ធានីភ្នំពេញ​បានជួបប្រទះ​បញ្ហាកកស្ទះ៣​យ៉ាងធំៗ​ ដែលចាំបាច់​ត្រូវដោះស្រាយ៖​ គឺកកស្ទះ​ជំនន់ទឹកភ្លៀង​ កកស្ទះសំរាម​ និងកកស្ទះ​ចរាចរ​ ហើយសមិទ្ធ​ផលនៅថ្ងៃនេះ ​គឺមានវិសាល​ភាពគ្របដណ្តប់​លើតំបន់មួយ​ចំនួន ​ដើម្បីរំដោះទឹ​កចេញពីទី​ក្រុងភ្នំពេញ ​ដើម្បីកាត់ ​បន្ថយការលិច​ក្នុងពេលភ្លៀងខ្លាំង​។
សម្តេចតេ​ជោរំលឹកថា «កាលពីឆ្នាំ១៩៧៩ និង១៩៨០​ស្ថានភាពកក​ស្ទះទាំងបីនេះ មិនសូវមាន​ទេ ទោះបីពី១៩៧​៩មក មាន​ភ្លៀងហើយលិ​ចកន្លែងខ្លះ តែមិនសូវប៉ះ​ពាល់ទេ ព្រោះមិន​សូវមាន​ ប្រជាជនរស់​នៅច្រើន និ​ងអត់មាន​ឡាន ដូច្នេះ​វាអត់ស្ទះចរា​ចរទេ។ តែឥឡូវនេះ​ឲ្យតែមាន ស្ទះទឹកកន្លែងណា មួយគឺស្ទះចរាច​រកន្លែងនោះតែម្តង» សម្តេចបាន​បន្ថែមថា ​ជប៉ុនបានចូលរួម​ចំណែកដោះស្រាយ​បញ្ហាទាំងអស់នេះ ​ជាបន្តបន្ទាប់ ​ពិសេសគឺប្រ​ព័ន្ធលូ ​នេះឯង។ ​សម្តេចតេជោ ​ហ៊ុន សែន ​បានលើកឡើងថា «បើយើង​សំលឹងមើល ពីទីក្រុងមួយ ដែលស្លាប់​ទៅហើយ ហើយចាប់​ផ្តើមរស់ឡើងវិញ​ ជាមួយនិង​ការខិតខំ​ដោយបាតដៃទទេ ពីពលរដ្ឋរបស់យើ​ង យើងអាចដឹ​ងបានថាកំលាំង​ប្រឹងរបស់យើង​រួមគ្នា នៅ​ពេលនោះគឺខ្លាំង កំរិតណា»។​  សម្តេចតេជោ​គូសបញ្ជាក់ថា «បើយើងកុំផ្តួល​រំលំរបប​ប៉ុលពតឆ្នាំ១​៩៧៩ នៅកន្លែង​នេះ ក្លាយទៅជា​ស្អីពិតប្រាកដ​ ច្បាស់ជាចំការ​ដូងដុះពេញទាំ​ងអស់ ព្រោះតាម​សួនច្បារ​ និងសូម្បីតែ ផ្សារថ្មីក៏សុទ្ធតែ​ដើមដូងដែរ​នៅពេលនោះ។ បើកុំតែយើងផ្តួល​រំលំរបបប៉ុលពត​ ភ្នំពេញនេះ​ មិនមែនជា​ភ្នំពេញដែលមា​នមនុស្សរស់​នៅទេ គឺភ្នំពេញ​ជាចំការដូង។ ​​ប៉ុន្តែបន្ទាប់​ពីរំដោះហើយ​ យើងបានប្រឹង​បន្តិចម្តងៗតាំ​ងពីការស្តារស្ថាន​ភាពសួនច្បារ​ ដើម្បីសម្រួលដ​ល់ការរស់នៅ និងការកំសាន្ត​របស់ប្រជា​ពលរដ្ឋ»
ទោះបីជា​គម្រោងការពារ​ទឹកទំនន់ ​និងកែលំ​អប្រព័ន្ធប្រឡាយ​លូ បានធ្វើជា​បន្តបន្ទាប់ ចាប់ពីជំហានទី​១មកក្តី ​ក៏ប៉ុន្តែសម្តេច​តេជោ អះអាង​ថាដោយសា​រស្ថានភាព ​ភូមិសាស្ត្រដី ​នៅរាជធានីភ្នំពេញទាប ​បើផ្អែកតាម​ការវាស់នីវ៉ូទឹកស​មុទ្រ ដូ​ច្នេះគឺចៀស​មិនផុត ពី​ការគំរាម ​កំហែង​ដោយជំនន់ទឹកភ្លៀង។​ សម្តេចបន្ថែមថា ​ការជន់លិច​ក្នុងកំឡុង​ពេលភ្លៀងខ្លាំងម្តង​ៗ គឺដោយសារប្រព័ន្ធ​លូក្នុងរាជ​ធានីភ្នំពេញ ​ដែលទទួលរង​ទឹកភ្លៀង ​វាមិនគ្រប់ក្នុងការ​រំដោះទឹក ​នេះចេញ ​គឺបើមានធ្លាប់​ពី៨០ ទៅ​១០០មីលី​ម៉ែត្រក្នុងមួយពេល ​គឺទោះបីជា​លូធំប៉ុណ្ណា ​ក៏ត្រូវលិច​មួយភ្លេត​ដែរ។ សម្តេច​បន្តថា ​​មិនថាតែក្រុង​ភ្នំពេញទេ ​ទីក្រុងឡុង ​ទីក្រុងបាងកក ​ក៏លិចដែរ​ ហើយទីក្រុង​ណាក៏លិចដែរ​ សូម្បីតែជប៉ុន​ដែលជាម្ចាស់​ជំនួយនេះក៏​ធ្លាប់លិចដែរ។​ ទោះជាយ៉ាងណា ​សម្តេចតេ​ជោ បានមាន​ប្រសាសន៍ថា​ កាលពីមុន​ភ្លៀងតិចរឺច្រើន ​គឺលិចរហូត ​ប៉ុន្តែឥឡូវនេះ ​គឺប្រសើរ​ជាងមុន គឺទាល់​តែភ្លៀងខ្លាំងបានលិ​ច នេះជាអ្វីដែល​យើងបានធ្វើ ​ពីជំហានទី១ ​មកដល់ជំហានទី៣ ​និងនៅតែបន្ត​ជំហានទី​៤ទៀត៕​


No comments:

Post a Comment