Tuesday, November 07, 2017

គ្រួសារសពកីឡាករ​អុំទូកក្តាមប្រៃ​ បានទទួល​ថវិកា១លានរៀល​ ពីលោក​ឧបនាយករដ្ឋមន្ត្រី ​គង់ សំអុល​

កំពង់ឆ្នាំង៖ លោក សៀត គឹមលៀង អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយសហការី កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះសាកសួរសុខទុក្ខ និងនាំយកថវិការបស់លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ឆ្នាំង ចំនួន១លានរៀល ជូនដល់គ្រួសារសពកីឡាករអុំទូកក្តាមប្រៃ ឈ្មោះ ចាប សាភួន ដល់លំនៅដ្ឋានស្ថិតក្នុងភូមិកំពង់ក្តា ឃុំកំពង់ត្រឡាច ស្រុកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនោះលោក សៀត គឹមលៀង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសព ពីលោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល ដែលកន្លងមក តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដែលជួបការលំបាក និងរងគ្រោះដោយករណីផ្សេងៗ មិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានផ្តាំផ្ញើឲ្យក្រុមគ្រួសារខិតខំថែទាំសុខភាព និងធ្វើយ៉ាងណាអប់រំកូនឲ្យចៀសឆ្ងាយពីគ្រឿងញៀន និងបញ្ជូនកូនទៅសាលារៀនអោយបានគ្រប់គ្នាៗ។

នាឱកាសនោះ តំណាងឲ្យក្រុមគ្រួសារសព ក៏បានថ្លែងអំណរគុណដល់ លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល និងលោក សៀត គឹមលៀង ព្រមទាំងសហការី និងជូនពរឱ្យសូមមានសុខភាពល្អ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ចផងដែរ៕


No comments:

Post a Comment